ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រដាល់​នៃ​ចលនា​អាវកាក់​ពណ៌​លឿង​របស់​បារាំង​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​មួយឆ្នាំ

អតីត​អ្នក​ប្រដាល់​ម្នាក់​ដែល​បាន​ក្លាយ​ជា​វីរបុរស​សម្រាប់​បាតុករ​អាវកាក់​ពណ៌​លឿង​មួយចំនួន​នៅ​ប្រទេស​បារាំង​បន្ទាប់ពី​វាយដំ​មន្ត្រី​ប៉ូលិស​ក្នុង​អំឡុង​បាតុកម្ម​មួយ​គឺ​ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ។

លោក Christophe Dettinger អតីត​ជើងឯក​ប្រដាល់​ទម្ងន់​ស្រាល​ថ្នាក់​ជាតិ​ត្រូវ​បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​នៅ​ថ្ងៃទី​៥​ខែមករា​ថា​បាន​វាយប្រហារ​ទៅលើ​មន្ត្រី​ម្នាក់​ក្នុងអំឡុងពេល​នៃ​ការប៉ះទង្គិច​គ្នា​លើ​ស្ពាន​អាកាស​ថ្មើរជើង​មួយ​លើ​ទន្លេ Seine ក្នុង​ទីក្រុង​ប៉ារីស។

លោក Dettinger អាយុ​៣៧​ឆ្នាំ​ត្រូវបាន​គេ​ឃុំឃាំង​ចាប់តាំងពី​ការប្រគល់​ខ្លួន​បន្ទាប់ពី​ការវាយប្រហារ​នោះ​។ គាត់​បាន​បង្ហាញមុខ​នៅក្នុង​បន្ទប់​សវនាការ​មួយ​កាលពី​ថ្ងៃ​ពុធ​។​

ដោយ​មិន​អើពើ​ចំពោះ​ការអំពាវនាវ​របស់រ​ដ្ឋ​អាជ្ញា​ឲ្យ​មានការ​កាត់ទោស​ធ្ងន់​ជាង​នេះ​, ចៅក្រម​បានផ្តល់​ឲ្យ​លោក Dettinger នូវ​ទោស​ជាប់ពន្ធនាគារ​បើកចំហ​ដែល​នឹង​អនុញ្ញាត​ឲ្យ​គាត់​អាចធ្វើ​ការ​បាន​អំឡុងពេល​ថ្ងៃ​។​

វីដេអូ​នៃ​ឧបទ្ទវហេតុ​នោះ​ដែល​ត្រូវបាន​គេ​ចាក់​ម្តង​ហើយ​ម្តងទៀត​នៅលើ​ទូរទស្សន៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ត្រូវ​បានបង្ហាញ​ជាថ្មី​នៅក្នុង​តុលាការ​ដោយ​ក្នុងនោះ​លោក Dettinger ត្រូវបាន​គេ​មើលឃើញ​វាយ​ប៉ូលិស​ម្នាក់​បន្ទាប់មក​ទា​ត់​ប៉ូលិស​ម្នាក់ទៀត​នៅលើ​ដី​។​

បុរស​កូន​បី​ដែល​មិន​ធ្លា​ប់រង​ការចោទប្រកាន់​ពីមុន​រូបនេះ​បាន​សុំទោស​ចំពោះ​ទង្វើ​របស់គាត់​។​
​លោក Dettinger បាន​ប្រាប់​តុលាការ​ថា “​ខ្ញុំ​ចង់​បញ្ឈប់​ភាពអយុត្តិធម៌​ប៉ុន្តែ​ខ្ញុំ​បាន​បង្កើត​រឿង​មួយទៀត​”​។ គាត់​បាន​សម្តែង​វិប្បដិសារី​ចំពោះ​កំហុសឆ្គង​របស់គាត់​ដែល​គាត់​បាន​និយាយថា បណ្តាលមកពី​កំហឹង​ចំពោះ​អំពើ​ហឹ​ង្សា​ដែល​គេ​ប្រើប្រាស់​ប្រឆាំងនឹង​បាតុករ​។​

គួរ​បញ្ជាក់​ជា​ថ្មី​ថា ចលនា​អាវកាក់​ពណ៌​លឿង​បាន​ចាប់ផ្តើម​ចេញពី​ការដំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ​ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅជា​ការបះបោរ​កាន់តែ​ទូលំទូលាយ​ប្រឆាំង​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​និង​រចនាប័ទ្ម​នៃ​ភាពជា​អ្នកដឹកនាំ​របស់​លោក​ប្រធានាធិបតី Emmanuel Macron៕ AFP