ព័ត៍មានទាន់​ហេតុការណ៏
Search

សាឡា​ត់ ស្រី​ឡាង ប្រកាស​ប្តឹង​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម​LD​ ក្រោយ​ផ្ទុះ​ការ​បកអាក្រាត​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ លោក លៀក លីដា

ភ្នំពេញ​ ៖ តារា​សម្ដែង ​កញ្ញា សាឡា​ត់ ស្រី​ឡាង ស្រប​ពេលដែល​កំពុងមាន​ការ​ទម្លាយ​ជុំវិញ​រឿងរ៉ាវ​ដ៏​អាម៉ាស់​ និង​ភ្ញាក់ផ្អើល​ខ្លាំង​ កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​មាន​ស្ត្រី​ម្នាក់ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម​LD គឺ​ លោក លៀក លីដា  ​ប្រកាស​ទម្លាយ ​គ្មាន​សល់​នូវ​ទង្វើ​លួចលាក់​ មាន​ស្នេហា​ជាមួយ​ លោក លៀក លីដា មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ពេលនេះ ​ក៏​ស្រាប់តែ​តារា​ស្រី​រូបនេះ​ បានប្រកាស​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ។

ផ្អែក​តាម​ការ​បង្ហោះ ​ភ្ជាប់​ជាមួយ​ពាក្យបណ្ដឹង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ​កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​លើកឡើងថា ​តាមពិត​បើ​តាម​ចរិត​របស់ខ្ញុំ គឺ​ខ្ញុំ​ត្រូវ​តបត​តាំងពី​ដំបូង​ម្ល៉េះ​តែ​ក្រោយពី​ពិភាក្សា​គ្នា​ជាមួយ​ បង គឹម​សួរ ធ្វើ​ឲ្យ​ខ្ញុំ​គិត​យល់ថា ការតបត​មិនមែនជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​ទេ ដោយសារតែ​អ្នក​ដែល​ចូលរួម​វិភាគ​ និង​កាត់ក្តី​ទាំងនោះ​មិន​មែន​ជា​តុលាការ​ដ៏​សុក្រឹត​នោះ​ទេ តែ​វា​ប្រៀបដូចជា​យក​កេរខ្មាស​របស់​ខ្លួនឯង​ មក​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​បាន​ឃើញ​តែប៉ុណ្ណោះ។

កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​បន្ត​ទៀត​ថា ​ដូចនេះ​ ខ្ញុំ​សូម​ពឹង​ផ្អែកលើ​ផ្នែក​ច្បាប់ ​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​សម្រាប់​ពួក​យើង​។ ​ខ្ញុំ​នឹង​ពិចារណា​ដក​ពាក្យបណ្ដឹង​នេះ​វិញ ​នៅពេលដែល​បង​ឈប់​បន្ត​បំភ្លៃ​បរិហារកេរ្តិ៍​ខ្ញុំ​ ដោយ​មិន​មាន​ភស្តុតាង​ជាក់លាក់​បែបនេះ​ទៀត​។ ​នេះ​មិនមែន​ជា​ការ​ព្រមាន​ទេ តែ​វា​ជា​វិធី​ដ៏​ល្អ​មួយ​ ដើម្បី​រក​ផ្លូវ​ចេញ​មួយ​ដ៏​សន្តិវិធី​។ ភ្លើង​កំពុងតែ​ឆាបឆេះ សូម​ឈប់​បន្ត​ចាក់​សាំង​លើ​ភ្លើង​ទៀត​ទៅ​។​ សូម​ឈប់​បន្ត​រំខាន​ជីវិត​រស់នៅ​ និង​ជីវិត​សិល្បៈ​របស់ខ្ញុំ​ត​ទៀ​តទៅ។

ដោយឡែក​ បើ​ចាប់អារម្មណ៍​មក​មើល​នៅ​លើ​ពាក្យបណ្ដឹង​របស់​តារា​ស្រី​ កញ្ញា ​សាឡា​ត់ ស្រី​ឡាង ឯណោះ​វិញ ​ក៏បាន​បញ្ជាក់ថា​ នាង​ខ្ញុំ​ ឈ្មោះ សាឡា​ត់ ស្រី​ឡាង អាយុ​២២​ឆ្នាំ​ សុំ​ប្ដឹង ​ឈ្មោះ Soth Panhchaka ចំពោះ​សម្ដី​គំរាម​ជេរ​ប្រមាថ ​និង​ការ​ផុស​របស់​គាត់​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​គណនី​ ឈ្មោះ Panhchaka June កាលពី​ថ្ងៃ​ទី​១១ និង ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ។

នៅក្នុង​ពាក្យបណ្ដឹង​ដដែល​នោះ តារា​ស្រី កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​ទាមទារ​នូវ​សំណង ជំងឺ​ចិត្ត ចំនួន​៣​ចំណុច ៖ ១-​ធ្វើការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លើ​ ឈ្មោះ Soth Panhchaka តាម​មាត្រា ២៣១ មាត្រា​៣០៥ និង មាត្រា​ដទៃ​ទៀត តាម​ក្រមព្រហ្មទណ្ឌ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ២-ទាមទារ​ឲ្យ​ឈ្មោះ Soth Panhchaka សងជំងឺចិត្ត គិត​ជា​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​។ ៣-​ទាមទារ​ឲ្យ​ឈ្មោះ Soth Panhchaka លុប​ផុស​ទាំងឡាយណា​ដែល​បាន​ផុស​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​នាង​ខ្ញុំ ព្រមទាំង​ធ្វើការ​សូមទោស​ជា​សាធារណៈ។

ជុំវិញ​ការប្រកាស​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ ពី​សំណាក់ កញ្ញា សាឡា​ត់ ស្រី​ឡាង ខាងលើ​នេះ​ដែរ ភ្លាមៗ​នោះ ត្រូវ​បាន​ស្ត្រី​ម្ចាស់​អា​ខោ​ន ឈ្មោះ Panhchaka June បាន​ចេញមុខ​ប្រតិកម្ម ដោយ​លើកឡើង​ដូច្នេះ​ថា ៖ អូន​រវល់​លក់​ផ្កា​រកស៊ី​សិន សន្សំ​លុយ​សង​វា១០០​ដុល្លារ ខំ​ជេរ​វា​ឲ្យ​​វា​ខ្មាស​គេ​ប៉ិន​នឹង​ហើយ សម្បត្តិ​ហែង​យក​ពី​អតីត​ប្តី​អញ​បាន​ផ្ទះ​ បាន​លុយ បាន​ឡាន​ហើយ​អត់​ស្កប់​ មក​ទារ​អញ​១០​ម៉ឺន​ដុល្លារ​ទៀត។ ចង់​យក​ទាំង​ប្តី​ហើយ​ យក​ទាំង​លុយ​អូន​ទៀត មី​នឹង​ចង់ឲ្យ​ប្រវត្តិសាស្ត្រ រឿង​សហាយ​ប្តឹង​អតីត​ប្រពន្ធ បាន​ទៅ​លើ​វា​ គេ​ចងចាំ​វា​អត់​ភ្លេច​ ហើយ​មើល​ទៅ? ឥឡូវ ទើប​លក់​បាន​៧០០០​ដុល្លារ ខ្វះ​ច្រើន​ហាស​ ទម្រាំ​បាន​១០​ម៉ឺន​ហាស​វើយ។

គួរ​រំលឹក​ថា នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុកអំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះបាន​ផ្ទុះ​រឿង អាស្រូវ ដ៏​រសើប បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន ក្រោយ​ពេល​ដែល​អតីត​ភរិយា របស់​ថៅកែ​ផលិតកម្ម LD លោក លៀក លីដា ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា អ្នកនាង Soth Panhchaka បាន​ប្រកាស​ទម្លាយ អំពី​រឿងរ៉ាវ ដ៏​គួរ​ឲ្យ​អាម៉ាស់​លើ​ករណី​ទំនាក់ទំនង​ស្នេហា ​ការ​លួចលាក់ សហាយ​ស្មន់ និង សម្ពន្ធភាព​ផិត​ក្បត់ មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ រវាង តារា​ស្រី កញ្ញា សាឡាត់ ស្រីឡាង និង លោក លៀក លីដា ទើប​ធ្វើឲ្យ​ តារា​ស្រី​រូបនេះ ផ្ទុះ​ប្រតិកម្ម ប្រកាស​ប្ដឹង​អតីត​ប្រពន្ធ​ដើម នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០ម៉ឺន​ដុល្លារ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114