ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វីលីពីន​ចាប់ខ្លួន​អ្នកកាសែត ​ដែល​រិះគន់​លោក Duterte

អ្នកកាសែត​ហ្វីលីពីន​ឈ្មោះ Maria Ressa ដែល​គេហទំព័រ​ព័ត៌មាន​របស់​នាង​ បាន​ប៉ះទង្គិច​ម្តង​ហើយ​ម្តងទៀត​ជាមួយ​លោក​ប្រធានាធិបតី Rodrigo Duterte ត្រូវបាន​ចាប់ខ្លួន​នៅឯ​ការិយាល័យ​ក្រុង​ម៉ានីល​របស់​នាង​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​អ្វីដែល​ក្រុម​អ្នកគាំទ្រ​សេរីភាព​សារព័ត៌មាន​ចាត់ទុកថា​ជា​ទង្វើ​នៃ “​ការ​ធ្វើទុក្ខបុកម្នេញ​”​។​

ការឃាត់ខ្លួន​របស់​នា​ង​លើ​បទចោទប្រកាន់ “​បរិហាកេរ្តិ៍​តាម​អ៊ី​ន​ធើ​ណេ​ត​” គឺជា​សម្ពាធ​កាន់តែខ្លាំង​បន្ថែមទៀត​របស់​រដ្ឋាភិបាល​ដើម្បី​ចាត់​វិធា​នា​កា​រលើ​លោកស្រី Ressa និង​គេហទំព័រ Rappler របស់​នាង​ដែល​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​គេចវេស​ពន្ធ​រួចទៅហើយ​។​

វា​បាន​កើតឡើង​បន្ទាប់ពី​លោក Duterte បាន​បង្ក្រាប​លើ​ក្រុម​អ្នក​រិះគន់​ទម្រង់​ខ្ពស់​នៅក្នុង​សារព័ត៌មាន​និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​ហ៊ាន​ជំទាស់​នឹង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់លោក​ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​។​



សហ​ស្ថាបនិក​គេហទំព័ Rappler​ឈ្មោះ Beth Frondoso បាន​ប្រាប់​AFP “​នាង​ត្រូវបាន​ចាប់ខ្លួន​”​។​
​ក្រោយមក គេហទំព័រ Rappler បានប្រកាស​នៅលើ Twitter ថា លោកស្រី Ressa នឹងត្រូវ​ចំណាយពេល​មួយ​យប់​នៅឯ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ដែលជា​អង្គភាព​ឃាត់ខ្លួន​នាង​ខណៈដែល​មេធាវី​ព្យាយាម​ស្វែងរក​តុលាការ​ដើម្បី​ធ្វើការ​បង់ប្រាក់​ធានា​។​

លោកស្រី Ressa ដែល​បាន​ជាប់​ឈ្មោះ​ជា​បុគ្គល​ល្បី​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្ដី Time ក្នុង​ឆ្នាំ​២០១៨​សម្រាប់​អាជីព​សារព័ត៌មាន​របស់​នាង​បាន​ចាក​ចេញពី​ការិយាល័យ​របស់​គេហទំព័​រ Rappler ជាមួយ​មន្ត្រី​ស្លៀកពាក់​ស៊ីវិល​និង​ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​កាមេរ៉ា​។​

គេហទំព័រ Rappler បាន​បង្ក​ឲ្យ​មាន​កំហឹង​ពី​រដ្ឋាភិបាល​ចាប់តាំងពី​ការចេញផ្សាយ​របាយការណ៍​ដែល​រិះគន់​ទៅលើ​សង្គ្រាម​គ្រឿងញៀន​របស់លោក Duterte ដែល​ក្រុម​អ្នក​រិះគន់​និយាយថា បាន​តម្រង់​គោលដៅ​ទៅលើ​ជនក្រីក្រ​និង​អាច​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ករណី​ថ្មី​ប្រឆាំងនឹង​លោកស្រី Ressa និង​អតីត​អ្នកយកព័ត៌មាន Rappler ឈ្មោះ Reynaldo Santos Jr គឺ​កើតចេញពី​របាយការណ៍​ឆ្នាំ​២០១២​ដែល​បាន​សរសេរ​អំពី​ទំនាក់ទំនង​របស់​អ្នកជំនួញ​ម្នាក់​ជាមួយ​អតីត​ចៅក្រម​នៅ​តុលាការ​កំពូល​របស់​ប្រទេស​៕ AFP