ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​កំណត់ តំបន់​ធ្វើការ​វិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ស្រុក​ភ្នំស្រុក​

​បន្ទាយមានជ័យ ៖ ដីធ្លី​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវបាន​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក រ៉ូ បូរ៉ា អនុប្រធាន​មន្ទីរ​សុរិយោដី​ និង​សំណង់​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ ចែកចេញជា​៥​ដំណាក់កាល ក្នុងនោះ​ដំណាក់កាល​ចុងក្រោយ គឺ ការ​ចុះបញ្ជី និង​ចេញ​ប័ណ្ណ​ជូន​ម្ចាស់​កម្មសិទ្ធិ​ដី។ មួយវិញទៀត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី ដែល​នឹងត្រូវ​ចុះបញ្ជី យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​កំណត់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម និង​សំណង់ តម្រូវ​ឲ្យ​ម្ចាស់​ក្បាលដី ឬ​អ្នកកាន់កាប់​ដី ត្រូវ​បង់​សេវា ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែម្ដង​គត់​ ពេល​មក​ទទួល​ប័ណ្ណ ហើយ​ថ្លៃ​សេវា​ដែល​ត្រូវ​បង មាន​ដូចតទៅ ៖ -​ដី​កសិកម្ម​ជនបទ ស្មើ​១​រៀល​ក្នុង​១​ម៉ែត្រការ៉េ -​ដី​លំនៅឋាន​ជនបទ ​គឺ​១​ម៉ែត្រការ៉េ ស្មើ​១០​រៀល -​ដី​ទីប្រជុំជន​ស្រុក​ គឺ​១​ម៉ែត្រការ៉េ ស្មើ​២០​រៀល -​ដី​ទីប្រជុំជន​ខេត្ត​ ឬ​​ដី​ជាទី​ប្រជុំជន​រាជធានី​ភ្នំពេញ​ គឺ​ ១​ម៉ែត្រការ៉េ​ ស្មើ​២៥០​រៀល -​ដី​ទីប្រជុំជន​រា​ជនី​ភ្នំពេញ​ គឺ​ ១​ម៉ែត្រការ៉េ​ស្មើ​៥០០​រៀល។

ជាមួយគ្នានេះ ​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម និង​សំណង់ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការកសាង​ធនធានមនុស្ស សំដៅ​ពង្រឹង​សមត្ថភាព ជំនាញ​បង្កើត​ការ​ទទួល​ខុស​ត្រូវ ចំពោះ​តួនាទី និង​ភារកិច្ច​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធ​ភាព​ខ្ពស់។

លោក​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ផ្ដល់​ឥណទាន អាជ្ញាធរ​មូល​ដ្ឋាន មេត្តា​ចូលរួម​សហការ​ល្អ ជាមួយ​មន្ត្រី​សុរិយោដី និង​ក្រុមការងារ​ចុះ​វាស់វែង ដើម្បី​បង្ក​ភាព​ងាយ​ស្រួល និង ឆាប់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ទាំង​គ្នា៕​