ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​ ឆាបឆេះ​រថយន្ត​ដឹក​ប្រេង​១​គ្រឿង នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​សូ​គី​មិច លឹម ឈុន​ទ្រី

កំពង់ស្ពឺ ​៖​ អគ្គិភ័យ​ឆាបឆេះ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​សូ​គី​មិច លឹម ឈុន​ទ្រី នៅ​ផ្លូវជាតិ​លេខ​០៤​ សង្កាត់​រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​កងកម្លាំង​នគរបាល​ចេញ​ប្រតិបត្តិការ​គ្រប់គ្រង​ស្ថានការណ៍​ពន្លត់​ បាន​ទាំង​ស្រុង​។​

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​គួរ​ឲ្យ​ភ័យខ្លាច​នេះ កើតឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង១៣​និង​៥៧​នាទី​។​

ករណី​អគ្គិភ័យ​មួយ​នេះ​ផ្តើមឡើង​ពី​ការ​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង ដឹក​ប្រេង​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ យីហោ សូ​គី​មិច ស្ថិត​ក្នុង​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ម្ចាស់​ស្ថានីយ ដែល​មាន​ម្ចាស់ ​ឈ្មោះ លឹម ឈុន​ទ្រី​។​

តាម​ថៅកែ​ស្ថានីយ​បាន​បញ្ជាក់​ថា ស្ថានីយ​ប្រេង​ករណី​អគ្គិភ័យ​នេះ ធ្លាប់​កើត​ឡើង ​កាលពី​ឆ្នាំ​ទៅ​មួយ​នៅ​ស្ថានីយ​នេះ​ដែរ​ ដោយសារតែ​ជាង​ផ្សារដែក​ធ្វើ​សកម្មភាព​ប្រក់​ដំបូល​ផ្សារដែក​ខ្ទាត​ផ្កា​ភ្លើង​ទៅ​ប៉ះ​ជា​មួយ​ប្រេង​ហូរហៀរ​នៅ​លើ​ឥដ្ឋ​ ក៏​បណ្ដាល​ឲ្យ​ឆេះ​តែម្ដង​។

សម្រាប់​ការ​ឆេះ​ថ្ងៃ​នេះ មូលហេតុ គឺ​បណ្ដាលមកពី​រថយន្ត​ដឹក​ប្រេង​ខ្នាត​តូច (​ដឹក​តាម​ប៊ីដុង​) បង្ក​ឲ្យ​ហៀរ​ប្រេង​ចេញ​ក្រៅ​ប៉ះ​ជា​មួយ​កម្ដៅ​ម៉ាស៊ីន ក៏​កើត​មានការ​ឆាបឆេះ​ទៅជា​អគ្គិភ័យ​តែម្ដង​។

តាម​ការ​បញ្ជាក់​ពី ​លោក​ឧត្ដមសេនីយ៍​ត្រី អ៊ុម ប៊ុនធឿន ស្នងការ​រង បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ឆេះ​ឡាន​ដឹក​ប្រេង​នេះ រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ចេញ​ជួយ​អន្តរាគមន៍​ចំនួន​០៣​គ្រឿង និង​រថយន្ត​របស់​ម្ចាស់​ស្ថានីយ​ចំនួន​០២​គ្រឿង ប្រើ​ទឹក​ និង​ទឹក​សាប៊ូ អស់​ចំនួន​១០​ឡាន ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114