ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ទទួលស្គាល់ “​បរាជ័យ​” ក្នុងការ​កែលម្អ​ជីវិត​របស់​ជនជាតិដើម​ភាគតិច​

អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​បន្ទាប់ពី​បាន​ប្តេជ្ញា​ថា​នឹង​បិទ​គម្លាត​រវាង​ជនជាតិដើម​ភាគតិច​អូស្ត្រាលី​និង​ក្រុម​ដទៃទៀត​នៅក្នុង​ប្រទេស​, រដ្ឋាភិបាល​បានទទួល​ស្គាល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា វា​នៅតែមាន​ភាពខ្វះខាត​។​

លោកនាយក​រដ្ឋមន្ត្រី Scott Morrison បាន​និយាយថា មានតែ​គោលដៅ​ពីរ​ប៉ុណ្ណោះ​ក្នុងចំណោម​គោលដៅ​ទាំង​៧​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទ្រព្យសម្បត្តិ សុខភាព​និង​សុខុមាលភាព​នៃ​ជនជាតិ​អូស្ត្រាលី​ដើម​ដែល​ត្រូវបាន​បំពេញ​។​

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កែលម្អ​ការអប់រំ​នៅ​ដំណាក់កាល​ដំបូង​និង​អត្រា​នៃ​គុណភាព​វិទ្យាល័យ​ត្រូវបាន​អនុវត្ត​ប៉ុន្តែ​ទិសដៅ​ក្នុង​វិស័យ​ដទៃទៀត​ដូចជា​ការជំរុញ​ការងារ​និង​ការបង្កើន​អាយុកាល​ផងដែរ​នោះ​គឺ​បាន​ធ្លាក់ចុះ​។​

​លោក Morrison ប្រាប់​សភា​ថា “​ខ្ញុំ​ចង់​ឲ្យ​កុមារ​ជនជាតិដើម​ភាគតិច​និង​អ្នក​កោះ​ក្នុង​ឈូង​សមុទ្រ Torres មានឱកាស​ដូច​កុមារ​ទាំងអស់​ផ្សេងទៀត​ដែល​ធំធាត់​នៅក្នុង​ប្រទេស​អូស្ត្រាលី​”​។​

លោក​បាន​និយាយ​នៅក្នុង​សភា​ថា “​ប៉ុន្តែ​វា​មិនមែនជា​ការពិត​សម្រាប់​កុមារ​ជនជាតិដើម​ភាគតិច​និង​អ្នក​កោះ​ក្នុង​ឈូង​សមុទ្រ Torres នៅ​ប្រទេស​អូស្ត្រាលី​នាពេល​សព្វថ្ងៃនេះ​ទេ​។ វា​មិន​ដែលជា​ការពិត​ឡើយ​ហើយ​ខ្ញុំ​មិនដឹងថា​នៅពេលណា​ទើប​វា​នឹង​ក្លាយជា​ការពិត​នោះទេ​។ ហើយ​នោះ​គឺជា​ការពិត​ដែល​យើង​ត្រូវតែ​ប្រឈមមុខ​ជាថ្មី​ម្តងទៀត​នៅថ្ងៃនេះ​”​។​

ជនជាតិដើម​ភាគតិច​អូស្ដ្រាលី​មាន​ប្រហែល​៣​ភាគរយ​ក្នុងចំណោម​ចំនួន​ប្រជាជន​សរុប​២៥​លាន​នាក់​ប៉ុន្តែ​នៅតែ​ជា​សហគមន៍​ដែល​ជួប​ការលំបាក​បំផុត​របស់​ប្រទេស​នេះ​។​

អត្រា​អ្នកគ្មានការងារ​ធ្វើ​សម្រាប់​ជនជាតិដើម​ភាគតិច​គឺ​ខ្ពស់ជាង​មធ្យមភាគ​ជាតិ​៣​ទៅ​៤​ដង​។​
​យោងតាម​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​បានបង្ហាញ​ថា អត្រា​ធ្វើ​អត្ដ​ឃាត​សម្រាប់​កុមារ​ជនជាតិដើម​ភាគតិច​គឺ​ខ្ពស់ជាង​ប្រជាជន​ដែល​នៅ​សេសសល់​ចំនួន​៥​ដង​។​

របាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​គឺ​កត់សម្គាល់​ជា​រយៈពេល​១១​ឆ្នាំ​ចាប់តាំងពី​អតីត​នាយករដ្ឋមន្ត្រី​លោក Kevin Rudd បានធ្វើ​ការសុំ​អភ័យទោស​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​ជនជាតិដើម​ភាគតិច​សម្រាប់​ភាពអយុត្តិធម៌​រយៈពេល​រាប់​សតវត្សរ៍​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114