ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម U22 កម្ពុជា ចុះ​ចែករំលែក​បាល់ទាត់​និង​ផ្តល់​ក្តី​ស្រលាញ់​ដល់​កុមារ​នៅ​អង្គការ​ស្នាមញញឹម​នៃ​កុមារ

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​រៀប​ចំ​ឲ្យ​ក្រុម​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ (U22) របស់​កម្ពុជា ចេញទៅ​ចែករំលែក​បាល់ទាត់​និង​ផ្តល់​សេចក្តី​ស្រលាញ់​ដល់​កុមារ​ជាច្រើន​នាក់​ដែលជា​សមាជិក​របស់​អង្គការ​ស្នាមញញឹម​នៃ​កុមារ (PSE) ដែលមាន​មូលដ្ឋាន​នៅ​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ​។

​កម្មវិធី​ចែករំលែក​បាល់​ទាត់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ គឺ​ត្រូវ​ចំ​នឹង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ដែល​គេ​ប្រារព្ធ​ឡើង​នៅ​ជុំវិញ​ពិភពលោក​។ នេះ​ជា​បេសកកម្ម​មួយ​របស់​ក្រុម U22 កម្ពុជា ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក Felix Agustin Dalmas មុន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 Championship​នៅ​ឆ្នាំ ២០១៩ នៅ​ចុងខែ​កុម្ភៈ ខាងមុខនេះ។

សូម​បញ្ជាក់​ថា ​ក្រុម U22 កម្ពុជា បាន​ប្រមូលផ្តុំ​កីឡាករ​មួយ​រយៈ​មក​ហើយ​ព្រមទាំង​ជម្រុះ​បាន​១​លើក​ហើយ​គឺ​ពី​៥៤​នាក់​សល់​២៧​នាក់ ខណៈ​ការ​ជម្រុះ​ចុងក្រោយ​នឹង​បន្សល់ទុក​តែ​២៣​នាក់​ប៉ុណ្ណោះ​។ ពានរង្វាន់ AFF U22 Championship មាន​ក្រុម​ចំនួន​៨​ចូលរួម​ដោយ​ក្នុងនោះ​ពូ​ល A​មាន វៀតណាម ថៃ ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពិន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។

​តាម​ពិត​ទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវ​បាន AFF សហការ​គ្នា​បង្កើត​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មក​ហើយ ពោល​គឺ​តាំងពី​ឆ្នាំ ២០០៥ មក​ម្ល៉េះ​។ គណៈកម្មការ​ក៏បាន​កំណត់​ដែល​ថា ​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23 ) ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114