ព័ត៍មានទាន់​ហេតុការណ៏
Search

ហេតុអ្វី​ការតែងតាំង​ព្រះ​នាង Ubolratana ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ភ្ញាក់ផ្អើល​?

អាជីព​នយោបាយ​របស់​ម្ចាស់​ក្ស​ត្រី​ថៃ Ubolratana Rajakanya Sirivadhana Barnavadi មាន​រយៈពេល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ប៉ុន្តែ​នៅពេលនោះ សេចក្តីប្រកាស​របស់​ព្រះ​នាង​ដែលថា ព្រះ​នាង​នឹង​ក្លាយជា​បេក្ខជន​សម្រាប់​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​ខែមីនា​បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​មួយ​នេះ​មានការ​ភ្ញាក់ផ្អើល​។​

ចំពោះ​បងស្រី​របស់​ស្ដេច Maha Vajiralongkorn អង្គ​នេះ​, ការចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​គឺជា​រឿង​ដ៏​ភ្ញាក់ផ្អើល​រួចទៅហើយ​ប៉ុន្តែ​អ្វីដែល​គំរាមកំហែង​ដល់​នយោបាយ​ថៃ​នោះ​គឺជា​ការពិត​ដែលថា ព្រះ​នាង​បានប្រកាស​ពី​បេក្ខជន​របស់ខ្លួន​សម្រាប់​គណ​បក្ស​ប្រជា​និយម​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​និរទេស​ខ្លួន​។​

កាលពី​ថ្ងៃ​ចន្ទ គណកម្មាធិការ​បោះឆ្នោត​របស់​ប្រទេស​នេះ​បាន​ដកហូត​សិទ្ធិ​របស់​ម្ចាស់​ក្ស​ត្រី​ព្រះជន្ម​៦៧​វស្សា​អង្គ​នេះ​ពី​ការចូលរួម​ក្នុងការ​បោះឆ្នោត​តាម​ព្រះរាជបន្ទូល​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ដែលមាន​បន្ទូល​កាលពី​ថ្ងៃ​សុក្រ​ថា បេក្ខភាព​របស់​ម្ចាស់​ក្ស​ត្រី​គឺ “​មិន​សមរម្យ​”​។​
​បើទោះបីជា​ម្ចាស់​ក្ស​ត្រី​នឹងមិន​ក្លាយជា​បេក្ខជន​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​២៤​ខែមីនា​ក៏ដោយ​ប៉ុន្តែ​មហិច្ឆតា​នយោបាយ​របស់​ព្រះ​នាង​អាច​ដក់​ជាប់​ក្នុង​ចិត្ត​របស់​អ្នកបោះឆ្នោត​។​

ការបោះឆ្នោត​នេះ​គឺជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​ហើយនឹង​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​នៃ​អតីត​នាយករដ្ឋមន្ត្រី​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​ត្រូវ​ប្រឆាំងនឹង​ក្រុម​អ្នកគាំទ្រ​ទីក្រុង​និង​ថ្នាក់កណ្តាល​ដែល​មានការ​ស្មោះស្ម័គ្រ​យ៉ាងខ្លាំង​ដល់​ខ្សែ​រាជវង្ស​ថៃ​។ លោក​ថាក់ស៊ីន​ឬ​ក្រុម​របស់គាត់​បានឈ្នះ​គ្រប់ការ​បោះឆ្នោត​នៅក្នុង​ប្រទេស​ថៃ​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។​

ជាមួយនឹង​ការតែងតាំង​ប្អូនស្រី​របស់​ព្រះមហាក្សត្រ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​, គណបក្ស​ថៃ​រក្សា​ជាតិ​បាន​ព្យាយាម​លុបបំបាត់​ការចោទប្រកាន់​ជា​យូរ​មកហើយ​ដោយ​ពួក​អ្នកប្រឆាំង​ដែលថា លោក​ថាក់ស៊ីន​និង​សម្ព័ន្ធមិត្ត​របស់គាត់​មិន​ស្មោះត្រង់​នឹង​រាជវង្ស​។​

រាជវង្សានុវង្ស​ត្រូវបាន​គោរព​នៅក្នុង​ប្រទេស​ថៃ​។ ការប្រមាថ​ព្រះមហាក្សត្រ​គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រហូតដល់​១៥​ឆ្នាំ​។​

តាមរយៈ​ប្រពៃណី​ដ៏​យូរអង្វែង រាជវង្សានុវង្ស​បាន​រក្សា​ខ្លួនឯង​នៅ​ខាងលើ​នយោបាយ​ជា​និមិត្តសញ្ញា​នៃ​វប្បធម៌​ថៃ​។ ចាប់តាំងពី​ឆ្នាំ​២០០៥​មក ក្រុមអ្នកតវ៉ា​វណ្ណៈ​កណ្តាល​និង​អ្នកទីក្រុង​បានចាប់ផ្តើម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​អំណាច​របស់លោក​ថាក់ស៊ីន​។​
​ក្រុមអ្នកតវ៉ា​ដំបូង​បាន​ពាក់អាវ​លឿង​ដែល​ទាក់ទង​ជាមួយ​ព្រះមហាក្សត្រ Bhumibol Adulyadej ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​រាជាធិបតេយ្យ​និង​វប្បធម៌​ថៃ​ដែល​ពួកគេ​និយាយថា លោក​ថាក់ស៊ីន​បាន​គំរាមកំហែង​តាមរយៈ​អំពើពុករលួយ​និង​ការពង្រឹង​អំណាច​ផ្ទាល់ខ្លួន​របស់គាត់​។​

យោធា​បាន​ទម្លាក់​លោក​ថាក់ស៊ីន​នៅ​ឆ្នាំ​២០០៦​ហើយ​ចាប់តាំងពី​ពេល​នោះមក នយោបាយ​ថៃ​ត្រូវ​ជាប់​នៅក្នុង​វដ្ត​នៃ​សម្ព័ន្ធមិត្ត​របស់គាត់​ដែល​បានឈ្នះ​ការបោះឆ្នោត​ហើយ​ក្រោយមក​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ដោយ​ការកាត់ក្តី​របស់​តុលាការ​ឬ​រដ្ឋប្រហារ​ដែល​កាលពីពេល​ថ្មីៗ​បំផុត​គឺ​ក្នុង​ឆ្នាំ​២០១៤​នៅពេលដែល​កងទ័ព​បា​ន​ទម្លាក់​សំណល់​នៃ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ប្អូនស្រី​របស់លោក​ថាក់ស៊ីន​គឺ​លោកស្រី​យី​ង​ឡាក់​។​

ការតែងតាំង​ម្ចាស់​ក្ស​ត្រី Udolratana គឺជា​ការប៉ុនប៉ង​រប​ស់​គណបក្ស​ថៃ​រក្សា​ជាតិ​ដើម្បី​បើក​ទំព័រ​ថ្មី​នៃ​ខ្សែ​រាជវង្ស​ហើយ​ក្លាយខ្លួនជា​ម្ចាស់​ក្ស​ត្រី​ប្រជា​និយម។

ប៉ុន្តែ​គោលបំណង​នេះ​ត្រូវបាន​បំផ្លាញ​ភ្លាមៗ​ដោយ​ប្អូនប្រុស​របស់​ព្រះ​នាង​ដែល​បាន​ឡើង​គ្រងរាជ្យ​នៅក្នុង​ឆ្នាំ​២០១៦​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះបិតា​ហើយនឹង​ត្រូវ​ឡើង​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​នៅក្នុង​ខែឧសភា​៕ REUTERS