ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​រុស្ស៊ី ទួរគី អ៊ីរ៉ង់ ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​បញ្ហា​ស៊ី​រី

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​សម​ភាគី​អ៊ីរ៉ង់​និង​ទួរគី​របស់លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ពី​របៀប​ដោះស្រាយ​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​ខណៈ​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៅ​ភាគ​ខាងកើត​ប្រទេស​ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀមខ្លួន​ដក​កងទ័ព​។​

កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ដ៏​ស្វិតស្វាញ​នៅ​សប្តាហ៍​នេះ​នឹង​ផ្តោតលើ​ជម្លោះ​រយៈពេល​ប្រាំបី​ឆ្នាំ​ដែល​ក្នុងនោះ​មាន​មនុស្ស​ជាង​៣៥០,០០០​នាក់​បាន​ស្លាប់​។​

ក្រុមចម្រុះ​អន្ដរជាតិ​ប្រឆាំង​ក្រុម IS ត្រូវបាន​គេ​កំណត់ថា​នឹង​ជួបប្រជុំគ្នា​នៅ​ខាងក្រៅ​សន្និសីទ​សន្តិសុខ​ទីក្រុង​មូ​និក​ខណៈពេលដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo នឹងចូលរួម​សន្និសីទ​មួយ​ស្តីពី​បញ្ហា​ម​ជ្ឈឹ​ម​បូព៌ា​នៅក្នុង​ទីក្រុង Warsaw ។​

នៅឯ​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុង​រមណីយដ្ឋាន​សមុទ្រ​ខ្មៅ Sochi, លោក Putin និង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ដែលជា​អ្នកគាំទ្រ​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad និង​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan ដែលជា​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​ត្រូវបាន​គេ​កំណត់ថា​នឹង​ពិភាក្សា​អំពី​វិធី​ដើម្បី​ជំរុញ​កិច្ចសន្ទនា​ស្តីពី​បញ្ហា​ក្នុងប្រទេស​ស៊ី​រី​។​

ប្រទេស​រុស្ស៊ី​គឺជា​អ្នកដើរតួ​សំខាន់​ក្នុង​ជម្លោះ​នេះ​ចាប់តាំងពី​ការចាប់​ផ្តើមធ្វើ​អន្តរាគមន៍​យោធា​នៅ​ឆ្នាំ​២០១៥​ដើម្បី​គាំទ្រ​របប​លោក Assad ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ជិត​២​ភាគ​៣​នៃ​ប្រទេស​។​

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មេដឹកនាំ​ទាំងបី​នឹង​ពិភាក្សាគ្នា​អំពី​ការបង្កើត​គណៈកម្មាធិកា​រ​ពិ​សេសមួយ​ដែលមាន​ភារកិច្ច​រៀបចំ​រដ្ឋធម្មនុញ្ញ​ថ្មី​ក្រោយ​សង្គ្រាម​សម្រាប់​ប្រទេស​ស៊ី​រី​។ លោក Lavrov បាន​បន្ថែមថា “​យើង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​មួយ​ចំពោះ​ស្ថានភាព​នេះ​។ យើង​នឹង​បន្តការងារ​នេះ​”​។​

កិច្ចប្រជុំ​នេះ​នឹង​ក្លាយជា​កិច្ចប្រជុំ​កំពូល​លើក​ទី​បួន​រវាង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ទាំងបី​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មក​។​

វា​បាន​កើតឡើង​ស្រប​ពេលដែល​យុទ្ធជន​ឃើ​ដ​និង​អារ៉ាប់​នៅក្នុង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដោយមាន​ការគាំទ្រ​ពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​បានចាប់ផ្តើម​ការវាយលុក “​ផ្តាច់ព្រ័ត្រ​” ប្រឆាំងនឹង​ការកាន់កាប់​ចុងក្រោយ​របស់​ពួក​ជី​ហាដ​និយម​នៅ​ខេត្ត​ភាគ​ខាងកើត Deir Ezzor៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114