ព័ត៍មានទាន់​ហេតុការណ៏
Search

កងកម្លាំង​នាយកដ្ឋាន​ បញ្ជូន​សារបាន​ចូលរួម​បរិច្ចាគ​ឈាម​ ក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់

ភ្នំពេញ ៖ កងកម្លាំង​នាយកដ្ឋាន​បញ្ជូន​សារ នៃ​ក្រសួងការពារជាតិ​បាន​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម​តាមរយៈ​ការ​បរិច្ចាគ​ឈាម​ជួយ​ជនរងគ្រោះ ក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់ នៅ​រសៀល​ថ្ងៃទី​១៤​កុម្ភៈ​ ឆ្នាំ២០១៩ ក្នុង​ទីតាំង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​តែម្តង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កុសល សុវណ្ណ​វិសាល ប្រធាន​នាយកដ្ឋាន​បញ្ជូន​សារ ក្រសួងការពារជាតិ បាន​ដឹកនាំ​កងកម្លាំង​ជិត ៥០​នាក់​ចូលរួម បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្នុងឱកាស ថ្ងៃទី​១៤​កុម្ភៈ ដើម្បី​បង្ហាញ​សេចក្ដី​ស្រលាញ់​ជូន​ចំពោះ​ពលរដ្ឋ​ទូទៅ ជាពិសេស​ជូន​រងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បន្ត​ថា ការ​បរិច្ចាគ​ឈាម​នេះ​មាន​សារៈសំខាន់​ជាខ្លាំង ក្នុង​ការ​ជួយ​ដល់​ជីវិត​មនុស្ស ហើយ​អង្គភាព​របស់​លោក​នឹង​បន្ត​ប្ដេជ្ញា​ចូលរួម​បរិច្ចាគ​ឈាម ជាពិសេស​គ្រប់​ឱកាស​ពិធី​បុណ្យជាតិ​ដើម្បី​បំពេញតម្រូវការ​ឈាម​ប្រចាំថ្ងៃ​។

នា​ឱកាស​ព្រឹត្តិការណ៍​ដោយ​ស្ម័គ្រចិត្ត​ក្រោម ប្រធានបទ “​ផ្ដល់​ឈាម​ផ្ដល់​ក្ដី​ស្រលាញ់​” នេះ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​លើកឡើង​ថា ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បែបនេះ​ឡើង​មាន​សារៈ​ប្រយោជន៍​ជាទីបំផុត ស្រប​ពេលដែល​សព្វថ្ងៃ​ការបរិច្ចាគ​ឈាម​ប្រចាំថ្ងៃ​ពុំ​ទាន់​មាន​តុល្យភាព​ជាមួយ​តម្រូវការ​នៅឡើយ​។

លោក​វេជ្ជបណ្ឌិត​បន្តថា សព្វថ្ងៃ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ត្រូវការ​ឈាម​ប្រមាណ ២០០​ផ្លោក​ក្នុង ១​ថ្ងៃ ដោយ​ការ​បរិច្ចាគ​ឈាមមាន​ត្រឹមតែ ១០០​ផ្លោក​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក្ដី​លោក ក៏​សប្បាយចិត្ត​ចំពោះ​កំណើន​នៃ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ ដោយមាន​កំណើន ១២,៥%​។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថែម​ថា មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នឹង​បន្ត​ជំរុញ​ការ​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ធានា​នូវ​គុណភាព និង​សុវត្ថិភាព​ឈាម​។

សូម​បញ្ជាក់​ថា ថ្ងៃទី ១៤​កុម្ភៈ ថ្ងៃ​នៃ​សេចក្ដីស្រលាញ់​នេះ ពុំ​មែន​ជា​បុណ្យ​ប្រពៃណី​ជាតិ​កម្ពុជា​នោះ​ទេ តែ​វា​ជា​ពិធីបុណ្យ​ហូរ​ចូល​ពី​បរទេស ដោយ​សព្វថ្ងៃ​មានការ​ដាក់លក់ ផ្កា​កុលាប កាដូ តុក្កតា​ជាច្រើន​នៅតាម​ដងផ្លូវ ក្នុង​ថ្ងៃទី​១៤​កុម្ភៈ​នេះ​តែម្ដង​៕