ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ៖ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ថែរក្សា​សន្តិភាព និង កិច្ចសហប្រតិបត្តិការ​នៅតាម​ព្រំដែន

ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជំរុញ​ធ្វើ​ឲ្យ​មាន​សុខសន្តិភាព ស្ថិរភាព នៅ​តាម​ព្រំដែន ដែលជា​កត្តា​សម្រាប់​បម្រើ​ឲ្យ​ពាណិជ្ជកម្ម ទេសចរ​ណ៌ រវាង​ប្រ​ទេស​ទាំងពីរ​ផង​ជាពិសេស​ទំនាក់ទំនងរ​វាង​ប្រជាជន​និង​ប្រជាជន។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រាប់​អ្នកសារព័ត៌មាន ជំនួប​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូវ​ណ្ណ​(Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ ពារ​ជាតិ​ថៃ សហប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ថៃ កាល​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្ត្រី។ ក្រោយ​ជំនួប​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​មាន​រៀបចំ​ពិធី​អាហារ​ថ្ងៃត្រង់​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូវ​ណ្ណ និង គណៈប្រតិភូ​ផងដែរ​។

កិច្ចពិភាក្សា​រវាង​លោក ប្រា​វីត ជាមួយ​សម្ដេច​ទៀ បាញ់ ហើយ​បាន​មានប្រសាសន៍ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ នេះ មាន​តួនាទី​សំខាន់​ណាស់​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មាន​សុខសន្តិភាព ស្ថិរភាព នៅ​តាម​ព្រំដែន ដែលជា​កត្តា​សម្រាប់​បម្រើ​ឲ្យ​ពាណិជ្ជកម្ម ទេសចរណ៍ រវាង ប្រទេស​ទាំងពីរ​ផង ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន។

នៅក្នុង​ជំនួប​នោះ លោក ប្រា​វីត វង្ស​សូវ​ណ្ណ បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អំពី​ជំនួប​រវាង​លោក​ជាមួយ​សម្ដេច ទៀ បាញ់ នោះ គឺ​កិច្ចពិភាក្សា​ដែល​ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ព្រំដែន​បញ្ហា​សន្តិសុខ ហើយ​និង​បញ្ហា​ដទៃទៀត​ដែល​លោក​បាន​សរុបសេចក្ដី​ថា កិច្ចពិភាក្សា​នោះ​គឺ​មាន​ភាព​រលូន ហើយ​ទាំង​បញ្ហា​សន្តិសុខ ទាំង​បញ្ហា​អ្វី​ផ្សេងៗ​ទៀត​នៅតាម​ព្រំដែន​នោះ​ពុំ​មាន​បញ្ហា​អ្វី​ទេ។

លោក​ប្រា​វីត ក៏បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​វិមាន​ឈ្នះ ឈ្នះ ដោយ​លោក​បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ដែល​ដំណើរ​បេសកកម្ម​រំដោះជាតិ​របស់​សម្ដេច​នៅ​ពេល​នោះ​ចាប់ផ្ដើម​ពី​៥ នាក់​រហូតដល់​ទទួល​បាន​ជោគជ័យ។ ជា​មួយ​នេះ ក៏បាន​ឆ្លុះបញ្ចាំង​នូវ​ដំណើរ​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​ក្នុងការ​ស្វែងរក​សន្តិភាព​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់ស​ម្តេច​តេ​ជោ​។

ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អរគុណ​លោក ប្រា​វីត ហើយ​ក៏បាន​ជម្រាបជូន​លោក ប្រា​វីត ថា​នៅ​វិមាន​ឈ្នះ ឈ្នះ នោះ​គឺជា​កន្លែង​តម្កល់​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ដំណាក់កាល​នីមួយៗ នៅក្នុង​ដំណើរការ​រំដោះ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​របប​ខ្មែរក្រហម ហើយ​នៅ​ក្នុងនោះ​ទៀតសោត​ក៏មាន ឆ្លុះបញ្ចាំង​នូវ​តួអង្គ​ដែល​បាន​ចូលរួមចំណែក​នៅក្នុង​ដំណើរការ​នោះ​ផងដែរ​។

គួរ​បញ្ជាក់​ជូន​ថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​សហប្រធាន គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា និង នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូវ​ណ្ណ (Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ សហប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​ថៃ បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (The 14th General Border Committee Meeting “GBC”) នៅ​សណ្ឋាគារ ហ្គា​ដែន​ស៊ីត​ធី រាជធានី​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114