ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ៖​ ទោះបី​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ហើយ​ទោះ​មាន EBA ក៏​កម្ពុជា​មិន​ក្លាយជា​អ្នកមាន​ដែរ

*​ការដក EBA ពី​កម្ពុជា​មានតម្លៃ​ស្មើ​និង​សម្លាប់​បក្សប្រឆាំង​នៅ​កម្ពុជា
ភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ដោយ​ភាព​ប្រាកដ​និយម​ថា ទោះបី​ត្រូវ​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ឬ​ក្លាយទៅជា​អ្នកមាន​បានដែរ។ ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​គឺជា​ប្រតិកម្ម​ជា​សាធារណៈ​លើកដំបូង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប បាន​ព្យួរ​អនុគ្រោះ​ពន្ធ​មក​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងមកនេះ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពី​ធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ សម្តេច​បាន​លើក​ឡើង​ថា ពេលនេះ​ ត្រូវ​រួមគ្នា​ដើម្បី​ពង្រីក​ការលូតលាស់​ខាង​សេដ្ឋកិច្ច​ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ​របស់​យើងៗ​មិន​ត្រូវ​យក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ​ណាមួយ​នោះឡើយ។

សម្តេច​តេ​ជោ​បាន​បន្ត​ដោយ​ភាព​ម៉ឺងម៉ាត់​ថា «​ប្រទេស​មួយ​បើ​មិនអាច​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​មិន​ចាំ​បាច់​ហៅថា ជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ។ យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​ឱកាស​ទៅជា​កាលានុវត្តភាព​នៃ​ការ​ខិតខំ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង​»។

សម្តេច​បន្ត​ថា «​ការ​ព្យួរ EBA ដែល​មាន​រយៈពេល ១៨ ខែ ទើប​បានដឹង​លទ្ធផល​ថា តើ​នឹង​ត្រូវ​ដក​ឬ​មិន​ត្រូវ​ដក។ បើ​ទោះបី​ជា​បាត់ ​ឬ ​នៅ​មាន​បន្ត ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់ ​ឬ ​ក្លាយទៅជា​អ្នកមាន​បាន​ដែរ។ EBA មុន​និង​ក្រោយ​គង់តែ​បាត់​ដូច​តែ​គ្នា គ្រាន់តែ​យូរ​និង​ឆាប់​តែប៉ុណ្ណោះ ដូចនេះ​ការ​រក​ស៊ី​បង់ពន្ធ​ឲ្យ​គេ​នឹង​គេ​បង់ពន្ធ​ឲ្យ​យើង គឺជា​រឿង​ជៀស​មិន​រួចហើយ​ថ្លៃថ្នូរ និង​មាន​ស្ថិរភាព​ទៀត​ផង យើង​ត្រូវ​រក​គ្រប់​វិធី​ដើម្បីអោយ​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​» ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​ជនរួមជាតិ​ដោយ​ការ​ពន្យល់​ថា ជនរួមជាតិ ជាពិសេស កម្មករ កម្មការិនី បើសិនជា​នៅ​តែ​មាន​មុខរបរ មានការ​ងារ​ធ្វើ​មាន​ប្រាក់ចំណូល សូមកុំ​ខ្វល់​នឹង​អ្នកណា​និយាយ​ពីអ្វី ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​និវត្តជន បើសិនជា​នៅតែ​បើក​ប្រាក់ខែ​ពីរ​សប្តាហ៍​ម្តង កុំ​ខ្វល់​នឹង​អ្នកណា​និយាយ​ពីអ្វី ។ សូម​បន្ត​តាម​ពាក្យ​គេ​ថា “​ឆ្កែ​ចេះតែ​ព្រុស មនុស្ស​ចេះតែ​ដើរ​”។

ជា​មួយ​នេះ សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​ទៀត​ថា យើង​ក៏​កំពុង​ចង់​ឃើញ​មុខ​ពួក​អ្នក​ដែល​កំពុងតែ​សប្បាយ​ពេល​ឃើញ​បរទេស​កំពុង​ធ្វើបាប​យើង និង​ពួក​ដែល​កំពុង​រង់ចាំ​នូវ​ការ​ស្លាប់​នៃ​ជាតិ​យើង តើ​គេ​នឹងធ្វើ​មុខ​បែប​ណា នៅ​ពេល​ដែល​យើង​មិន​ស្លាប់​តាម​បំណង​របស់គេ។

សម្តេច​បន្តថា បើ​យើង​មិន​ប្រឹង​ជួយ​ខ្លួន​យើង​នោះ​ទេ ទោះបី​មាន​គេ​ជួយ​យើង​យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​ក្រ ហើយ​ទទួល​នូវ​ការប្រមាថ​ដដែល យើង​ខិតខំ​ដើម្បី​ជាតិ​យើង​មិនមែន​តម្រូវ​តាម​ការ​ចង់បាន​របស់​បរទេស​ណាមួយ​នោះ​ទេ។ តែ​យើង​ក៏​ត្រូវ​ការ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ភាព​ស្មើ​សិទ្ធិ​ជាមួយ​ប្រទេស​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​ក្នុង​ស្មារតី​នៃ​ការ​ខិតខំ ខាងលើ បាវចនា ២ គឺ​កែទម្រង់​ខាងក្នុង​និង​ពង្រីក​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​និង​អព្យាក្រឹត និង អភិក្រម​៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់ ត្រូវតែ​យក​មក​អនុវត្ត​ព្រមៗ​គ្នា។

សម្តេច​បន្ត​ថា ទន្ទឹម​ការកែទម្រង់​ផ្ទៃក្នុង​ដែល​កំពុង​ទទួលផល យើង​ក៏​កំពុង​បន្ត​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​នៅក្នុង​សហភាព​អឺរ៉ុប​ផង​ដែរ ដោយ​មិន​ទុក​ឲ្យ​បញ្ហា EBA​ក្លាយទៅជា​ឧបសគ្គ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ សហគមន៍​និង​សហគមន៍​នោះទេ។ កម្ពុជា​នឹង​រួម​ជា​មួយ​សមាជិក​អាស៊ាន​ផ្សេងទៀត បន្ត​ចរចា​លើ​ការចរចា​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន​និង​អឺរ៉ុប ព្រមទាំង​ពិនិត្យ​ពេលវេលា​សមស្រប​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង អឺរ៉ុប​តាម​សំណើ​របស់​សហភាព​អឺរ៉ុប។ កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​ដៃគូ​អឺរ៉ុប​សម្រាប់​ប្រធានបទ​និង​កិច្ច​ដំណើរការ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ ខាងមុខ ដែល​កម្ពុជា​សង្ឃឹមថា ដៃគូ​របស់​យើង​នឹង​រួម​ជា​មួយ​យើង​សម្រេច​ជោគជ័យ​នៅក្នុង​វេទិកា​ពហុភាគី​មួយ​នេះ។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​យក​វេទិកា​នេះ និយាយ​ទៅកាន់​ក្រុមហ៊ុន អឺរ៉ុប​រាប់រយ​ដែល​កំពុង​វិនិយោគ និង​ធ្វើ​ប្រតិ​ប​ត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា សូម​បន្ត​ការ​រកស៊ី​និង​ស្នាក់នៅ​ដោយ​ក្តី​សប្បាយរីករាយ​ជាមួយនឹង​សុខ​សន្តិភាព​សម្រាប់​អស់លោកអ្នក។ ក្នុង​នោះ​ដែរ សម្តេច​ក៏បាន​ផ្ញើ​សារ​ជូន​ដល់​វិនិយោគិន និង ធុរជន​ទាំងឡាយ ទាំង​អ្នក​ដែល​កំពុង​មាន​ការ​វិនិយោគ និង ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ទាំង​អ្នក​ដែល​មាន​បំណង​មក​ដាក់ទុន​ ឬ​ កំពុង​សិក្សា​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជាមួយនឹង​ការ​ប្ដូរ​ផ្ដាច់​រក្សា​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​សុខ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស។ រាជរដ្ឋាភិបាល​កំពុង​ចាត់វិធានការ​យ៉ាងសកម្ម​មុត​ស្រួច និង ស៊ីជម្រៅ​សំដៅ​កែលម្អ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុ​ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម និង កាត់បន្ថយ​ថ្លៃដើម​ធ្វើ​ធុរកិច្ច ជាអាទិ៍​ការ​លុបបំបាត់​នូវ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ CO, ការ​កែសម្រួល​មុខ​នាទី​របស់​កាំកុងត្រូល​ចេញពី​ការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​នាំចូល ការរំសាយ​អង្គភាព​កាំសាប​, ការកាត់បន្ថយ​ថ្លៃ​ស្កែ​ន​កុងតឺន័រ​និង​ថ្លៃ​សេវា​មួយ​ចំនួន​ទៀត ,​ការ​កែលម្អ​សេវា​ពាក់ព័ន្ធ ,​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​វិធាន​ការសំខាន់ៗ​ជា​ប្រព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​សហគមន៍​ធុរកិច្ច​នឹង​បានឃើញ​ព្រមទាំង​បានទទួល​ផលប្រយោជន៍​ជាក់ស្ដែង​ជា​បន្តបន្ទាប់​នៅក្នុងពេល​ខ្លី​ខាងមុខ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា ជាមួយនឹង​ការកែទម្រង់​មុខស្រួច​និង​ស៊ីជម្រៅ​ដែល​បាន​នឹង​កំពុង​អនុវត្ត ហើយនឹង​បន្ត​ដាក់ចេញ​ជា​បន្តបន្ទាប់​ទៀត​នោះ យើង​ជឿជាក់​ថា​ បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​នឹង​មាន​សភាព​រឹតតែ​ល្អ​ប្រសើរ​ដែល​ផ្ដល់នូវ​ការ​ទាក់ទាញ​កាន់​តែ​ខ្លាំង​សម្រាប់​វិនិយោគិន​និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស។ ការប្រកួតប្រជែង​តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​តាមរយៈ​ការ​ធ្វើ​ធុរកិច្ច ការសម្រួល​ពាណិជ្ជកម្ម និង​ការ​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច ជាទូទៅ​នឹង​ជួយ​សម្រួល​ឲ្យ​វិនិយោគិន​និង​ធុរជន​ទាំងឡាយ​អាច​រក​ចំណេញ​បាន​សមរម្យ​នៅក្នុង​ការធ្វើ​ធុរកិច្ច ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស ទោះបី​គេ​ត្រូវ​បង់ពន្ធ​ទៅវិញទៅមក​ក៏ដោយ ហើយ​បន្ត​ចូល​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ បង្កើន​ការងារ​ធ្វើ​ដល់​ពលករ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។

ជាមួយ​ការ​អះអាង​ដោយ​ភាព​ប្រាកដ​ប្រជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជា​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា រៀបចំ​នូវ​វេទិកា​រវាង​វិស័យ​ឯកជន​និង​រាជរដ្ឋាភិបាល​ឲ្យ​បាន​នៅក្នុង​ខែមីនា​នេះ ដើម្បី​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ទៅលើ​បញ្ហា​ពាក់ព័ន្ធ​ទាំងឡាយ​ទាក់ទង​នឹង​បញ្ហា​កំណែទម្រង់​ដែល​ត្រូវ​ប្រកាន់​យក​ដើម្បី​នឹងធ្វើ​ការជំរុញ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​លទ្ធផល​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ដែល​បាន​ប្រកាស​កាល​ពី​ដើមឆ្នាំ​កន្លងទៅ ដែល​ថា ​មាន ៧,៣​ភាគរយ​នោះ ឥឡូវ IMF សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា បាន​វាយតម្លៃ​ឡើងវិញ​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ គឺ​មាន​រហូតដល់ ៧,៥% ដែលជា​កំណើន​ខ្ពស់​បំផុត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ការ​ពន្យល់​ទាក់ទង​ទៅនឹង​បញ្ហា EBA ទៀត​ថា បញ្ហា​ការបាត់បង់​នូវ​ភាព​អនុគ្រោះ​និង​ការបាត់​ទីផ្សារ​គឺ​វា​មាន​ចរិត​ខុសគ្នា។ នៅ​ទី​នេះ គឺ​ការដែល​យើង​មិន​អនុវត្ត​ទៅតាម​អ្វីដែល​គេ​ចង់បាន​តាម​ការ​បង្គាប់​បញ្ជា​របស់​គេ ទ្រនិចនាឡិកា​ត្រូវ​បាន​ចាប់ផ្ដើម​អំពី​ការពិនិត្យ​ទៅលើ​បញ្ហា​ការ​ព្យួរ​នូវ​ភាព​អនុគ្រោះ នេះ​វា​មាន​រយៈពេល​១៨ ខែ បើ​គិតពី​ពេលនេះ​ទៅដល់​ពេល​ដែល​គេ​ត្រូវ​ដក​ឬ​មិន​ដក គឺ​រហូត​ទៅដល់​ពាក់កណ្ដាល​ឆ្នាំ២០២០។ នីតិ​វិធី​នេះ វា​ជា​នីតិវិធី​ធម្មតា​របស់​ពួកគេ នោះ​ហើយ​ដែល​សម្តេច​ចង់​និយាយ​ថា ​យើង​ចង់​រស់​ដោយ​ប្រើ​អុកស៊ីហ្សែន​ខ្លួនឯង ដោយ​មិន​ត្រូវ​ពឹងពាក់​នូវ​ខ្យល់​ដែល​គេ​បញ្ចូល​អោយ​យើង​នោះទេ។ សម្តេច​បាន​បញ្ជាក់​ថា ទោះ​មាន​ឬ​គ្មាន EBA វា​ក៏​មិន​ធ្វើអោយ​យើង​ស្លាប់​ហើយ​វា​ក៏​មិន​ធ្វើ​ឲ្យ​យើង​ក្លាយទៅជា​អ្នកមាន​បាន​ដែរ បញ្ហា​រកស៊ី​បង់ពន្ធ​ឲ្យ​គេ គេ​បង់ពន្ធ​ឲ្យ​យើង គឺជា​រឿង​ស្មើ​ភាព​សម​ហេតុ​សម​ផល​ ដែល​យើង​មិន​ចង់​ឲ្យ​អ្នកណា​ប្រើប្រាស់​ភាព​អនុគ្រោះ​ហើយ​បែរជា​មក​បង្វិល​ក្បាល​យើង​តាមចិត្ត​ចង់​នោះទេ។

សម្តេច​តេ​ជោ​បន្តថា គេ​កំពុង​គិតថា បើសិន​ជាមាន​ការដក​ហូត EBA ណាមួយ​នឹងមាន​ផលប៉ះពាល់​រហូតដល់​គ្មាន​ប្រាក់​បើក​ឲ្យ​មន្ត្រីរាជការ ។ ចំណុច​នេះ សម្តេច​តេ​ជោ​បានខ​បញ្ជាក់ថា “​ម៉ោង​នេះ ពេលនេះ​បើទោះបី​គ្មាន​ចំណូល​ថ្មី​បន្ថែម រាជរដ្ឋាភិបាល​មានលទ្ធភាព​បើកប្រាក់​ខែ​ជូន​មន្ត្រីរាជការ​រហូតដល់​១២ខែ។ ប៉ុន្តែ​ពេលនេះ ខ្ញុំ​គ្រាន់តែ​ប្រាប់​អ្នកឯង​ថា​គ្រាន់តែ​ចំណូល​គយ​មួយ​គឺ​គ្រប់គ្រាន់​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​មន្ត្រីរាជការ មិន​ចាំ​បាច់​អ្នកឯង​មក​ព្រួយបារម្ភ​ជួស​នោះទេ​”។

ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយ​កា​រដ្ឋមន្ត្រី​លើក​ឡើង​ថា​“​ការបាត់ EBA គឺមាន​តម្លៃ​ស្មើនឹង​សម្លាប់​បក្សប្រឆាំង។ សម្តេច​បន្តថា អំពើ​ខុសច្បាប់​ណា​ដែល​កើត​នៅលើ​ទឹកដី​កម្ពុជា​ត្រូវតែ​បាន​ប្រើ​វិធាន​ផ្លូវច្បាប់​ដើម្បី​ចាត់ការ​យើង​ត្រូវខិតខំ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ឯករាជ្យ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​មានការ​រង្គោះ​រង្គើ​រវាង​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ​នោះ​ទេ រកស៊ី​បង់ពន្ធ​ដែល​គេ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ក៏​នៅតែ​បន្ត​មិនមែន​បានសេចក្តី​ថា ដកហូត​ភាព​អនុគ្រោះ​ហើយ​ផ្ដាច់ចំណង​ផ្នែក​ការទូត​នោះ​ទេ កុំ​យល់​ច្រឡំ​ពួក​អ្នក​បោក​ប្រាស់​កំពុង​ធ្វើកា​រ​បោកប្រាស់​មនុស្ស​មួយចំនួន។

សម្តេច​បន្ត​ថា យើង​នៅតែ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ដែល​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​នឹងធ្វើ​ដំណើរ​មកកាន់​កម្ពុ​ជា​នៅ​ឆ្នាំ​២០២០ តាម​ការ​គ្រោងទុក៕