ព័ត៍មានទាន់​ហេតុការណ៏
Search

កុមារ​កំព្រា​មជ្ឈមណ្ឌល​កូលាប​៤ ​ទទួល​បាន​អំណោយ​នា​ឱកាស​ទិវា ​នៃ​ក្តី​ស្រឡាញ់​ពី​ លោកស្រី សន សុ​ម៉ា​លីន​ដា

​ភ្នំពេញ ​៖​ នា​ឱកាស​ នៃ​ទិវា​ក្តី​ស្រលាញ់​ថ្ងៃ​១៤​កុម្ភៈ​ កុមារកំព្រា​ដែល​កំពុងតែ​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​កុលាប​៤​ គឺ​ទទួលបាន​ការចែករំលែក​សេចក្តីស្រលាញ់ តាមរយៈ​អំណោយ​ជាច្រើន​ពី​សំណាក់​លោកស្រី សន សុ​ម៉ា​លីន​ដា ដែលជា​អគ្គនាយិកា​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី​គ្រុប​ និង​បុគ្គលិក​។

​ការចុះ​ចែក​អំណោយ​ និង​ក្តី​ស្រលាញ់​ចំពោះ​ក្មេងៗ​ពី ​លោកស្រី សន សុ​ម៉ា​លីន​ដា នាពេលនេះ ​គឺ ធ្វើ​ឡើង​ ដើម្បី​ជាការ​លើក​កម្លាំងចិត្ត ​និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួកគាត់​ជា​ក្មេង​កំព្រា​។​

បើតាម​ការលើកឡើងរ​បស់​ លោកស្រី​ សន សុ​ម៉ា​លីន​ដា បាន​បញ្ជាក់ថា​ ការ​ចុះ​ចែករំលែក​ក្តី​ស្រលាញ់ ​និង​អំណោយ​ដល់​កុមារកំព្រា​ប្រមាណ​ជាង​៥០​នាក់​ កំពុង​រស់នៅ​ទីនោះ​ ដោយហេតុថា លោកស្រី​មើលឃើញ​ពី​ការ​អាណិតអាសូរ​ខ្លាំង​ដល់​ពួកគាត់ ​ដែលជា​ក្មេង​កំព្រា ​គ្មាន​ភាពកក់ក្តៅ​ពី​ឪពុកម្ដាយ​ ហើយក៏​ត្រូវ​ទទួល​បានកា​រ​ជួយសង្គ្រោះ​ជីវិត​ចែករំលែក​ចំណេះដឹង​ពី​មជ្ឈមណ្ឌល​កូ​លាប​ទី​៤​ខាងលើនេះ​។​

លោកស្រី​បាន​និយាយទៀតថា​ លោកស្រី​ និង ​លោក ស៊ឹង ប៊ុណ្ណា កាលពី​អតីតកាល​ក៏​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិ​ជា​ក្មេង​កំព្រា​ផងដែរ​ ប៉ុន្តែ​អ្វី​ដែលជា​ភាព​រឹងមាំ​នោះ ​គឺ​ស្ថិត​លើ​តស៊ូ​ និង​ទទួលបាន​ភាព​កក់ក្តៅ​ពី​មនុស្ស​នៅ​ជុំវិញខ្លួន​មួយចំនួន​។ ដូច្នេះ​ហើយដោយ​យល់ឃើញ​ពី​ការលំបាក​ និង​ភាព​កម្សត់​របស់​ខ្លួន​ផង​នោះ ​ទើប​លោកស្រី​តែងតែ​មាន​ការ​អាណិតអាសូរ​ចំពោះ​ក្មេងៗ​កំព្រា​ជាច្រើន​ដែល​កំពុងតែ​រស់នៅក្នុង​មណ្ឌល​។​

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ​ ដែលជា​ឱកាស​ទិវា​ នៃ​ក្តី​ស្រលាញ់​ លោកស្រី សន សុ​ម៉ា​លីន​ដា ក៏បាន​សម្រេចចិត្ត​ជ្រើសរើស​ពេលវេលា​ដ៏​ល្អ​នេះ​នាំ​យក​អំណោយ​មួយ​ចំនួន​ធំ ​រួមទាំង​ថវិកា​ខ្លះៗ​ទៀត​ ដើម្បី​មក​ចែករំលែក​ក្តី​ស្រលាញ់​ដល់​កុមារកំព្រា​ទាំងនោះ​។ ​លើសពីនេះទៅទៀត​ តាមរយៈ​សកម្មភាព​នេះ​ លោកស្រី​ក៏បាន​ចាត់ទុកថា​ជាការ​ផ្តល់នូវ​ភាពកក់ក្តៅ​ និង​លើកទឹកចិត្ត​ដល់​ក្មេងៗ​កំព្រា​ទាំងអស់នេះ​ឲ្យ​កាន់​តែមាន​ភាព​រឹងមាំ​តស៊ូ​ក្នុង​ផ្លូវ​ជីវិត​នាពេល​អនាគត​។​

សូម​បញ្ជាក់​ថា ​មជ្ឈមណ្ឌល​កុលាប​ទី​៤​ដែល​ត្រូវបាន​អ្នកស្រី សន សុ​ម៉ា​លីន​ដា ដឹកនាំ​បុគ្គលិក​ចុះទៅ​ចែក​អំណោយ​និង​ក្តី​ស្រលាញ់​ខាងលើនេះ​គឺមាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​ផ្សារ​ហេង​លី ដែល​បច្ចុប្បន្ន​ក្មេង​កំព្រា ​កំពុងតែ​រស់នៅក្នុង​មណ្ឌល​មាន​ចំនួន​ជាង​៥០​នាក់​។ ​ចំណែក​អំណោយ​ដែល​ទទួល​បាន​នោះ​រួមមាន ​៖​ សម្ភារៈ​សិក្សា គ្រឿង​បរិភោគ របស់របរ​ប្រើប្រាស់​មាន កន្សែង ភួយ​រួម​នឹង​សម្ភារៈ​ជាច្រើន​ទៀត​៕