ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធាចារ្យ ផ្លុ​ង​ មឿ​ក ទទួលមរណភាព​វ័យ​៨៦​ឆ្នាំ​ ខណៈ​បច្ចុប្បន្ន​សព​ ត្រូវ​តម្កល់​នៅ​វត្ត​ស្វាយ​ពែ​

​ភ្នំពេញ ​៖ ​ដំណឹង ​នៃ​មរណភាព​របស់​ព្រឹទ្ធាចារ្យ​ចម្រៀង​អាយ៉ៃ ​លោកតា ​ផ្លុ​ង​ មឿ​ក​ បានធ្វើ​ឲ្យ​មហាជន និង អ្នកសិល្បៈ​ជាច្រើន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ និង​រន្ធត់​ចិត្តខ្លាំង ​ដោយសារតែ​ការ​សោកស្តាយ ​ក្រោយពេល​ត្រូវបាន​បាត់បង់​វីរ​សិល្បករ​ជើងចាស់​ដ៏​មាន​សមត្ថភាព ​ឬ​អាច​ចាត់ទុកថា​នេះ​ជាការ​បាត់បង់​ធនធានមនុស្ស​យ៉ាងសំខាន់​នៅក្នុង​វិស័យ​សិល្បៈ​។​

ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ ​លោកតា ផ្លុ​ង ​មឿ​ក បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​១៤ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ស្ថិតនៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ​ ដោយ​រោគាពាធ​។ ​ដំណឹង​នេះ បានធ្វើ​ឲ្យ​អ្នកសិល្បៈ​ និង​ទស្សនិកជន​ជាច្រើន​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ ខណៈពេល​នេះ សិល្បៈ​អា​យ៉ៃ​ខ្មែរ ​ត្រូវបាន​បាត់បង់​សិល្បករ​ជើងចាស់​ដ៏​មាន​សមត្ថភាព​ និង ទេពកោសល្យ​រូបនេះ​។​

បន្ទាប់ពី​ទទួលមរណភាព ​បច្ចុប្បន្ន​ សព​របស់​ លោកតា ផ្លុ​ង​ មឿ​ក ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​តម្កល់​នៅក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ ​ចំ​ណែក​ឯ​ក្រុមគ្រួសារ​ ក៏​កំពុងតែ​រៀបចំ​ចាត់ចែង​ ដើម្បី​ធ្វើ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី​ពុទ្ធសាសនា​ផង​ដែរ​។​

ដោយឡែក​សម្រាប់​ថ្ងៃ​ នៃ​ពិធី​បូជាសព​របស់​ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ​ លោកតា ផ្លុ​ង ​មឿ​ក នៅ​មិនទាន​មាន​ការ​បញ្ជាក់​ពេលវេលា​នៅឡើយ​ទេ​។​

រម្លឹក​ពី​ប្រវត្តិ​ខ្លះៗ​របស់​ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ​ លោកតា ផ្លុ​ង ​មឿ​ក គឺ​លោកតា​បានកើត​នៅ​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​១៩៤១ ស្ថិតនៅ​ក្នុងភូមិ​កោះស្លា ឃុំ​ស្នោរ ស្រុក​ភ្នំពេញ​ (​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ខេត្តកណ្តាល​ហើយ​លោកតា​គឺជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​៤​នាក់​គឺ​ប្រុស​២​នាក់​ស្រី​២​នាក់​។​ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ​លោកតា ផ្លុ​ង ​មឿ​ក ក៏ត្រូវ​ជា​ចៅ​របស់​កវី​ភិរម្យ​អូ​ ហៅ​លោកតា ​ក្រម​ ង៉ុ​យ ផងដែរ​។​

លោកតា ផ្លុ​ក​ មឿ​ក ដោយសារ​វ័យចាស់​ជរា ​និង​មាន​ជំងឺ​ប្រចាំកាយ​ផង​នោះ ​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ​រហូត​បាត់បង់​សមត្ថភាព​សិល្បៈ​ទាំងស្រុង​ ទើប​នៅ​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ​ លោកតា ផ្លុ​ង​ មឿ​ក ដោយសារ​ទ្រាំទ្រ​នឹង​ជំងឺ​លែង​បាន​ ក៏​ទទួលមរណភាព​ក្នុង​វ័យ​៨៦​ឆ្នាំ​យ៉ាង​សោកស្ដាយ​ជាទីបំផុត​៕