ព័ត៍មានទាន់​ហេតុការណ៏
Search

ក្ដុកក្ដួល​​ណាស់​ ពេល​ឃើញ​ នាយ សាន ម៉ៅ ក្នុង​សភាព​ស្គម​​​ស្លេកស្លាំង​​ សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​រីឯ​បំពង់ក​ត្រូវ​ចោះ​ទៀត!

​ភ្នំពេញ ៖ ពិត​ជា​មាន​អារម្មណ៍​ក្ដុកក្ដួល ​និង​អាណិតអាសូរ​ខ្លាំងណាស់ ​ក្រោយពេល​ឃើញ​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ ​តែងតែ​បង្ក​ភាពសប្បាយ​រីករាយ​ផ្ទុះ​សំណើច​ដល់​មហាជន​ នាយ សាន ម៉ៅ ធ្លាក់ខ្លួន​ដេក​នៅលើ​គ្រែពេទ្យ​ ទាំង​រូបភាព​ស្គម​ស្លេកស្លាំង ​សល់​តែ​ស្បែក​គ្រប់​ដណ្ដប់​ឆ្អឹង​ចំណែក​បំពង់ក​ ក៏​ត្រូវ​ចោះ​ដាក់​ទុយយោ​ផង​ដែរ​។​

តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​តារា​សម្តែង​ប្រុស​ លោក អ៊ឹម ជីវ៉ា​ គ្រា​ដែល​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ​កាលពី​ថ្ងៃទី​១៤​កុម្ភៈ ដែល​ត្រូវ​ឱកាស​ថ្ងៃ​ទិវា​ នៃ​ក្តី​ស្រលាញ់​នោះ ​ត្រូវបាន​គេ​សង្កេតឃើញថា ​នាយ សាន ម៉ៅ ស្ថិតក្នុង​ដំណាក់កាល​នេះ​ គឺ​គួរ​ឲ្យ​អាណិត​ និង​ស្រណោះ​បំផុត ​ព្រោះ​នាយ​ប្រែក្លាយ​ពី​មនុស្ស​ដែល​មាន​សាច់ឈាម​ស្រស់ថ្លា​ទ្រលុកទ្រលន់ ​ប្រែ​មក​ស្លេកស្លាំង​ សល់​តែ​ស្បែក​គ្រប​ដណ្ដប់​ឆ្អឹង​បែបនេះ​។​

បើតាម​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់​ នា​យ សាន ម៉ៅ លោក អ៊ឹម ជីវ៉ា បានលើកឡើង​ថា ​ថ្ងៃ​១៤​កុម្ភៈ​នេះ ​ខ្ញុំបាទ​មក​សួរសុខទុក្ខ​តារា​កំប្លែង​ នាយ សាន ម៉ៅ នៅ​មន្ទីរពេទ្យ​ជោ​រៃ​ ដោយ​ស្ថានភាព​គាត់​នៅពេលនេះ ​គឺ​ក្រុមគ្រូពេទ្យ​ធ្វើការ​ចោះ​បំពង់ក ដោយសារ​នាយ សាន ម៉ៅ ពិបាក​ដកដង្ហើម​ការ​ចោះ​បំពង់ក​ បែបនេះ​ គឺ​មិនអាច​និយាយ​បានទេ​ ក្រោម​ការយកចិត្ត​ទុកដាក់​របស់​ក្រុមគ្រូពេទ្យ​ជំនាញ ​ហើយ​ត្រូវ​ប្រើ​រយៈពេល​ព្យាបាល​មួយ​ខែ​ ទើប​ជាសះស្បើយ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់​បន្ថែមថា​ ក្រុមគ្រួសារ​ នាយ សាន ម៉ៅ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​ដែល​មាន ​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​យកចិត្ត​ទុក​ដាក់​ចំពោះ​ នាយ សាន ម៉ៅ។

សូម​បញ្ជាក់​ថា​ តារា​កំប្លែង​ នាយ សាន ម៉ៅ គិត​រហូត​មកទល់​ពេល​នេះ ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ ​ខណៈ​ស្ថានភាព​ជំងឺ​របស់​នាយ ​ហាក់​នៅ​មិនទាន់​ធូរ​សះស្បើយ​ អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បានឡើយ៕