ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស ​ណ​យ ផ្ដួល ផេ​ត​ឆ័​ត្រ​ឆ័យ ទឹក​២ ខណៈ​ ឈឿន ឆៃ​ដែន បោះបង់​ការប្រកួត​ទឹក​៤

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា វង្ស ណ​យ ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ក្នុង​ទឹក​ទី​២ ហើយ​ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ បាន​បោះបង់ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ នៅក្នុង​ជំនួប​ប្រកួត​ជាមួយ​ថៃ កាលពី​យប់​ថ្ងៃទី​១៥ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

វង្ស ណ​យ នៅក្នុង​ការប្រកួត​ដើម​ទឹក​ទី​២​នោះ បាន​ប្រ​កែង​វាយ​ចំ​ថ្គាម​អ្នក​ប្រដាល់​ថៃ ផេ​ត​ឆ័​ត្រ​ឆ័យ ស​.​ប៊ុន​យៀម មួយ​កែង​ពេញ​តែម្តង ធ្វើឲ្យ ឆ័​ត្រ​ឆ័យ ដួល​លើ​រេញ ហើយ​អាជ្ញាកណ្ដាល​បានសម្រេច​បញ្ឈប់​អ្នក​ប្រដាល់​ថៃ​រូបនេះ លែង​ឲ្យ​ប្រកួត ដោយសារ​មើលឃើញ​ឆ័​ត្រ​ឆ័យ មាន​សភាព​ធ្ងន់ធ្ងរ​នោះ។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​ផេ​ត​ឆ័​ត្រ​ឆ័យ ក្រោយពេល​គេ​សម្រួល​ឲ្យ​ដឹងខ្លួន​នោះ គេ​អះអាង​ថា ​រូបគេ​នៅ​អាច​បន្ត​ការប្រកួត​ទៀត​បាន។

ផេ​ត​ឆ័​ត្រ​ឆ័យ គេ​ខ្លាំង​គួរសម​ដែរ បើសិនជា​មិន​ស៊យ​ត្រូវ​កែង​របស់​វង្ស​ណ​យ​មុន​នោះទេ វង្ស ណ​យ ក៏​ប្រហែលជា​រាង​យ៉ាប់​ផ្តួល​គេ​បានដែរ ។​ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់៧១គីឡូក្រាម ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨៦​លើក ឈ្នះ​៦៤​លើក ចាញ់​២០​លើក ស្មើ​០៣​លើក និង​ធ្លាប់​វាយ​ដៃគូ​អោយ​សន្លប់​២០​លើក។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឹ​នៅតែ​តិចជាង​ពាក់កណ្តាល​ឯណោះ។​

ចំពោះ ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ត្រូវ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ហ្វា​សះ​ថា​ន សា​កា​ធិ ទាត់​ជើង​ក្រោម​អោយ​ដួល​ក្រោក​លែងរួច​នៅក្នុង​ទឹក​ទី​៤ ខ​ណះ​ដែល​ឆៃ​ដែន គេ​មានប្រៀប​ឈ្នះ​លើ​ថៃ​រូបនេះ​បី​ទឹក​ទៅហើយនោះ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។​

អ្នក​ប្រដាល់​ថៃ ហ្វា​សះ​ថា​ន នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​៧​ថៃ ទោះបីជា​ចាញ់​ប្រៀប​ឆៃ​ដែន ដោយ​ត្រូវ​កណ្តាប់ដៃ កែង និង​ជើង​ទាត់​របស់​ឆៃ​ដែន​ច្រើនយ៉ាង​ណា​ក៏ដោយ ក៏​គេ​នៅតែមាន​ជំហរ​រឹងមាំ និង​ទប់ទល់​ជាមួយ​ឆៃ​ដែន​បាន។ ហើយ​ជាមួយនេះ គេ​បាន​រក​ឃើញ​ចំណុចខ្សោយ​របស់​ឆៃ​ដែន នៅត្រង់​ជើង​ក្រោម​នេះ ទើប​គេ​ព្យាយាម​ទាត់​ជើង​ខាងឆ្វេង​របស់​ឆៃ​ដែន រហូត​ទាល់តែ​ឆៃ​ដែន​ឈឺ​កជើង​ឆ្វេង​ដួល​ក្រោក​លែងរួច​តែម្តង។

ឆៃ​ដែន គេ​អន់​តែ​ជើង​ក្រោម​នេះឯង កាលពី​ប្រកួត​លើក​មុន គេ​ក៏​ខូច​ជើង​ដែរ ដោយ​ត្រូវ​ផ្អាក​ការ​ប្រកួត​អស់​រយៈពេល​ប្រមាណ​៦​ខែ ទើបតែ​វិល​មក​ប្រកួត​វិញ​បាន​ពីរលើក​ទាំង​លើក​នេះ ហើយក៏​ត្រូវ​អ្នក​ប្រដាល់​ថៃ ហ្វា​សះ​ថា​ន ទាត់ឲ្យ​ខូច​ទៀត។
​ ​
សូមបញ្ជាក់ថា មុន​ជួប​អ្នក​ប្រដាល់​ថៃ​ហ្វា​សះ​ថា​ន នេះ ឈឿន ឆៃ​ដែន បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Chhay Lek ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០៥​ ខែ​មករា ឆ្នាំ​២០១៩។

ចំណែក​ការប្រកួត​មិត្តភាព​ខ្មែរ​ និង​ខ្មែរ​វិញ ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ ដែល​ឡើង​ប្រកួត​សងសឹក​ជាមួយ ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​នោះ គឺ​ពុំបាន​សម្រេច​នោះឡើយ ដោយ​វាយ​ចាញ់​ពិន្ទុ​ភី​រម្យ​ទៀត។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ កាលពី​ជួបគ្នា​លើក​មុន ជុន សាវុធ ចាញ់​ម៉ន ភី​រម្យ​ដោយ​សន្លប់​ឯណោះ តែ​លើក​នេះ ឡើង​សងសឹក​គេ​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

លី សំអន អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​មី​ស្ទឺ​លី​គុន​ខ្មែរ បាន​វាយ​ឈ្នះ សំ អាន អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​កង​ពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ ហើយ​អ្នក​ប្រដាល់​វ័យក្មេង​បាង បិ​ក ក្លិប​អាណាចក្រ​គុន​ខ្មែរ វាយ​ចាញ់​អ្នក​ប្រដាល់​វ័យក្មេង ឡុង ប៊ុន​សំណាង ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម​ដោយ​ពិន្ទុ​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114