ព័ត៍មានទាន់​ហេតុការណ៏
Search

គន់ រៀម​រតនៈ ហៅ​ចែ រ៉ូ​ហ្សា ធ្វើការ​អំពាវនាវ​រៃអង្គាស​ថវិកា​ជួយ​ចាក់​បំពេញ​ដី​ទី​វត្ត​អារាម​មួយ​កន្លែង​នៅ​ស្រុកកំណើត​ខ្លួន​ និង​កវីនិពន្ធ​រឿង​ទុំ​ទាវ ងួន សោម

ភ្នំពេញ ​៖ ​តារា​សម្ដែង​លក្ខណៈ​ភេទ​ទី​៣​ លោក គន់ រៀម​រតនៈ ហៅ​ចែ រ៉ូ​ហ្សា ព្រោះតែ​មើល​ឃើញ​ពី​ការខ្វះខាត ​និង​កំពុង​ត្រូវការ​ចំាបាច់​នូវ​ថវិកា​មួយ​ចំនួន​ដើម្បី​រួមចំណែក​ក្នុង​ការ​ជួយ​កសាង​ និង​ចាក់ដី​បំពេញ​ទីធ្លា​ធ្វើ​ក្នុង​ទី​អារាម​វត្ត​ឥន្ទ​កាលា​កំ​ព្រៅ ​ដែលជា​ស្រុកកំណើត​របស់ខ្លួន​ និង​ក៏​ជា​ស្រុកកំណើត​កវីនិពន្ធ​រឿង​ទុំទាវ ងួន សោម នោះ ​លោក​នៅតែ​បន្តធ្វើ​ការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក ​ធ្វើការ​រ៉ៃ​អង្គាស​ថវិកា។

បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់​តារា​សម្ដែង ​លោក គន់ រៀម​រតនៈ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នៅក្នុង​ទី​អារាម​វត្ត​ឥន្ទ​កាលា​កំ​ព្រៅ​ គឺ​កំពុងតែ​ជួប​ការខ្វះខាត​នូវ​ថវិកា​មួយចំនួន​ ដើម្បី​ធ្វើការ​ចាក់​បំពេញ​ទីធ្លា​វត្ត​ទាំងមូល​សម្រាប់​ត្រៀម​ធ្វើបុណ្យ​ឆ្លង​មហា​ចេតិយ​ឥន្ទ​កាលា ​នៅ​ខែមេសា​ខាងមុខនេះ​។ ដូច្នេះហើយ ​ក្នុងនាម​ព្រះចៅអធិការ​វត្ត​ ក៏ដូចជា​លោក​ផ្ទាល់​ សូម​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ មេត្តា​ជួយ​បរិច្ចាគ​ថវិកា​ខ្លះៗ ​ដើម្បី​ចូលរួម​ជួយ​កសាង​វត្ត​មួយ​កន្លែង​នេះ​ផង។

តារា​សម្ដែង ​គន់ រៀម​រតនៈ​ បាន​បន្ត​ទៀត​ថា ​វត្ត​ឥន្ទ​កាលា​កំ​ព្រៅ​ខាង​លើ​នេះ​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ កំ​ព្រៅ​ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង ​ហើយក៏​ជាវ​ត្ត​កំណើត​របស់​កវីនិពន្ធ​ប្រលោម​លោក​ដ៏​ល្បីល្បាញ​ក្នុង​រឿង ទុំ​ទាវ និង​ផ្ការាំ​ ទឹក​រាំ ​គឺ​ភិក្ខុ​សោម ងួន សោម រួម​ទាំង​រឿង​ប្រលោម​លោក​ល្បីៗ​ជាច្រើន​ទៀត​។​ ពេលនេះ​ កំពុង​ជួប​ការ​ខ្វះខាត​ក្នុងការ​កសាង​សមិទ្ធផល​នានា​ និង​ចាក់​ដី​បំពេញ​ទីធ្លា​វត្ត​ទាំងមូល ​ដើម្បី​ត្រៀម​ធ្វើបុណ្យ​ឆ្លង​មហា​ចេតិយ​ឥន្ទ​កាលា​ដ៏​ធំ​។​

ជាមួយគ្នានេះ​ លោក គន់ រៀម​រតនៈ ហៅ​ចែ រ៉ូ​ហ្សា ក៏បាន​ធ្វើការ​អំពាវនាវ​ថា ​ខ្ញុំ​សូម​អំពាវនាវ​ដ៏​សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជន ទាំង​ក្នុង​និង​ក្រៅប្រទេស​ សូមមេត្តា​ជួយ​តាម​កម្លាំង​សុធា​ជ្រះថ្លា​។​

លោក​ថា បើ​សប្បុរសជន​មានបំណង​ចូលរួម​បរិច្ចាគ​ថវិកា ​រួមចំណែក​ក្នុងការ​កសាង​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​ ៖០១១ ៦៨ ៦៨ ៧៩ ​និង​ ០១០ ៦៨ ៦៨ ៧៩។

​សូម​បញ្ជាក់​ថា​ លោក គន់ រៀម​រតនៈ នឹង​នាំ​យក​ថវិកា​របស់​សប្បុរសជន​ដែល​រៃអង្គាស​បានជា​លើក​ទី​២​ ទៅ​ប្រគល់​ជូន​ដល់ទី​វត្ត​អារាម​ខាងលើនេះ​ នាពេល​ឆាប់ៗ​នេះ​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114