ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ឧបត្ថម្ភ​មូលនិធិ​បាល់ទាត់ KMH

ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ដែលជា​ធនាគារ​អឺរ៉ុប​តែមួយគត់ និង​ជា​ធនាគារ​អន្តរជាតិ​ដ៏​ធំជាងគេ​បង្អស់ នៅ​ប្រទេស​កម្ពុជា មាន​សេចក្ដីសោមនស្ស​រីករាយ និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​បាន​ធ្វើជា​អ្នក​ឧបត្ថម្ភ​ធំ​របស់​មូលនិធិ​បាល់ទាត់ KMH​។​

​មូលនិធិ​បាល់ទាត់ KMH ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​២០១២ ដោយ​សមាជិក​ក្រុម ISI ក្នុងទិសដៅ​
​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា និង​ចូលរួមចំណែក​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ឲ្យ​ក្លាយជា​កីឡាករ​អាជីព តាមរយៈ​ការ​ហ្វឹកហ្វឺន​ដែលមាន​លក្ខណៈ​ស្តង់ដារ​។​

​លោក Guillaume Perdon អគ្គនាយក​ នៃធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​យល់ច្បាស់​ពី​អត្ថ​ប្រយោជន៍​របស់​កីឡា សម្រាប់​សុខភាព ហើយ​ជាពិសេស បាន​សង្កេត​ឃើញ​ថា ជនជាតិខ្មែរ ទាំង​ប្រុស ទាំងស្រី ទាំងចាស់ ទាំង​ក្មេង សុទ្ធតែ​ចូលចិត្ត​លេង​កីឡា មិន​ថា​ពួកគាត់​ធ្វើ​កីឡា ដើម្បី​សុខ​ភាព ឬ​ដើម្បី​ជាការ​កម្សាន្ត​សប្បាយ​នោះទេ​។

លោក​ក៏បាន​បន្ថែមទៀតថា ការចូលរួម​ឧបត្ថម្ភ​ក្នុង​គម្រោង​កីឡា​នេះ គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម​កម្ពុជា ក៏ដូចជា​លើកស្ទួយ​សុខភាព​របស់​ប្រជាជន​ខ្មែរ​ផងដែរ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា នៅ​ខែមីនា ឆ្នាំ​២០១៧ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ​ជាច្រើន ដែលជា​កម្មវិធី​លើកស្ទួយ​សកម្មភាព​សង្គម សិល្បៈ ក៏ដូចជា​វប្បធម៌​ខ្មែរ ក្នុងនោះ​មាន​ជាអាទិ៍ មហោស្រព​រូបថត​អង្គរ (Angkor Photo Festival) ពិព័រណ៍​នារី​សម័យថ្មី (Ladies Fair) សិល្បៈ​គំនូរ​ទីក្រុង​កម្ពុជា (Cambodian Urban Art) ពិព័រណ៍​កុមារ​និង​គ្រួសារ (Kids Fair & Family Expo)​។..​ល​។​

​បច្ចុប្បន្ន ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា មាន​សាខា​សរុប ចំនួន​៤ ដែល ៣ នៅ​ទីក្រុង​ភ្នំពេញ ១ នៅ​ខេត្តសៀមរាប​។ នៅក្នុង​ខែកុម្ភៈ​នេះ ធនាគារ​នឹងដាក់​ដំណើរការ​សាខា​ថ្មី នៅ​ខេត្តបាត់ដំបង ហើយក៏​នឹង​គ្រោង​បើក​សាខា​មួយទៀត នៅ​រង្វង់​មូល​ចោមចៅ នៅមុន​រដូវភ្លៀង​ខាងមុខ​នេះដែរ​។ ទិសដៅ​របស់ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា គឺ​បើក​សាខា​ឲ្យ​បាន​ចំនួន​២០ និង​ដាក់​ដំណើរការ​ម៉ាស៊ីន​អេ​ធី​អឹម​ឲ្យ​បាន​ចំនួន ១០០ នៅត្រឹម​ដំណាច់ ឆ្នាំ​២០២០​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114