ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញាក់ផ្អើល ! លោកតា ហ្វុ​យ​ហ្សូ ត្រូវ​បាត់​ខ្លួន​អំឡុង​ពេល​ទៅ​ហាត់ប្រាណ​

ភ្នំពេញ ​៖ ​កើត​ការ​ភ្ញាក់ផ្អើល​ ក្រោយពេល​មានការ​ប្រកាស​ដំណឹង​បាត់​ខ្លួន ​និង​ស្វែងរក​តារា​ជើង​ចាស់​ លោកតា ហ្វុ​យ​ស្សូ បន្ទាប់ពី​រូបគាត់​បានធ្វើ​ដំណើរ​តាម​រថយន្ត​ ដើម្បី​ទៅធ្វើ​ការហាត់​ប្រាណ​ទាំង​រូបគាត់​កំពុងមាន​ជំងឺ​ប្រចាំកាយ​ផង​នោះ​។​

ចំពោះ​ដំណឹង​ប្រកាស ​នៃ​ការ​បាត់​ខ្លួន​តារា​សម្តែង​ជើងចាស់ ​លោកតា ហ្វុ​យ​ហ្សូ ខាង​លើ​នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​កំពុងតែ​សម្ដែង​ក្តី​ព្រួយបារម្ភ​លើ​សុវត្ថិភាព​របស់​គាត់ ខណៈ​ដែល​បច្ចុប្បន្ន​លោក​តា​កំពុង​មាន​ជំងឺ​ប្រចាំកាយ​។

ម្យ៉ាងទៀត​ ភ្លាមៗ​នោះ ​ក៏មាន​មហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​បាន​បន្ត​ការ​ស៊ែរ​ចែករំលែក​ព័ត៌មាន ​ដើម្បី​ជា​ដំណឹង​ក្នុង​ស្វែងរក​ លោកតា ហ្វុ​យ​ហ្សូ​។​

បើ​យោងតាម​ការ​បង្ហោះ ​និង​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​កូនប្រុស​ លោកតា ហ្វុ​យ​ហ្សូ គឺ​លោក សា​រ៉ា​ត បាន​បញ្ជាក់ថា​ លោកតា ហ្វុ​យ​ហ្សូ កាលពី​វេលា​ម៉ោង​៦ ល្ងាច​ថ្ងៃទី​១៥​កុម្ភៈ បាន​ចេញ​ដំណើរ​ដើម្បី​ទៅ​ហាត់ប្រាណ​តាមរយៈ​ការ​ជិះ​រថយន្ត​ម៉ា Plus ពណ៌​ស ស្លាក​លេខ 2AY 8814។

ប្រភព​ខាងលើ​បាន​បន្តទៀតថា ​រហូតមក​ទល់​ពេលនេះ​ គាត់​នៅ​មិនទានមាន​ដំណឹង​ ឬ​វិលត្រឡប់​មកដល​ផ្ទះ​វិញ​ឡើយ។

លោកតា​ ហ្វុ​យ​ហ្សូ​ កន្លងមក​ គាត់​មិនដែល​បាត់​ដំណឹង​បែបនេះ​ទេ ម្យ៉ាងទៀត​អំឡុង​ពេលនេះ​គាត់​ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផងដែរ​។​ ដូច្នេះ ​ប្រសិនបើ​បងប្អូន​ ឬ​មហាជន​បានឃើញ​ និង​ជួប​គាត់​នៅ​កន្លែង​ណា​ សូម​មេត្តា​ជួយ​ផ្តល់​ដំណឹង​តាមរយៈ​លេខ​ទូរស័ព្ទ​ ៖ ០៨៦ ២១ ៧២ ២៣, ០១៦ ៦២ ២២ ០០, ០១០ ៦២ ២២ ០០, ០១១ ៦២ ២២ ១១។

សូមបញ្ជាក់ថា​ អ្វីដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ និង​កូនចៅ​កាន់​តែមាន​ក្តី​ព្រួយបារម្ភ​ខ្លាំង​នោះ ​ព្រោះថា​លោកតា ហ្វុ​យ​ហ្សូ បច្ចុប្បន្ន​មាន​វ័យ​រហូតដល់​ទៅ​៧៥​ឆ្នាំ​ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​។​ គេ​ចាំបាន​ថា​ តារា​ជើងចាស់ ​លោកតា ហ្វុ​យ​ហ្សូ កាលពី​កន្លងមក ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវ​បាន​ក្រុមគ្រួសារ​ចំណាយ​ប្រាក់​ព្យាបាល​អស់​ជាច្រើន​។ ​ប៉ុន្តែ​ក្រោយ​ទទួលបាន​ការព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​លោកតា​ក៏មាន​សុខភាព​ប្រសើរ​ឡើងវិញ​ ចំណែកឯ​សមត្ថភាព​សិល្បៈ​ ត្រូវ​បាន​បាត់បង់​ទាំង​ស្រុង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114