ព័ត៌មានជាតិ
ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ប្រើដ្រូនធ្វើផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែងនៅភូមិព្រៃចាន់ និងជោគជ័យ
ក្រុមវាស់វែងចម្រុះនៃកម្ពុជា-ថៃ បានបន្តអនុវត្តការងារប្រើដ្រូនថតរូបពីលើអាកាស ដើម្បីបង្កើតផែនទីរូបថត មុននឹងឈានដល់ការបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់ ៤៧។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា។

ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ននៅភូមិព្រៃចាន់ និងភូមិជោគជ័យ នេះ គឺធ្វើឡើងដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ នេះបើតាមការបញ្ជាក់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើទំព័រហ្វេសប៊ុកផ្លូវការកាលពីចុងខែតុលា។

បើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គ.ម ស្មើនឹងប្រមាណ ៧៦% ហើយការងារថតរូបពីលើអាកាសនេះ គ្រោងបញ្ចប់នៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខ។

តាមប្រភពខាងលើ ក្រោយការងារថតរូបលើអាកាសបញ្ចប់ ភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២។ ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៣-៤៧។

ការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថា ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន ជាពិសេសបង្គោលព្រំដែនលេខ៤២ ដល់ ៤៧ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះ បង្គោល របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការ បោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

ស្របពេលដែលការងារវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ននៅកំពុងដំណើរការ មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កត់សម្គាល់ឃើញថាក្រុមដែលមាននិន្នាការប្រឆាំងនៅក្រៅស្រុក បានបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងញុះញង់ ដុតឱ្យខ្លោចរោយឱ្យឆៅលើបញ្ហាព្រំដែន។ មន្ត្រីជាន់ខ្ពស់ដដែលអំពាវនាវពលរដ្ឋខ្មែរត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែល ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន -សៀម និងកុំជឿលើការញុះញង់ និងការផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំង៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


