ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ បាន​សម្ដែង​ក្តី​រីករាយ​ ព្រោះ​មន្ត្រី​សុរិយោដី​ខេត្ត ចុះ​វាស់​វែង​ដីធ្លី​ជូន​ពួកគាត់ ​

​ប៉ៃលិន ៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​សម្តែង​ក្តី​រីករាយ​សប្បាយចិត្ត ដោយ​សារបាន​មន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ចុះ​វាស់វែង​ដីធ្លី​ជូន​ពួកគាត់ ដើម្បី​ចេញ​ប័ណ្ណ​កាន់កាប់​ដីធ្លី ដោយ​ស្របច្បាប់ សម្រាប់​ជា​ប្រយោជន៍ ក្នុង​ការយក​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ​។​

បើតាម​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​កុម្ភៈ​​ថា​ ពួកគាត់​មាន​សេចក្ដី​រីករាយ ក្នុង​ចិត្ត ព្រោះ​បាន​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន ចុះ​វាស់វែង​ដីធ្លី ឲ្យ​ពួក​គាត់​ដល់​លំនៅដ្ឋាន ដោយ​អ្នកខ្លះ​មាន​ដីស្រែ និង​ដី​ភូមិ​ជាដើម ហើយ​ការវាស់វែង​នេះ គឺ​មិនត្រូវ​ឲ្យ​បង់ប្រាក់​នោះទេ​។​

ពលរដ្ឋ​បាន​បន្តថា​ ការដែល​ពួកគាត់​សប្បាយចិត្ត ព្រោះ​នៅពេល​ចុះ​វាស់វែង​រួចរាល់ អាជ្ញាធរ​ជំនាញ នឹង​ចេញ​ប័ណ្ណ​(​ប្លង់​) កម្មសិទ្ធិ​ស្របច្បាប់​ឲ្យ​ពួកគាត់ ដើម្បី​ពួកគាត់ អាច​យកទៅ​ប្រើប្រាស់ ជា​ប្រយោជន៍​ផ្សេងៗ និង​នៅពេល​ខ្លះ ត្រូវការ​ប្រាក់​ជា​ចាំបាច់ ដែល​ត្រូវយក​វា​ទៅ​លក់ ឬ​បញ្ចាំ​ជាដើម ។ ជាមួយគ្នានេះដែរ ពួកគាត់​ក៏​សូម​ថ្លែងអំណរគុណ ដល់​មន្ត្រី​សុរិយោដី អាជ្ញាធរខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ផែនការ​វាស់វែង​ដីធ្លី លក្ខណៈ​ជា​ប្រព័ន្ធ ចែកជូន​ប្រជា​ពលរដ្ឋ​ដូច​ពួកគាត់​បែបនេះ​ផងដែរ​។​

បើតាម​ លោក នួន ប៊ុន​ថុល ជា​ប្រធាន​ឈ្វៀ​ល​ក្រុមទី​២ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត មានប្រសាសន៍​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​ ការចុះវាស់វែង​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ គឺ​យើង បាន​ចុះ​ផ្សព្វផ្សាយ​មុន ដើម្បី​កំណត់​អំពី​ភូមិ​/​ឃុំ ដែល​ត្រូវ​ចុះ​អនុវត្តន៍ បន្ទាប់​ក្នុងពេល​បំពេញបេសកកម្ម ក៏​យើង​តម្រូវ​ឲ្យ​មាន​តំណាង​ភូមិ​ម្នាក់ ដែល​ស្គាល់​អត្តសញ្ញាណ​ដី​ច្បាស់លាស់ រួម​ដំណើរ​ជាមួយ ដើម្បី​ចុះ​វាស់វែង​ដី ជូន​ប្រជាពលរដ្ឋ​តែម្តង​។

​លោក​បាន​បន្តថា​ ចំណែក​របៀប​ការ​វាស់ គឺ​ត្រូវ​វាស់​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​ទាំងអស់ មិនអាច​ឆ្លាស់គ្នា​បាន​នោះទេ ហើយ​ម្យ៉ាងវិញទៀត បើ​យើង​ចុះ​នៅ​ឃុំ​ណា គឺ​យើង​ធ្វើ​នៅ​ឃុំ​នោះ រហូតដល់​អស់ ទើប​យើង​ដក​ទៅ​ដាក់ ក្នុងភូមិ ​ឬ​ឃុំ​មួយទៀត​។

​លោក​បាន​បញ្ជាក់​ថា​ នៅក្នុង​ខេត្ត​ប៉ៃលិន មាន​មន្ត្រី​ចុះ​ឈ្វៀ​ល​ដី មាន​ចំនួន​ពីរ​ក្រុម ហើយ​ចំពោះ​ក្រុម​ទី​២ របស់លោក ទើបតែ​បាន​ចុះ​បំពេញការងារ​នៅក្នុង​ភូមិ​ក្ងោក​នេះ បាន​ទិន្នន័យ​បឋម​ចំនួន​៦០​ក្បាលដី ហើយ​ក្នុង​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​នេះ ហើយ​ក្នុងនោះដែរ​យើង​ក៏​មាន​បញ្ហា​ប្រឈម​តិចតួច ដោយសារ​ខែ​នេះ ជា​ខែ​ប្រមូល​ផល​របស់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​មួយចំនួន មិនបាន​នៅផ្ទះ​ជុំគ្នា​នោះទេ វា​អាច​យឺតយ៉ាវ​ក្នុងការ​វាស់វែង ចំពោះ​អ្វី​ដែលជា​បញ្ហា​ប្រឈម​ខ្លាំង​នោះ​ គឺ​ប្រជាពលរដ្ឋ​ម្នាក់ មាន​ឈ្មោះ​ដល់​ទៅ​បី នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​យើង​ពិបាក​ក្នុង​វិនិច្ឆ័យ​សម្រេច។​

ចំពោះ​ក្រុម​របស់លោក អនុវត្តន៍​ចាប់តាំងពី​ឆ្នាំ​២០១៤​មក បាន​ចំនួន​៧២០០​ក្បាលដី ,​ភូមិ​បាន​ចំនួន​១៣​ភូមិ ,​សង្កាត់​បាន​ចំនួន​០៣ ចំណែក​ក្បាលដី ដែល​ចេញ​ប្លង់​ហើយ​ចំនួន​១៣៦០​ក្បាលដី​ហើយ​ដែរ។​

ជាមួយគ្នានេះដែរ លោក​ក៏​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​ចូលរួម​សហការ​ជា​មួយ​មន្ត្រី​យើង ក្នុងការ​វាស់វែង ​និង​កំណត់​ព្រំ និង​សូម​ដាំ​បង្គោល​ព្រំ​ជា​បង្គោល​រឹងមាំ ព្រោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្លះ​គាត់​មិនមាន​បង្គោលព្រំ​ច្បាស់លាស់​នោះទេ គឺ​គាត់​យក​ឈើ​មក​ដោត ដើម្បី​ឲ្យ​មន្ត្រី​យើង​វាស់វែង​ជូន​ក៏​មាន​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114