ព័ត៍មានទាន់​ហេតុការណ៏
Search

យុទ្ធនាការ​ សៀមរាប​ផ្ទះ​ខ្ញុំ បើក​ការប្រកួត​ពានរង្វាន់​បាល់ទាត់​សប្បុរសធម៌​វ័យ​ចំណាស់ អាយុ​លើស ៣៥​ឆ្នាំ​ ២០១៩

សៀមរាប ៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សហភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា (​ស​.​ក​.​យ​.​ក​) ខេត្តសៀមរាប បាន​សហការ​ជាមួយ​សមាគម​កីឡាបាល់ទាត់​ខេត្ត បាន​បើក​យុទ្ធនាការ សៀមរាប​ផ្ទះ​ខ្ញុំ ក្រោម​ប្រធានបទ «​កីឡា ដើម្បី​សុខភាព ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​បាល់ទាត់​សប្បុរសធម៌​វ័យ​ចំណាស់ អាយុ​លើស​៣៥​ឆ្នាំ​_២០១៩_​រដូវ​កាល​ទី​២»។

ហើយ​ពិធី​បើក​ការប្រកួត ពានរង្វាន់ នៃ​យុទ្ធនាការ​នេះ បានធ្វើ​ឡើង​ក្នុង​វត្តមាន​របស់ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប​, និង​វត្តមាន លោក សំកុល សុចិ​ត្រា អនុប្រធាន ស​.​ក​.​យ​.​ក ខេត្ត​សៀមរាប​, លោក ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តសៀមរាប និង​ជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​ខេត្តសៀមរាប រួម​នឹង​សហការី កីឡាករ មន្ត្រី រាជការ នៃ​មន្ទីរ ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​សាធារណជន ដែល​ស្រឡាញ់​វិស័យ​កីឡា​មួយចំនួនទៀត ផងដែរ។​

លោក ពៅ ពិសិដ្ឋ បាន​មានប្រសាសន៍​ថ្លែង​នៅក្នុង​ពិធី​បើក​ការប្រកួត​នេះ​ថា យុទ្ធនាការ​នេះ បាន​បើក​ការប្រកួត ក្នុង​គោលបំណង​កៀរគរ​រក​ថវិកា ដើម្បី​ជា​ជំនួយ​ក្នុង​ការធ្វើការងារ​មនុស្សធម៌ និង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​ដើម្បី​សុខភាព។

លោក​បាន​មានប្រសាសន៍​ទៀតថា ការប្រកួត​លើក​នេះ គឺជា​ការចូលរួមចំណែក​មួយ​ក្នុង​ការធ្វើ​ឲ្យ​វិស័យ​កីឡា​របស់​កម្ពុជា ក៏ដូចជា​វិស័យ​អប់រំ​នៅ​ខេត្តសៀមរាប មានការ​រីកចម្រើន និង​ឈាន​ឆ្ពោះទៅ​មុខជា​លំដាប់។ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ ចំនួន​៨​ចំណុច ចំណុច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺមាន​កំណែ​ទម្រង់ការ​ងារ​អប់រំ​កាយ និង​កីឡា ដើម្បី​លើកកម្ពស់​សុខភាព សមត្ថភាព​ជំនាញ បច្ចេកទេស អប់រំ​កាយ កីឡា​របស់​សិស្ស និស្សិត យុវជន និង​មហាជន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានឆ្ពោះ​ទៅកាន់​ការប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ផងដែរ។​

លោក សំកុល សុចិ​ត្រា អនុប្រធាន ស​.​ក​.​យ​.​ក ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ការប្រកួត​ពានរង្វាន់​នេះ បាន​ប្រកួត​វិញ​ជុំ នៅ​ទីលាន​បាល់ទាត់ ស​.​ស​.​យ​.​ក ក្រុង​សៀមរាប។ ការប្រកួត គឺ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ រៀងរាល់​ចុង​សប្ដាហ៍ ដែល​ក្នុង​មួយថ្ងៃ​ត្រូវ​ប្រកួត​ពីរ​គូរ ក្នុង​មួយគូរៗ មាន​រយៈពេល​៩០​នាទី ដោយ​ចាប់ផ្ដើម​ពី​រសៀល​ម៉ោង១៥​និង​០០​នាទី ដល់​ម៉ោង២១និង​០០​នាទី​។ ក្រុមកីឡា​ដែល​បាន​ចូលរួម​ប្រកួត​មាន​ចំនួន១២​ក្រុម។​

សូម​បញ្ជាក់​ផងដែរ​ថា ក្រោម​ការដឹកនាំ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ ផងដែរ៕