ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដាក់​ចេញ​នូវ​អនុសាសន៍​៥​ចំណុច ​ដើម្បី​ថែទាំ​សុខភាព​មាតា ទារក និង​កុមារ​

​ភ្នំពេញ ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ បានដាក់​ចេញ នូវ​អនុសាសន៍​៥​ចំណុច​ ក្នុង​ការថែទាំ​សុខភាព​មាតា ទារក និង​កុមារ ចាប់ពី​ពេល​មានគភ៌ ពេល​សម្រាល និង​ពេល​ក្រោយ​សម្រាល​បុត្រ​ដើម្បី​លើកកម្ពស់​សុខភាព​មាតា ទារក​និង​កុមារ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

យោងតាម​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន​បង​-​ប្អូន​ជនរួមជាតិ ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ថ្ងៃទី​២១ ខែ​កម្ភៈ ​ឆ្នាំ​២០១៩ ​ដែល​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ ​បាន​ឲ្យ​ដឹងថា​ អនុសាសន៍​ទាំង​៥​ចំណុច​នោះ​រួមមាន​១-សូម​ឲ្យ​ស្ត្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ តាម​កាលកំណត់​ទទួលយក សេវា​បង្ការ ព្យាបាល​ទាំងអស់ ឲ្យ​បាន​ទៀង​ទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម ​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគ​អេដស៍ និង​មេរោគ​ស្វាយ ដើម្បី​លុបបំបាត់ ពិការភាព និង​ការ​ចម្លង​ជំងឺ​ទាំងពីរ​នេះ ពី​ម្តាយ​ទៅ​កូន​។​
២-សូម​ទៅ​សម្រាលកូន នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែលមាន​គ្រូពេទ្យ​ឆ្មប​ជំនាញ ទទួល​បាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។​ ៣-សូម​អញ្ជើញ​ទៅពិនិត្យ​សុខភាព ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ ជំងឺ​១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។​ ៤-សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់ ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់គ្រឿង​) រួមជាមួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្តាយ រហូត​ដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។​ និង​ទី​៥-សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម នៅ​ពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែលមាន​រាងកាយ ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ឲ្យ​ដឹង​ទៀតថា ​ដើម្បី​ចូលរួមចំណែក​ទៅ​សម្រេច​បាន គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ការងារ​ចាំបាច់​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ ក្នុង​ការ​ថែទាំ​សុខភាព​មាតា ទារក និង​កុមារ ចាប់ពី​ពេល មានគភ៌ ពេល​សម្រាល និង​ពេល​ក្រោយ​សម្រាល​បុត្រ រួមទាំង​ការ​ពន្យារ​កំណើត ពី​កូន​មួយ​ទៅ​កូន បន្ទាប់​ការចិញ្ចឹម​ទារក និង​អាហារូបត្ថម្ភ ដើម្បី​ឲ្យ​មាតា និង​ទារក មាន​សុខ​ភាពល្អ។​

ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​អំពាវនាវ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិ​បាល អ្នកផ្តល់​សេវា​ទាំងអស់ ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានទៅ​សម្រេចបាន​គោលដៅ​កាត់បន្ថយ​អត្រា​ការ​ស្លាប់​របស់​មាតា ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ ការស្លាប់​របស់​ទារក​ទើបនឹង​កើត និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ តាម​ការកំណត់​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ និង​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ សូម​បន្ត​ជួយ​វិនិយោគ​គាំទ្រ​ដល់​ការងារ​សុខភាព​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​។​

ទាក់​ទិន​នឹង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃទី​២១​កុម្ភៈ​នេះ​ដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​លើកឡើង​ក្នុង​សារលិខិត​ដដែល​នោះ​ថា «​បងប្អូន​ជនរួមជាតិ ជាទីគោរព​ស្រឡាញ់ និង​ជាទី​នឹក​រឭក​! ខ្ញុំ​មាន​សេចក្ដីសោមនស្ស​ជា​ពន្លឹក ដោយ​បាន​ចូលរួម​ជាមួយ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​យុវជន​ទាំងអស់ ក្នុងឱកាស​អបអរសាទរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ទិវា​នេះ​មានបំណង​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​មាតា ទារក និង​កុមារ នៅ​ទូទាំងប្រទេស​»៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114