ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Guaido អំពាវនាវ​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​មួយ​លាន​នាក់​ក្នុង​ការ​ប្រឈមមុខ​ដើម្បី​ជំនួយ​

មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido បានកំណត់​គោលដៅ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ការប្រមូល​អ្នកស្ម័គ្រចិត្ត​ចំនួន​មួយ​លាន​នាក់​ក្នុង​រយៈពេល​មួយ​សបា្ដហ៍​ដើម្បី​ប្រឈមមុខ​នឹង​ការរាំងស្ទះ​របស់​រដ្ឋាភិបាល​ដែល​បាន​ទប់ស្កាត់​ជំនួយ​មនុស្សធម៌​រាប់​តោន​ពី​ការចូល​ក្នុងប្រទេស​នេះ​។​

លោក Guaido បានកំណត់​យក​ថ្ងៃទី​២៣​ខែកុម្ភៈ​ជា​កាលបរិច្ឆេទ​សម្រាប់​ការប្រកួតប្រជែង​អំពី​ជំនួយ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Nicolas Maduro​។​

ការផ្គត់ផ្គង់​ស្បៀងអាហា​រ សម្ភារៈ​អនាម័យ​និង​អាហារ​បំប៉ន​ត្រូវបាន​រក្សាទុក​នៅ​ជិត​ព្រំដែន​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​ទីក្រុង Cucuta នៃ​ប្រទេស​កូ​ឡុំ​ប៊ី​។​

មណ្ឌល​ផ្ទុក​បន្ថែម​ត្រូវបាន​គេ​សន្ម​ត់​ថា​នឹង​បើក​នៅ​សប្តាហ៍​នេះ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​និង​កោះ Curacao ដែលជា​កោះ​របស់​ហូ​ឡង់​នៅ​ជិត​ឆ្នេរសមុទ្រ Caribbean ភាគ​ខាងជើង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

លោក Guaido បាន​និយាយ​នៅក្នុង​សារ​មួយ​ទៅកាន់​អ្នកគាំទ្រ​៦០០,០០០​នាក់​ដែល​បាន​ចុះហត្ថលេខា​សម្រាប់​ការជំរុញ​ឲ្យ​មាន​ជំនួយ​ថា “​ភារកិច្ច​ចម្បង​របស់​យើង​គឺ​ដើម្បី​ឈានទៅដល់​អ្នកស្ម័គ្រចិត្ត​ចំនួន​មួយ​លាន​នាក់​នៅត្រឹម​ថ្ងៃទី​២៣​ខែកុម្ភៈ​”​។​

លោក​បាន​និយាយថា អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​ដែល​បានកំណត់​ឬ​ចូលរួម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

ក្បួន​រថយន្តក្រុង​ត្រូវបាន​គេ​គ្រោងទុក​ដើម្បី​ដឹក​អ្នកស្ម័គ្រចិត្ត​ទៅកាន់​ច្រកព្រំដែន​ដើម្បី​ជួប​និង​ដឹកជញ្ជូន​ទំនិញ​ដែល​មកដល់​ប៉ុន្តែ​លោក Guaido បាន​លាក់បាំង​អំពី​វិធី​ដែល​គាត់​គ្រោងទុក​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ដែល​ដាក់​ដោយ​យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​តាម​ការបញ្ជា​របស់លោក Maduro ។​

ក្រុម​អ្នកស្ម័គ្រចិត្ត​បានចាប់ផ្តើម​ជួបជុំគ្នា​នៅក្នុង​អ្វីដែល​គេ​ហៅថា “​ជំរំ​មនុស្សធម៌​” នៅក្នុង​រដ្ឋ​ជាច្រើន​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដើម្បី​រៀបចំ​និង​ត្រៀមខ្លួន​សម្រាប់​ការមកដល់​នៃ​ជំនួយ​។ គ្រូពេទ្យ គិលានុបដ្ឋាយិកា ទន្ដពេទ្យ​និង​ពេទ្យ​កុមារ​បាន​ចូលរួម​ក្នុង​ការជួយ​ដល់​អ្នកស្រុក​។​

គួរ​បញ្ជាក់ថា សេដ្ឋកិច្ច​ដ៏​អន់​ខ្សោយ​បាន​ជំរុញ​ឲ្យ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​យ៉ាងច្រើន​ត្រូវ​ផ្លាស់​ទីលំនៅ​ខណៈ​អ្នក​ដែល​នៅ​សេសសល់​ត្រូវ​រង​ទុក្ខ​ដោយសារ​អតិផរណា​ខ្ពស់​ដែល​ធ្វើ​ឲ្យ​មាន​កង្វះខាត​ម្ហូបអាហារ​និង​ឱសថ​សម្រាប់​មនុស្ស​ជាច្រើន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114