ព័ត៍មានទាន់​ហេតុការណ៏
Search

អូស្ត្រាលី​ស្ថិតនៅក្រោម​សម្ពាធ​ឲ្យ​ពន្យល់​អំពី​កិច្ចសន្យា​នៅ​ជំរំ​ជនភៀសខ្លួន​ប៉ា​ពួ​ញូ​ហ្គី​ណេ​

នៅ​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​បាន​ស្ថិតនៅក្រោម​សម្ពាធ​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ក្រុមហ៊ុន​មិនសូវ​ល្បីល្បាញ​មួយ​ឈ្នះ​កិច្ចសន្យា​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដើម្បី​ផ្តល់​សន្តិសុខ​នៅ​ជំរំ​ជនភៀសខ្លួន​ប៉ាស៊ីហ្វិក។

ក្រុមហ៊ុន Paladin Holdings ដែល​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​គឺ​ទទួលបាន​កិច្ចសន្យា​ទឹកប្រាក់​ជាង​៤២០​លាន​ដុល្លារ​អូស្ត្រាលី (៣០០​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការផ្តល់​សេវាកម្ម​នៅ​មណ្ឌល​ចំនួន​បី​សម្រាប់​ជនភៀសខ្លួន​លើ​កោះ Manus របស់​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​។​

ប្រតិបត្តិការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ក្នុងការ​វាយតម្លៃ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដែល​ព្យាយាម​មកដល់​ប្រទេស​អូស្ត្រាលី​តាម​ទូក​នៅ​ជំរំ ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​ដាច់​ស្រ​យ៉ា​ល​ដែលជា​កន្លែង​ជនភៀសខ្លួន​រាប់រយ​នាក់​ត្រូវបាន​ជាប់គាំង​អស់​រយៈពេល​៥​ឆ្នាំ​។​

ប៉ុន្តែ​មាន​សំណួរ​លើកឡើងថា​តើ​មូលហេតុ​អ្វី​បានជា​ក្រុមហ៊ុន Paladin ត្រូវបាន​គេ​ផ្តល់​កិច្ចសន្យា​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា ក្រុមហ៊ុន​មាន​បទពិសោធ​តិចតួច​មួយ​នេះ​ត្រូវបាន​គេ​ដាក់ទុន​ស្តួចស្តើង​និង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកនយោបាយ​ជាន់ខ្ពស់​របស់​ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ​។​

កាសែត The Australian Financial Review បាន​ឲ្យ​ដឹងថា ការិយាល័យ​ចុះបញ្ជី​របស់​ក្រុមហ៊ុន Paladin នៅក្នុង​ប្រទេស​អូស្ត្រាលី​គឺជា​តូប​លើ​ឆ្នេរ​ខ្សាច់​មួយ​នៅលើ​កោះ Kangaroo ដែលជា​ជម្រក​សត្វព្រៃ​ជិត​ឆ្នេរ​នៃ​រដ្ឋ South Australia​។​

កាសែត​នេះ​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ថា បន្ទាប់ពី​មាន​របាយការណ៍​បាន​លេចឡើង​កាលពី​សប្តាហ៍​មុន​នោះ ក្រុមហ៊ុន Paladin បាន​ផ្លាស់ប្តូរ​អាស័យដ្ឋាន​ដែល​បាន​ចុះបញ្ជី​របស់ខ្លួន​ទៅ​ការិយាល័យ​មួយ​នៅក្នុង​រាជធានី​កង់​បេ​រ៉ា​។​

អគ្គរាជអាជ្ញា Christian Porter បាន​ការពារ​សេចក្តីសម្រេច​ចិត្ត​ប្រគល់​កិច្ចសន្យា​សន្តិសុខ​ទៅ​ឲ្យ​ក្រុមហ៊ុន Paladin ដោយ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ជាតិ ABC ថា សំណើ​របស់​ប៉ា​ពួ​ញូ​ហ្គី​ណេ​គឺជា​កម្មវត្ថុ​នៃ​ដំណើរការ​លទ្ធកម្ម Commonwealth ឯករាជ្យ​។​
​លោក​និយាយថា “​ខ្ញុំ​ប្រាកដថា ពាក្យបណ្តឹង​នេះ​នឹងត្រូវ​បាន​គេ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​”​។​

លោក Porter បាន​បន្ថែមថា របាយការណ៍​នៃ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Paladin និង​គ្រួសារ​ដែលមាន​មូលដ្ឋាន​លើ​កោះ Manus របស់​អ្នកនយោបាយ​ប៉ា​ពួ​ញូ​ហ្គី​ណេ​ជាន់ខ្ពស់​នឹងត្រូវ​គេ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114