ព័ត៍មានទាន់​ហេតុការណ៏
Search

VJ DADA ចូលរួម​ចែករំលែក​ក្តី​ស្រលាញ់​ ដល់​កុមារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ ​៖ ​តារា​ប្រុស​រូប​សង្ហា​វី​ជេ ដា​ដា និង​អ្នក​សិល្បៈ​ប្រុស​/ស្រី​ បានបង្ហាញ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការចូលរួម​ចែក​រំលែក​ក្តី​ស្រលាញ់​ដល់​កុមារ ​និង​ឪពុកម្ដាយ ​ដែល​នាំ​កូន​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​ជីវិត​កុមារ​ធំ​ជាង​គេ​នៅ​កម្ពុជា​គន្ធបុប្ផា​។​

​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ចំ​ឱកាស​ទិវា ​នៃ​ក្តី​ស្រលាញ់ ​តារា​ប្រុស​វី​ជេ ដា​ដា និង​ លោក ជ័យ សង្វាត ព្រមទាំង​តារា​ផ្សេងៗ​ទៀត​ បាន​រួមគ្នា​បង្កើត​កម្មវិធី​មនុស្សធម៌​តាមរយៈ​ការចូលរួម​ចែក​ជា​អាហារ ទឹក​សុទ្ធ នំ​ និង​ភេសជ្ជៈ​ប៉ូ​ការី​ស្វេត​ដល់​កុមារ ​និង​ចាស់ៗ​ដែល​នាំ​កូន​មក​ព្យាបាល​នៅ​ទីនោះ​។​

​បើតាម​ការបញ្ជាក់​ប្រាប់​ពី​សំណាក់​ វី​ជេ ដា​ដា បានឲ្យ​ដឹងថា ​កម្មវិធី​មនុស្សធម៌​តាមរយៈ​ការចែក​អាហារ​ខាងលើនេះ ​គឺជា​គំនិត​ផ្ដួចផ្ដើម​រួមគ្នា​រវាង​លោក​ និង​អ្នក​សិល្បៈ​ទាំង​នេះ​ ដើម្បី​ចូលរួម​ថវិកា​រៀងៗ​ខ្លួន​យក​មក​ទិញ​អាហារ​ដូចជា ​៖ ​បាយ​កញ្ចប់ ទឹក​សុទ្ធ នំ​ជាដើម​។ ​ចំណែកឯ​ភេសជ្ជៈ​ទទួល​បាន​ការឧបត្ថម្ភៈ​ពី​ក្រុមហ៊ុន​ប៉ូ​ការី ស្វេត​។​

​វី​ជេ ដា​ដា បាន​បន្តថា​ នេះ​គឺជា​សកម្មភាព​ចូលរួមចំណែក​ក្នុងការ​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ពួកគាត់​ទោះបី​មាន​មិន​ច្រើន​ពិតមែន​ ព្រោះថា​នេះ​ជាការ​ស្រលាញ់​កើតចេញពី​ទឹកចិត្ត​ចំពោះ​ក្មេងៗ ​និង​មនុ​ស្ស​ចាស់ ចំពេល ​នៃ​ទិវា​ក្តី​ស្រលាញ់​១៤​កុម្ភៈ​តែម្តង​។

​បន្ថែម​ពីនេះ​ វី​ជេ ដា​ដា ក៏បាន​ប្រកាស​សន្យា​ថា ​ខ្លួន​នៅតែ​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​កុមារ ចាស់​ជរា​ និង​ប្រពលរដ្ឋ​ជួប​ការខ្វះខាត​បន្តទៀត​។​

សូម​បញ្ជាក់ថា​ នេះ​មិនមែនជា​លើកទីមួយ​ទេ​ ដែល​តារា ​និង​ជា​ពិធីករ ​វី​ជេ ដា​ដា បង្ហាញ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ ខណៈ​កន្លងមក​លោក​ធ្លាប់​បា​ធ្វើជា​ច្រើន​ដង​រួចមកហើយ​ផង​ដែរ​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114