ព័ត៍មានទាន់​ហេតុការណ៏
Search

របៀប ​ដែល​យោធា​អាមេរិក ​អាច​កសាង​ជញ្ជាំង​ព្រំដែន​របស់​លោក Trump

លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ដោះស្រាយ​នូវ​អ្វី​ដែល​លោក​ហៅថា​ជា “​ការ​លុកលុយ​” របស់​គ្រឿងញៀន ឧក្រិដ្ឋជន អ្នក​ជួញដូរ​មនុស្ស ​និង​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​នៅ​តាម​ព្រំដែន​អាមេរិក​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

សេចក្តីប្រកាស​នេះ​មានន័យថា លោក Trump នឹង​មិនអាច​ត្រូវបាន​រារាំង​ដោយ​សភា​ទេ​សម្រាប់​លទ្ធភាព​ទទួលបាន​មូលនិធិ​សហព័ន្ធ​ពី​កន្លែង​ផ្សេង​ដើម្បី​ជួយ​បង់ថ្លៃ​សម្រាប់​ការសាងសង់​ជញ្ជាំង​ព្រំដែន។

ស្រប​ពេលដែល​មន្ទីរ​បញ្ចកោណ​គឺជា​ប្រភព​សាច់ប្រាក់​ដ៏​ធំ​បំផុត​នោះ សូម​ក្រឡេកមើល​ពី​របៀប​ដែល​យោធា​អាមេរិក​អាចជួយ​កសាង​ជញ្ជាំង​របស់លោក Trump បាន​។​

​អស់ថ្លៃ​ប៉ុន្មាន​?
សេចក្តីប្រកាស​របស់លោក Trump ស្តីពី​គ្រាអាសន្ន​ថ្នាក់ជាតិ​មានន័យថា ឥឡូវនេះ​គាត់​អាច​ទទួលបាន​ថវិកា​ពី​មន្ទីរ​បញ្ច​កោណ​ដែល​ត្រូវបាន​អនុម័ត​រួចទៅហើយ​ដោយ​សភា​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​

គាត់​ចង់​ឲ្យ​សភា​ផ្តល់​ទឹកប្រាក់​៥.៧​ពាន់​លាន​ដុល្លារ​សម្រាប់​ជញ្ជាំង​មួយ​នៅតាម​បណ្ដោយ​ព្រំដែន​ប៉ុន្តែ​តំណាងរាស្ដ្រ​បានផ្ដល់​ត្រឹមតែ​១.៣៧៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​របាំង​និង​ជាពិសេស​មិនមែនជា​ជញ្ជាំង​បេតុង​ដ៏​រឹងមាំ​នោះទេ​។​

សេត​វិមាន​និយាយថា លោក Trump នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​៦.១​ពាន់​លាន​ដុល្លារ​ពី​ប្រភព​មន្ទីរ​បញ្ច​កោណ​ចំនួន​ពីរ​, ៣.៦​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​សាងសង់​យោធា​និង​២.៥​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​សកម្មភាព​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួងការពារជាតិ​។​

ថ្វីបើ​សេចក្តីប្រកាស​គ្រាអាសន្ន​របស់លោក Trump ត្រូវបាន​គេ​រំពឹងទុក​ជាច្រើន​សប្តាហ៍​មកហើយ​ក៏ដោយ មន្ទីរ​បញ្ច​កោណ​មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ឬ​គម្រោង​ណាមួយ​ទេ​។​

តើន​រណា​នឹង​សាង​សង់វា​?
​មន្ទីរ​បញ្ច​កោណ​មាន​កងទ័ព​បំពេញភារកិច្ច​សកម្ម​ចំនួន​៤,០០០​នាក់​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅក្រោម​បញ្ជា​ដ៏​ចម្រូងចម្រាស​មួយ​ដែល​បញ្ជា​កាលពី​ឆ្នាំមុន​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​។​

លើសពីនេះ​ទៀត ឆ្មាំ​ជាតិ​ប្រហែល​២,១០០​នាក់​កំពុង​ជួយ​ដល់​ប្រតិបត្តិការ​តាម​ព្រំដែន​។​
​តួនាទី​របស់​កងទ័ព​បាន​ផ្តោត​សំខាន់​លើ​ការដំឡើង​លួស​បន្លា​នៅ​ទូទាំង​ច្រកព្រំដែន​បើទោះបីជា​ទាហាន​មិនចាំបាច់​មាន​ជំនាញ​ក្នុង​ការសាងសង់​ជញ្ជាំង​ជា​អចិន្ត្រៃយ៍​ក៏ដោយ​។​
ភារកិច្ច​បែបនេះ​អាច​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ក​ង​ពល​វិស្វករ​ដែលមាន​បទពិសោធន៍​ធ្វើការ​លើ​គម្រោង​ធំៗ​ជាច្រើន​ទសវត្សរ៍​មកហើយ។

មន្ទីរ​បញ្ច​កោណ​អាច​បញ្ជូន​កងទ័ព​បន្ថែមទៀត​ទៅ​ព្រំដែន​ដើម្បី​ជួយ​ឬ​ការងារ​នេះ​អាច​ត្រូវបាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​ឯកជន​។​

ក្រោម​អំណាច​អ្វី​?
​ច្បាប់​គ្រាអាសន្ន​ថ្នាក់ជាតិ​បានអនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​បើសិន​ជាមាន​ហេតុផល​ច្បាស់លាស់​។​

បន្ទាប់មក វា​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​អំណាច​គ្រាអាសន្ន​រាប់រយ​ដែល​ស្ថិតក្រោម​ច្បាប់​ដទៃទៀត​និង​ផ្តល់​លទ្ធភាព​ទទួលបាន​មូលនិធិ​មន្ទីរ​បញ្ច​កោណ​។​

អំណាច​គ្រាអាសន្ន​ក៏​អាច​អនុញ្ញាត​ឲ្យ​សេត​វិមាន​ប្រកាស​ច្បាប់អាជ្ញាសឹក​, ផ្អាក​សេរីភាព​ស៊ីវិល​, ពង្រីក​កងទ័ព​, រឹបអូស​ទ្រព្យសម្បត្តិ​និង​រឹតត្បិត​ការធ្វើ​ពាណិជ្ជកម្ម ការទាក់ទង​និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផងដែរ​បើទោះបីជា​លោក Trump មិនបាន​លើកឡើងថា​អ្វីដែល​នឹង​កើតឡើង​ក្រោម​ការប្រកាស​របស់លោក​ក៏ដោយ​។​

បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​
សេចក្តីប្រកាស​អំពី​គ្រាអាសន្ន​ថ្នាក់ជាតិ​ប្រាកដជា​នឹងត្រូវ​ប្រឈម​នៅក្នុង​តុលាការ​និង​អ្នកតាក់តែង​ច្បាប់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​។​

បណ្តឹងទាមទារ​សំណង​ក៏ត្រូវ​បាន​គេ​រំពឹង​ផងដែរ​ពី​ម្ចាស់​ដី​នៅតាម​ព្រំដែន​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រឹបអូស​យក​ដោយ​រដ្ឋាភិបាល​និង​ពី​អង្គការ​បរិស្ថាន​ដែល​ខឹងសម្បា​យ៉ាងខ្លាំង​ថា លោក Trump ចង់​កសាង​ជញ្ជាំង​នៅ​ទូទាំង​តំបន់​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​។​

ប្រធានសភា​លោកស្រី Nancy Pelosi និង​មេដឹកនាំ​សំឡេង​ភាគតិច​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer បានប្រកាស​រិះគន់​ភ្លាមៗ​ចំពោះ​ផែនការ​របស់លោក Trump ថា​ជា “​ការដណ្តើមយក​អំណាច​” ដោយ​ប្រធានាធិបតី​មួយរូប​ដែល​បាន​ដើរ​ហួស​ព្រំដែន​នៃ​ច្បាប់​ដើម្បី​បំពេញ​តាម​ការសន្យា​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៦​របស់លោក​ដើម្បី​សាងសង់​ជញ្ជាំង​៕ AFP