Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង សន្យានឹងជួយកៀរគរមូលនិធិ គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានសន្យានឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងការផ្សព្វផ្សាយកម្មវិធីមនុស្សធម៌ ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ដើម្បីកៀរគរមូលនិធិគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាស លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូត ​ បានទទួលជួបជាមួយ លោក ឃាន តួក អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសម្តែងការគួរសម​ សំណេះសំណាល និងពិភាក្សាការងារ។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក ឃាន តួក ក្នុងប្រទេសកូរ៉េនេះ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ ពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដល់សហគមខ្មែរ​ ដែលរស់នៅប្រទេសកូរ៉េ និងមានបំណងស្វែងរកការគាំទ្រ​ និងកៀរគរមូលនិធិបន្ថែម​ សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូត​ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពក្នុងការផ្សព្វផ្សាយជួយដល់មន្ទីរពេទ្យ។

ឯកអគ្គរាជទូត​ បានសន្យាថានឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាជនខ្មែរ​ ដែលរស់នៅប្រទេសកូរ៉េ និងគ្រោងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដោយភ្ជាប់សកម្មភាពមនុស្សធម៌នេះទៅនឹងសកម្មភាពរបស់ស្ថានទូត​ ដែលគ្រោងធ្វើនាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម