ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​ម៉ាឡេស៊ី​ ៖ ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បាល់​១​គ្រាប់ ​និង ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បំប៉ោង​សំណាញ់​ទី​២​គ្រាប់

នៅ​ឆ្នាំ​២០១៩ នេះ​មាន​កីឡាករ​សមា​ជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​២​នាក់​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) ដោយ​ក្នុង​នោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ជា​សមាជិក​ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន (Terengganu FA)​។

ចំពោះ​ប្រកួត​សប្ដាហ៍​ទី​៣​នេះ ក្លិប Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ Johor Darul Ta’zim​ដោយ​លទ្ធផល ២​ទល់​២ នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៩​ថ្មីៗ​នេះ លើ​ទីលាន​កីឡដ្ឋាន Stadium Sultan Ismail Nasiruddin Shah ក្នុង​ទីក្រុង Kuala Terengganu​។

ចំណែក​ក្រុម PKNS របស់ ចាន់ វឌ្ឍនាកា បាន​យកឈ្នះ​លើ​ក្រុម​Selangor ៤​ទល់​០ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ថ្មីៗ​នេះ​លើ​ទីលាន​កីឡដ្ឋាន​Stadium Shah Alam ក្នុង​ទីក្រុង Shah Alam​។ ចំពោះ​គ្រាប់​បាល់​ទាំង​៤​គ្រាប់​នេះ​កីឡាករ ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បាល់​១​គ្រាប់​រួមទាំង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បំប៉ោង​សំណាញ់​ទី​គូប្រកួត​បាន​២​គ្រាប់​ម្នាក់ឯង​។

សូម​រំលឹក​ថា ​រដូវ​កាល​ឆ្នាំ​២០១៩ នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី​មាន​សមាជិក​ចំនួន​១២​ក្រុម ដែល​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។ ក្រុម​ទាំង​១២​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ជើងឯក​ទទួល​កៅអី​ទៅលេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី (AFC Champions League group stage) និង​ក្រុម​ជើងឯក​រង​ទទួល​បាន​រង​ទទួល​បាន​កៅអី​ចូល​លេង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Champions League ជុំ​ទី​២​។ ចំណែក​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម វិញ​ត្រូវ​ធ្លាក់​ទៅលេង​នៅ​ពានរង្វាន់​លី​គ​លំដាប់​ទី​២Malaysia Premier League​។

សម្រាប់​ប្រកួត​សប្ដាហ៍​ទី​៤ ដែលជា​ប្រកួត​បន្ទាប់​ក្រុម Terengganu FA ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​Kuala Lumpur Fa​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​KLFA Stadium ក្នុង​ទីក្រុង Kuala Lumpur ខណៈ​ក្រុម PKNS ត្រូវ​បើកទ្វា​កីឡដ្ឋាន Stadium Shah Alam ក្នុង​ទីក្រុង Shah Alam​របស់ខ្លួន​ទទួល​ក្រុម PKNP នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។

ចំពោះ​ប្រទេស​កម្ពុជា ធ្លាប់​មាន​កីឡាករ​៤​នាក់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ចូលរួម​ក្លិប Pahang FA ហើយ​កីឡាករ កែវ សុខ​ផេង ចូលរួម​ក្លិប PKNP កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​ក្លិប​Negeri Sembilan និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចូលរួម​ក្លិប​Terengganu FA​។ ក្នុងចំណោម​កីឡាករ​ទាំង​៤​មាន​៣​នាក់​ត្រូវ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ហើយ​មានតែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ក្លិប​រក្សា​កិច្ចសន្យា​រហូតដល់​ចប់​រដូវ​កាល​ព្រមទាំង​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០១៩​នេះ​ទៀត​៕