ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​៖​ កូរ៉េខាងជើង​កំពុង​ប្រឈមមុខ​នឹង​ចំណុច​របត់​ជា​ប្រវត្តិសាស្ត្រ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​កូរ៉េខាងជើង​កំពុង​ប្រឈមមុខ​នឹង​ចំណុច​របត់​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​។ សេចក្តីរាយការណ៍​នេះ​បានកើត​ឡើង​មុន​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ដែល​គេ​រំពឹងទុក​ខ្ពស់​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​។​

កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំងពីរ​នឹងត្រូវ​ធ្វើឡើង​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​២៧-២៨​ខែកុម្ភៈ​ហើយ​វា​ជា​ជំនួប​លើក​ទី​ពីរ​រវាង​មេដឹកនាំ​ទាំងពីរ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​។​

ការយកចិត្តទុកដាក់​ត្រូវបាន​គេ​ផ្តោតទៅលើ​ថា​តើ​ក្រុម​របស់​អាមេរិក​នឹង​ផ្តល់នូវ​ការលើកលែង​ចំពោះ​ទណ្ឌកម្មសេដ្ឋកិច្ច​មួយចំនួន​លើ​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ជា​ថ្នូរ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ចាត់វិធានការ​ជាក់ស្តែង​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ដែរ​ឬក៏​អត់​។​

កាសែត Rodong Sinmun បាន​និយាយ​នៅក្នុង​អត្ថបទ​វិចារណកថា​មួយ​ថា “​វា​ដល់ពេល​ហើយ​ដែល​យើង​ត្រូវ​រឹតបន្តឹង​ខ្សែ​ស្បែកជើង​របស់​យើង​ហើយ​រត់​ឲ្យ​លឿន​ដើម្បី​ស្វែងរក​គោលដៅ​ខ្ពស់ជាង​នេះ​នៅពេលដែល​យើង​ប្រឈមមុខ​នឹង​ពេលវេលា​ដ៏​ម៉ឹងម៉ាត់​”​។ កាសែត​ដដែល​បាន​បន្ថែមថា “​ប្រទេស​របស់​យើង​កំពុង​ប្រឈម​នឹង​ចំណុច​របត់​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​”​។​

កាលពី​ដើមខែ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ត្រាំ បាន​បង្ហោះ Twitter ថា ប្រទេស​កូរ៉េខាងជើង​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​ក្រោម​ការដឹកនាំ​របស់លោក​គីម​។​

ការអត្ថាធិប្បាយ​របស់​កាសែត Rodong Sinmun បាន​អំពាវនាវ​ដល់​ប្រជាជន​កូរ៉េខាងជើង​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

ការធ្វើ​អត្ថាធិប្បាយ​នេះ​បាន​បន្ថែមថា “​កូរ៉េខាងជើង​កំពុង​ងើប​ឡើងជា​ប្រទេស​សង្គមនិយម​ដ៏​រឹងមាំ​មួយ​ហើយ​ទង្វើ​ស្នេហា​ជាតិ​ពិតប្រាកដ​របស់​មនុស្ស​ម្នាក់​គឺ​បានចាប់ផ្តើម​ពី​កន្លែងធ្វើការ​របស់ខ្លួន​។ ផលិតផល​និ​មួយៗ​គួរតែ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​មាន​ពន្លឺ​”៕ AFP