ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម IS ការពារ​ទីតាំង​ចុងក្រោយ​នៃ​រដ្ឋ Caliphate នៅក្នុង​ប្រទេស​ស៊ី​រី​

កាលពី​ថ្ងៃ​ចន្ទ ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​កំពុង​ការពារ​ចំណុច​ចុងក្រោយ​នៃ​រដ្ឋ Caliphate របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​ខណៈដែល​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​របស់​ស​ហ​ភាព​អឺរ៉ុប​បាន​ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នេះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អំពាវនាវ​ឲ្យ​ប្រជាជាតិ​អឺរ៉ុប​ត្រូវ​ទទួលយក​យុទ្ធជន​បរទេស​របស់​ខ្លួន​ត្រលប់​ទៅវិញ​។​

ពួក​ជី​ហាដ​និយម IS បាន​ជាប់​នៅក្នុង​ទីតាំង​ចុងក្រោយ​នៃ​ទឹកដី​របស់​ពួកគេ​ដែលមាន​ទំហំ​តិចជាង​កន្លះ​គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ជិត​ព្រំដែន​អ៊ីរ៉ាក់​។​

ពួកគេ​បាន​រារាំង​ជន​ស៊ីវិល​ពី​ការរត់​ភៀសខ្លួន​ដោយ​បិទផ្លូវ​ចេញពី​ភូមិ Baghouz​។ នេះ​បើតាម​ការលើកឡើង​កាលពី​ថ្ងៃអាទិត្យ​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។

នៅ​ចុង​ភូមិ​នេះ អ្នក​ប្រយុទ្ធ SDF ម្នាក់​បាន​ប្រាប់ AFP ថា ហ្វ្រេ​កង់​ស៍​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​ជី​ហាដ​និយម​នេះ​ដើម្បី​ទាក់ទង​គ្នា​គឺ​បាន​កាត់ផ្តាច់​ហើយ​។​

លោក​បាន​បន្ថែមថា “​ឥឡូវនេះ តំបន់​គ្រប់គ្រង​របស់​ពួកគេ​ពិតជា​ត្រូវបាន​រឹតត្បិត​ហើយ​ពួកគេ​មិនមាន​វិទ្យុទាក់ទង​ច្រើន​ទេ​។ ពួកគេ​មិន​និយាយ​ជាមួយ​គ្នាច្រើន​ទៀត​ទេ​”​។​
​អ្នកនាំពាក្យ​របស់ SDF លោក Mustefa Bali បាន​និយាយថា​ក្រុម IS បាន​រាំង​ស្ទះផ្លូវ​ចេញពី​ទីតាំង​របស់ខ្លួន​ដែល​បង្ក​ជាការ​រារាំង​ដល់​ជន​ស៊ីវិល​រហូតដល់​ទៅ​២,០០០​នាក់​។​

ទន្ទឹម​នោះ លោក Sean Ryan អ្នកនាំពាក្យ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​និយាយថា ជន​ស៊ីវិល​ដែល​អាច​គេចខ្លួន​បាន បាន​រាយការណ៍​ថា ពួក​សកម្មប្រយុទ្ធ IS កំពុង​ប្រើប្រាស់​ស្ត្រី​និង​កុមារ “​ជា​ខែល​មនុស្ស​”​។​

មនុស្ស​រាប់ពាន់នាក់​បាន​គេចចេញ​ពីអ្វី​ដែល​គេ​ហៅថា “​តំបន់ Baghouz” ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​។​
​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​បន្ទាប់ពី​បាន​អំពាវនាវ​ឲ្យ​មាន “​ដំណោះស្រាយ​អឺរ៉ុប​” ចំពោះ​ជនបរទេស​រាប់រយ​នាក់​ដែល​រួមមាន​ទាំង​មកពី​ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ អៀរ​ឡង់ កាណាដា​និង​អ៊ីតាលី​ផងដែរ​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ SDF សម្រាប់​ការចោទប្រកាន់ថា​បាន​ប្រយុទ្ធ​ឲ្យ​ក្រុម IS ។​

ក្រុម​ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​ទទួលយក​ប្រជាពលរដ្ឋ​របស់ខ្លួន​ត្រលប់​ទៅវិញ​ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ពួកគេ​មានការ​ស្ទាក់ស្ទើរ​៕ AFP