ព័ត៍មានទាន់​ហេតុការណ៏
Search

ទាហាន​ឥណ្ឌា​បួន​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​កា​ស្មៀ​រ​

ទាហាន​ឥណ្ឌា​យ៉ាងតិច​៤​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ការបាញ់ប្រហារ​ដ៏​សាហាវ​ជាមួយ​ពួក​ឧទ្ទាម​នៅក្នុង​តំបន់ កា​ស្មៀ​រ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រឹមតែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បានសម្លាប់​ទាហាន​ប៉ា​រ៉ា​ចំនួន​៤១​នាក់​នៅក្នុង​ទឹកដី​ដែលមាន​បញ្ហា​មួយ​នេះ​។​

ទាហាន​ម្នាក់​និង​ជន​ស៊ីវិល​ម្នាក់​ក៏ត្រូវ​របួសធ្ងន់​ផងដែរ​នៅក្នុង​ការបាញ់ប្រហារ​នេះ​នៅពេលដែល​កងទ័ព​បើក​ប្រតិបត្តិ​ការឆែកឆេរ​មួយ​នៅក្នុង​ស្រុក Pulwama ដែលជា​កន្លែង​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់ AFP ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា “​ទាហាន​ចំនួន​បួន​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ការបាញ់ប្រហារ​គ្នា​និង​ម្នាក់ទៀត​រងរបួស​”​។​

មន្ត្រី​រូបនេះ​បាន​និយាយថា ទាហាន​បាន​បាញ់​ព្រមាន​ហើយ​ពួក​សកម្មប្រយុទ្ធ​បាន​បាញ់​តបត​មកវិញ​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​បាញ់ប្រហារ​នៅក្នុង​តំបន់​នេះ​ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគខាងត្បូង​ពី​ទីក្រុង Srinagar ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​

មន្ត្រី​រូបនេះ​បាន​បន្ថែមថា ពួក​ឧទ្ទាម​ត្រូវបាន​គេ​ជឿថា​បាន​រត់គេចខ្លួន​បើទោះបីជា​ប្រតិបត្តិ​ការឆែកឆេរ​កំពុង​ត្រូវបាន​ពង្រឹង​ក៏ដោយ​។​

កងកម្លាំង​រដ្ឋាភិបាល​បាន​បើក​ការ​ប្រមាញ់​ដ៏​ធំ​មួយ​សម្រាប់​ពួក​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ប្រទេស​ឥណ្ឌា​បាន​ស្តីបន្ទោស​ទៅលើ​អ្នកជិតខាង​ប៉ា​គី​ស្ថាន​។​

រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយគ្រឿង​បាន​បុក​ក្បួន​រថយន្ត​មួយ​ដែល​ដឹក​កងកម្លាំង​សន្តិសុខ​ប្រមាណ ២,៥០០​នាក់​នៅក្នុង​ការវាយប្រហា​រ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​តំបន់​កា​ស្មៀ​រ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ​។​

ក្រុម​សកម្មប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ឈ្មោះ Jaish-e-Mohammed (JeM) បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ដោយ​និយាយថា វា​ត្រូវបាន​អនុវត្ត​ដោយ​សកម្មប្រយុទ្ធ​ក្នុងស្រុក​ម្នាក់​។​
តំបន់​កា​ស្មៀ​រ​ត្រូវបាន​បែងចែក​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧​។ ប្រទេស​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ពីរដង​មកហើយ​លើទឹក​ដី​នេះហើយ​ពួកគេ​បានទាមទារ​តំបន់​កា​ស្មៀ​រទាំង​មូល​៕ AFP