ព័ត៍មានទាន់​ហេតុការណ៏
Search

ប្ដី​ប្រពន្ធ​ហេងស៊យ​១​គូ​រស់នៅ​ជាមួយគ្នា​៧​ឆ្នាំ​ បានកូន​ពីរ​នាក់​ចុងក្រោយ​នាង​ចុះចោល​មក​នៅ​ជាមួយ​ប្រុស​ក្រោយ​ទើប​បែក​ក្រឡ​ប្រហុក

ភ្នំពេញ ៖ អាច​ហៅ​បាន​ថា​ជា​ប្ដី​ប្រពន្ធ​ហេងស៊យ​ ព្រោះ​ពួកគេ​មិនបាន​រៀបការ​ត្រឹមត្រូវ​តាមច្បាប់​ទេ តែ​ទោះជា​យ៉ាងណា​ពួកគេ​បានកូន​ពីរ​នាក់​ជា​ចំណងដៃ​ទៅ​ហើយ​ទោះ​រៀបការ​ឬ​មិន​រៀបការ​វា​មិន​សំខាន់​អ្វី​ដែល​សំខាន់​នោះ​គឺ​យោគយល់​ចិត្ត​គ្នា​ជា​ការ​ប្រសើរ​តែ​នេះ​មិន​ដូច្នោះ​ទេ រស់នៅ​ជាមួយគ្នា​៧​ឆ្នាំ​និង​មានកូន​២​នាក់ ​ទៅ​ហើយ​ភាគី​ខាង​ស្រី​បាន​លប​លួច​មាន​ថ្មី​ចុះ​ចោល​ប្ដី​និង​កូន​មក​សម្ងំ​សោយសុខ​ជាមួយ​អ្នកថ្មី​យ៉ាង​សុខ​ស្រួល​នៅពេល​ប្ដី​តាម​រក​ឃើញ​នាង​បដិសេធ​ថា​ លេង​យកប្ដី​ឯង​វិញ​ហើយ រស់នៅ​ជាមួយ​ឯង​មិន​ស្រួល​ទេ នៅ​ជាមួយ​អ្នកថ្មី​វិញ​ទើប​អូន​ពេញចិត្ត។

ហេតុ​ការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ឆោឡោ កាលពី​រសៀល ថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នៅក្នុង​ផ្សារ​ទួល​ពង្រ​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ប្ដី ប្រពន្ធ​១​គូ​នេះ​ ឥត​ខាន់ស្លា​ស្រឡាញ់​គ្នា​រហូត​បានកូន​២​នាក់​រស់នៅ​ជាមួយគ្នា​៧​ឆ្នាំ​ ចុងក្រោយ​ខាង​ស្រី​រត់​ចុះ​ចោល​បាត់​ទុក​ឲ្យ​ខាង​ប្រុស​នៅ​មើលថែ​កូនស្រី​២​នាក់​ជាមួយ​មុខរបរ​ដើរ​លក់​ទឹក​សុទ្ធ​។ បន្ទាប់ពី​ប្ដី​ស៊ើបសួរ​គេ​តាម​រក​ឃើញ​ហើយ​ដើម្បី ជៀសវាង​ខ្លាច​កើត​ហិង្សា​ដោយ​ប្រការ​ណាមួយ​សមត្ថកិច្ច​ហៅ​នាំទៅ​សម្រប សម្រួល​នៅ​ប៉ុស្តិ៍ ចោមចៅ​១។

ភាគី​ខាង​ស្រី​មានឈ្មោះ​ម៉ាត់ អា​យូ​រ៉ា ហៅ​បញ្ញា អាយុ​២៨​ឆ្នាំ ជា​ជនជាតិខ្មែរ​អ៊ី​ស្លាម អតីត​បម្រើ ការងារ ផ្នែក​លក់ នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ទើប​មក​ស្នាក់នៅ​ផ្ទះ​ជួល នៅ​កន្លែង​កើតហេតុ មាន​ទីលំនៅ ផ្លូវជាតិ​លេខ​៥ គីឡូម៉ែត្រ​លេខ​៩ សង្កាត់​ច្រាំង​ចម្រេះ​១ ខណ្ឌឫស្សីកែវ ។ ចំណែក​ភាគី​ខាង​ប្តី ឈ្មោះ ស៊ឹម ពិសាល អាយុ​៣៣​ឆ្នាំ​មុខរបរ​ដើរ​លក់​ទឹក​សុទ្ធ​មាន​ទីលំនៅ​គីឡូម៉ែត្រ​លេខ​៩​សង្កាត់​ច្រាំង​ចម្រេះ​១ ខណ្ឌឫស្សីកែវ ក្បែរ​ផ្ទះ​អូន​ស្រី​ដែរ ។

បើ​យោងតាម​សម្តី ភាគី​ខាង​ស្រី​វិញ​បាន​ឲ្យ​ដឹង​ថា ខ្លួន​លែង​ចាត់ទុក​បុរស​រូប​នេះ​ជា​ប្តី​ទៀតហើយ ដោយសារ​បាន​ប្រើ​អំពើ​ហិង្សា ក្នុង​គ្រួសារ​ជា​ញឹកញាប់​មក​លើ​រូប​នាង​ធ្វើ​ឲ្យ​រូប​នាង​រស់នៅ​មិន​ស្រួល​ទេ ហើយ​បង​ឯង​ចចេស​រឹង​រូស​ទៀត​ផង មិន​គោរព​ប្រតិបត្តិ​តាម​សាសនា​អ៊ីស្លាម​របស់​អូន​ទេ​ហើយក៍​មិន​ស្តាប់​តាម​ឪពុកម្តាយ​ខាង​អូន​ដែរ ទើប​គាត់​ឈប់​ស្រឡាញ់​ហើយ​ចុះមក​យក​ធ្វើជា​ប្តី វិញ​វា​ស្រួល​ជាង អ្នកថ្មី​គេ​ចេះ​ណាស់​ថ្នាក់ថ្នម​អូន​ម៉ា​អេ​ម​ហ្មង។

នៅ​ប៉ុស្តិ៍​ប៉ូលិស​ខាង​ប្រុស​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ពី​ភាគី​ខាង​ស្រី ហើយ​ខ្លួន​ទទួល​ស្គាល់​ថា មិនបាន​គោរព​ប្រតិបត្តិ​បាន ទំនៀម​ទម្លាប់ អ៊ី​ស្លាម​ពិតប្រាកដ​មែន។ ​ក្នុង​ជម្លោះ​វិវាទ​មិន​ចុះសម្រុង​គ្នា របស់​អ្នក​ទាំង​២​នេះ ទោះជា​ខាង​ប្រុស​អង្វរ​សុំ​ឲ្យ​នាង​ចូល​ផ្ទះ​វិញ យ៉ាង​ណា​ក្តី ខាង​ស្រី​ប្រកាន់​នូវ​ជំហរ​មួយ ដាច់ខាត​មិន​យក​ធ្វើជា​ប្តី​ទៀត​ទេ ព្រោះ​បង​ប្ដី​គ្មាន​សមត្ថភាព​ដូច​បង​ក្រោយ​ឡើយ​។

ពាក់ព័ន្ធ​និង​បញ្ហា​នេះ សមត្ថកិច្ច​វិញ​បាន​ត្រឹម​សម្របសម្រួល​ជៀសវាង​កើតមាន​ហិង្សា​ដោយ​ប្រការ​ណាមួយ​តែប៉ុណ្ណោះ ចំពោះ​គោលជំហរ​ចិត្ត​របស់​សាមី​ខ្លួន​យកគ្នា​ ឬ​ មិន​យកគ្នា​ជា​ប្តី​ប្រពន្ធ​វិញ​បែប​ណា​នោះ​ អាស្រ័យ​លើ​ភាគី​ទាំង​២​ហើយ​ទំនាក់ទំនង​ទៅ​ចាស់ទុំ​សាច់ញាតិ​ឲ្យ មក​នាំ​ពួកគេ​ទៅ​និយាយ​គ្នា​នៅផ្ទះ​វិញ​ប្រសើរ​ជាង​ក្រែង​នាង​អន់​ចិត្តទន់​ថ្លើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114