ព័ត៍មានទាន់​ហេតុការណ៏
Search

មេធាវី​លោក កឹម សុខា ស៊ុត​លោក សម រង្ស៊ី ម៉ា​រយៗ រឿង​ថា អត់​មក​កម្ពុជា​ឲ្យ​សម្តេច ហ៊ុន សែន ចាប់ខ្លួន

ភ្នំពេញ​ ៖ លោកស្រី ម៉េង សុភា​រី ជា​មេធាវី​មួយ​រូប ​របស់​លោក កឹម សុខា បាន​ប្រតិកម្ម និង​វាយប្រហារ​លើ​លោក សម រង្ស៊ី យ៉ាង​ចាស់ដៃ ទាក់ទង​ករណី​ដែល​លោក សម រង្ស៊ី និយាយថា លោក​អត់​មក​ប្រ​ទេស​កម្ពុជា ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចាប់ខ្លួន​នោះទេ ពីព្រោះ​ជា​រឿង​អត់​ប្រយោជន៍។

លោកស្រី ម៉េង សុភា​រី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស៊ុ​ក​ផ្លូវការ​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ថា “​បើ​ថា​ស្លាប់ និង​ជាប់គុក​វា​អត់​ប្រយោជន៍ តើ​ខំប្រឹង​ភ្នាក់​យ៉ាង​ខែង​រែង​អី​ម្ល៉េះ​។ មេធាវី​លោក​កឹម​សុខា ដឹង​ពី​លទ្ធផល​ការ​ភ្នាល់​ជាមុន​ស្រេច​ហើយ ទើប​បាន​ចេញ​លិខិត​សុំ​ឲ្យ​លុប​ចោលការ​ភ្នាល់ គឺ​ដើម្បី​ផ្តល់​កិ​ត្តិ​យស​ជូន​លោក មិន​ចង់​ឲ្យ​លោក​ក្លាយជា​មនុស្ស​ក្បត់​សន្យា មិន​ចង់​ឲ្យ​លោក​ស្លាប់ ឬ​ជាប់គុក និង​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក កឹម សុខា តែ​មនុស្ស​ផ្កាប់មុខ​របស់​លោក​មិន​យល់​ការណ៍ និង​មិន​យល់​ពី​ចេតនា​ល្អ​នេះ​សោះ មានតែ​ជេរប្រទេច​ពួក​យើង ខ្ញុំ​ខិតខំ​អត់ធ្មត់​ណាស់ សូម​ចាំ​ថា​ ការ​អត់​ធ្មត់​មាន​ដែន​កំណត់ ហើយ​ការឈឺចាប់ នឹង​ធ្វើ​ឲ្យ​មនុស្ស​លែង​ដូចដើម​។ ដល់​វេលា​ត្រូវ​អនុវត្ត​សន្យា​មិន​ហ៊ាន​មក បែរ​ជា​និយាយ​បណ្តុះ​បង្អាប់​ការ​លះបង់​របស់​អ្នកដទៃ ដើម្បី​លើក​តម្លៃ​ខ្លួន​ឲ្យ​ខ្ពស់ និង​ដើម្បី​ឲ្យ​ពលរដ្ឋ​ភ្លេច​សន្យា​របស់​លោក។ ចង់​ខ្ពស់​ក៏​ខ្ពស់​ចុះ ខ្ញុំ​អបអរសាទរ​តែ​រហូត​មក​ទេ ប៉ុន្តែ​កុំ​ជាន់​គេ ដើម្បី​ឡើង​ខ្ពស់​ខ្លួនឯង អាណិត​អ្នក​ស្លូតត្រង់​ផង​”​។

តាម​លោកស្រី ម៉េង សុភា​រី “​ឥឡូវ​ដើម្បី​កុំ​ឲ្យ​គេ​ថា លោក​អន់ និង​ដើម្បី​កុំ​អ្នកគាំទ្រ​ការ​ភ្នាល់​របស់​លោក​អស់​សង្ឃឹម ដែល​ខំប្រឹង​ជេរ​ពួក​ខ្ញុំ ដើម្បី​ការពារ​ការ​ភ្នាល់​នោះ លោក​អាច​អនុវត្ត​ការសន្យា​របស់​លោក​បាន បើ​ទោះបី​ជា​លោក​ត្រូវ​ស្លាប់ ឬ​ជាប់គុក ខ្ញុំ និង​ពលរដ្ឋ​ជាច្រើន​អតិបរិមា នឹង​ចាត់ទុក​លោក​ជា​វីរ​បុរស​ស្នេហា​ជាតិ មិន​ដូច​លោក​គិត​ទៅលើ​ការលះបង់​របស់​អ្នកដទៃ​នៅពេលនេះ​ទេ​។ តើ សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែមួយ​ស្អី​ទៅ បើ​ការ​លះបង់​របស់ កឹម សុខា សម រង្ស៊ី មើល​មិន​ឃើញ ហើយ​ថែមទាំង​ជាន់​ចោល​ទៀត មិន​ឲ្យ​តម្លៃ​ស្មើ​ការ​រត់​របស់លោក​ផង​ហ្នឹង ! បើ​ថា​មនុស្ស​តែមួយ ទាល់តែ​អ្វីៗ​ទាំងអស់​ឲ្យ​តម្លៃ​ស្មើគ្នា​”​។

ដោយឡែក​មនុស្ស​ម្នាក់ទៀត ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ដែរ​ថា “​សកម្ម​នរណា​ក៏​ដឹង​ដែរ​ថា អ្នក​ស្លាប់ គឺ​ចប់ គ្មាន​រូប​មិន​អាចធ្វើ​អី​កើត ហើយ​អ្នក​ជាប់គុក គឺ​ជាប់​ឃុំឃាំង​ខ្លួន​មិនអាច​ធ្វើ​អី​កើត ក៏ប៉ុន្តែ​អ្នកជា​មនុស្ស ឬក៏​ជាស​ត្វ ដែល​មិន​ដឹងថា សកម្មភាព​មុន​ស្លាប់ ឬ​ មុន​ជាប់គុក ជា​ស្មារតី ជា​មនសិការ ជា​វីរភាព ជំរុញ​លើកទឹកចិត្ត រុញច្រាន​ឲ្យ​យុទ្ធ​មិត្ត​ស្មោះសរ រួមគ្នា​បន្តការងារ​ឲ្យ​ជោគជ័យ ? យើង​ពិតជា​ទទួលយក​មិន​បានទេ នូវ​សម្ដី​ប្រមាថ​ចេញពី​ចិត្ត​ថ្លើមខ្មៅ​បែបនេះ ! យើង​បន្ត​រក​យុត្តិធម៌ មិន​ឲ្យ​អ្នក​ជាន់ឈ្លី​បាន​ទៀត​ទេ ! ”។

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី បាន​និយាយ​នៅក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស​ស៊ី​សេរី កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា លោក​មិន​អាច​មក​ប្រទេស​កម្ពុជា​ឲ្យ​សម្តេច​តេ​ជោ ចាប់ខ្លួន​នោះទេ ពីព្រោះ​ការ​ចាប់ខ្លួន ឬ​ស្លាប់​ជាការ​អត់​ប្រ​យោ​ជ​ន៍។ លោក សម រង្ស៊ី និយាយ​បែបនេះ​ថា “​បើ​ខ្ញុំ​ឲ្យ ហ៊ុន សែន ចាប់ខ្លួន ខ្ញុំ​ក្លាយទៅជា កែម ឡី ក្លាយទៅជា កឹម សុខា។ ឥឡូវ កែម ឡី ធ្វើការ ជា​វីរបុរស​មែន ប៉ុន្តែ​កែម​ឡី មានបាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រំដោះខ្លួន​ពី​របប​ផ្តាច់​ការ​មកដល់ពេលនេះ​ទេ អត់​ទេ។ លោក កឹម សុខា ឲ្យ ហ៊ុន សែន ចាប់ ឥឡូវនេះ​រង​ការ​ឃុំឃាំង​ពី​ពន្ធនាគារ មក​ឃុំឃាំង​ក្នុងផ្ទះ​អត់​មាន​សេរីភាព តើ​ជួយ​រំដោះ​ប្រជាពលរដ្ឋ​បានទេ ទៅ​បំផុសបំផុល​អន្តរជាតិ​បានទេ ឲ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម ទៅ​ជំរុញ​គេ ទាំង​សហភាព​អឺរ៉ុប ទាំង​អាមេរិក ប្រទេស​ប្រជាធិបតេយ្យ គេ​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បើ​យើង​ឲ្យ ហ៊ុន សែន ចាប់ តើ​វា​បាន​ប្រ​យោ​ជ​ន៍​អី​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114