ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ភា សុ​ភ័​ត្រា ប្រកាស​ថា ​ខ្លួន​ងាក​ទៅ​បន្ត​ដឹកនាំ​ក្លិប​ក្រសួងការពារជាតិ វិញ​

លោក ភា សុ​ភ័​ត្រា្ត ដែល​ជា​គ្រូ​បង្គោល​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បាន​ប្រកាស​ថា កាលពីដើម​ខែមករា ថា​លោក​បាន​ផុត​ភារកិច្ច​ជាមួយ​ក្លិប​បាល់ទាត់​ចាស់​របស់​ខ្លួន ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ប្រកាស​ឡើងវិញ​ថា​លោក​ងាក​ទៅ​ដឹកនាំ​ក្រុម​ក្រសួងការពារជាតិ វិញ​ហើយ​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​មកដល់​។

លោក ភា សុ​ភ័​ត្រា បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃអាទិត្យ ថ្មីៗ​នេះ​បញ្ជាក់​ថា «​ក្រោយពី​អវត្តមាន​ក្នុង​ការ​បង្ហាត់​ក្លឹប​ចំនួន​២៣​ថ្ងៃ ទីបំផុត​ខ្ញុំ​ចូល​មក​កាន់​ទីលាន​វិញ​ហើយ កត្តា​ពរ​ គឺ​កម្លាំងចិត្ត​ពី​បងប្អូន​ដែល​គាំទ្រ​គ្រូ​ត្រា (​ភា សុភ​ត្រា​) និង​កីឡាករ​ទ័ព​ទាំងអស់​។ Finally Mr. 120% back to MCL 2019»​។ ដំណើរ​ត្រឡប់មកវិញ​របស់​គ្រូបង្វឹក​រូប​នេះ​គឺ​ចំ​ពេល​ដែល​មាន​ដំណឹង​លេចឮ​ថា​ លោក ខូវ ឆាយ ដែល​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ក៏បាន​សម្រេច​ងាក​មក​ចូលរួម​ជាមួយ​ក្រុម​ឡើងវិញ។

សូម​រំលឹក​ថា ​មុន​ចូលកាន់​តំណែង​ក្នុង​ក្រុម​ក្រសួងការពារជាតិ បុរស​ដែល​កាន់​អាជ្ញា​ប័​ណ្ណ​គ្រូបង្វឹក​កម្រិត A License រូប​នេះ​មាន​ក្លិប​មួយចំនួន​ទាក់ទង​ទៅ​ចូលរួម​ក្រុម​តែ​លោក​បាន​បដិសេធ​។ លោក ភា សុភ​ត្រា ជា​អតីត​កីឡាករ​របស់​ក្លិប​ក្រសួងការពារជាតិ ចាប់ពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០០៦​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ធំៗ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) វគ្គ​Master Coaching Course ( Fitness & Management)​។​បទពិសោធន៍​ជាច្រើន​ក្នុងនាម​ជា​គ្រូ​បង្គោល​ផង និង​ជំនួយការ​គ្រូបង្វឹក​ផង ធ្វើ​ឲ្យ អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា (​ឈុត​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​) រូប​នេះ​មាន​ទស្សន​វិស័យ​ខ្ពស់​លើ​ផ្នែក​បច្ចេកទេស​និង​រៀបចំ​ក្បួន​យុទ្ធសាស្ត្រ​ប្រកួត​។

បើ​និយាយ​ពី​បេសកកម្ម​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​ក្រសួងការពារជាតិ បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​ក្លិប​ទាំង​១២​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​(Metfone Cambodian League 2018) ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១៣ លើក​ហើយ​ធ្លាប់​ស្មើគ្នា​បាន​៣​លើក និង​ចាញ់​រហូតដល់​៦​លើក​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ វិញ​គឺ​បានឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣​ទល់​០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕