ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ថោង ខុន ណែនាំ​ឲ្យ​ក្រុមការងារ​រៀបចំ​បុណ្យ​ទន្លេ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​សំរាម​ដល់​អាជីវករ

ភ្នំពេញ ៖ លោក​ថោង ខុន នែ​នាំ​ឲ្យ​ក្រុមការងារ​រៀបចំ​បុណ្យ​ទន្លេ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​សំរាម​ដល់​អាជីវករ ដែល​លក់​ម្ហូបអាហារ នំចំណី និង​ទំនិញ​របស់​ខ្លួន​នៅក្នុង​ពិធីបុណ្យ​ទន្លេ​ខាងមុខនេះ ដើម្បី​ឲ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ហើយ​ពោរពេញ​ដោយ​ភាព​ស្អាត​ថែមទៀត​។ រាល់​ស្ដង់​នីមួយៗ​ត្រូវ​មាន​ធុងសំរាម ហើយ​អាជីវករ​ក៏ត្រូវ​ចូលរួម​សម្អាត​អនាម័យ​នៅតាម​ស្ដង់​របស់ខ្លួន​ផង​ដែរ​។

ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​សាលាខេត្ត​កំពង់ឆ្នាំង លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើ​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង បាន​ជំរុញ​ដាស់តឿន​ក្រុមការងារ​គ្រប់​អនុគណៈកម្មការ​ទាំងអស់ ត្រូវខិតខំ​សម្រេច​ការងារ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​ឲ្យបាន ១០០% ខណៈ​គិត​ត្រឹម​សប្ដាហ៍​ទី​៣ នៃ​ខែកុម្ភៈ​នេះ ការងារ​ទាំងឡាយ​សម្រេច​បាន​ប្រមាណ​ពី ៧០-៨០% ហើយ​។

ការជំរុញ​ផែនការ​ការងារ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង ទន្ទឹម​នឹង​កិច្ច​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ ដែល​ម​កល់​ពេលនេះ​បាន​ប្រមាណ ៧០-៨០% ហើយ​នោះ ទិសដៅ​ការងារ​មួយ​ចំនួន​ទៀត ត្រូវ​បាន​លោក ថោង ខុន ណែនាំ​បញ្ជាក់​បន្ថែម និង​ដាក់​ឲ្យ​អនុវត្ត​បន្ត ដើម្បី​សម្រេច​ឲ្យ​បាន ១០០% ក្នុង​៣​សប្តាហ៍​ទៀត ដូច​មាន​តទៅ​ ក្រុមការងារ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​សំរាម​ដល់​អាជីវករ ដែល​លក់​ម្ហូបអាហារ នំចំណី និង​ទំនិញ​របស់​ខ្លួន​នៅក្នុង​ពិធីបុណ្យ​ទន្លេ​ខាងមុខនេះ ដើម្បី​ឲ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ហើយ​ពោរពេញ​ដោយ​ភាព​ស្អាត​ថែមទៀត​។ រាល់​ស្ដង់​នីមួយៗ​ត្រូវ​មាន​ធុងសំរាម ហើយ​អាជីវករ​ក៏​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​នៅតាម​ស្ដង់​របស់ខ្លួន​ផងដែរ​។

*ថ្វី​ត្បិត​ការរៀបចំ​តុបតែង​លម្អ​ទូទាំង​ក្រុង​កំពង់ឆ្នាំង កំពុង​មាន​ភាព​មមាញឹក និង​កំពុង​លេច​ជា​រូបភាព​បណ្ដើរ​ក៏​ពិតមែន ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​នៅតែ​ដាស់តឿន​ជាប្រចាំ ដើម្បី​ឲ្យ​ក្រុមការងារ​ខាង​រៀបចំ​តុបតែង​សោភ័ណភាព​នេះ ឲ្យ​បាន​លឿន​ឆាប់រហ័ស និង​ទាន់ពេលវេលា។

*ចំពោះ​សកម្មភាព​កីឡា ត្រូវ​បាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រភេទ​កីឡា​ដែល​ត្រៀម​រៀបចំ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១១​ប្រភេទ ចែកចេញជា​២​ផ្នែក​៖ ផ្នែក​ទី​១៖ កីឡា​បង្ហាញ​ពី​អត្តសញ្ញាណ (​កីឡា​បុរាណ​) មាន​កីឡា​ចំបាប់​បុរាណ​ខ្មែរ ប្រដាល់​គុន​ខ្មែរ កីឡា​ទាញព្រ័ត្រ ប្រណាំងសេះ ប្រណាំង​ទូកង និង​កីឡា​ល្បុក្កតោ ផ្នែក​ទី​២៖ កីឡា​ទំនើប មាន​បាល់ទាត់ បាល់ទះ បាល់បោះ រត់ប្រណាំង ជិះ​កង់​។

*ត្រូវ​បន្ត​ការរៀបចំ​ក្រុង​កំពង់ឆ្នាំង​ឲ្យ​បាន​ស្អាត​ជាង​មុន ដើម្បី​ឲ្យ​ទីក្រុង​ដ៏​សំខាន់​នេះ ជាប់​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​។ ប្រសិនបើ​ក្រុង​កំពង់ឆ្នាំង ទទួល​បាន​ជ័យលាភី​ពី​អាស៊ាន​នេះ​មែន វា​គឺជា​សមិទ្ធផល​ធំ​មួយទៀត ក្រោយពី​ការរៀបចំ​បុណ្យ​ទន្លេ​នេះ​។

*ត្រូវ​រៀបចំ​កន្លែង ឬ​សួន​ដាំ​ដើមឈើ​នៅក្នុង​ក្រុង​ឲ្យ​បាន​ច្រើន និង​ត្រូវ​បំផុស​ចលនា​យុវជន​ចូលរួម​ដាំ​ដើមឈើ​យ៉ាងហោចណាស់​ឲ្យ​បាន​ម្នាក់​មួយ​ដើម និង​គូស្រករ​មួយគូ​ដើមឈើ ២​ដើម នៅក្នុង​សួន​ដែល​យើង​រៀបចំ​ទុក​នោះ ពិសេស​ត្រូវ​ត្រៀម​ទុក​កូនឈើ​ឲ្យ​បាន​ស្រេច និង​ត្រូវ​មាន​ក្រុមការងារ​ចាំ​ជួយ​សម្រួល​ដល់​អ្នក​ដែល​ទៅ​ដាំ​ដើមឈើ​។

*ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ដាក់​ពង្រាយ​បង្គន់​អនាម័យ​សាធារណៈ​ឲ្យ​បាន​ច្រើន និង​នៅ​ទីតាំង​ដែល​សមរម្យ ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ​។ រាល់​បង្គន់​សាធារណៈ ត្រូវ​រៀបចំ​ទៅតាម​ស្តង់ដារ​ជាតិ​និង​អាស៊ាន និង​ត្រូវមាន​អ្នក​ចាំ​សម្អាត​ជាប្រចាំ​។

*ក្រៅពី​ការ​ដាស់តឿន​ពី​សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ​របស់​វិស័យ​ឯកជន លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ និង​អនុ​គណៈកម្មការ​ទទួល​បន្ទុក ត្រូវ​ចុះទៅ​ជួយ​រៀបចំ​ជាមួយ​ព្រះសង្ឃ​នៅតាម​វត្ត​អារាម និង​គណៈកម្មការ​វត្ត ដើម្បី​ជួយ​រៀបចំ​ការ​ទទួល​ប្រជាជន​មកពី​ចម្ងាយ ដែល​មក​ទស្សនា​បុណ្យ​ទន្លេ ពិសេស​រៀបចំ​កន្លែង​សម្រាក អគ្គិសនី ទឹក​ស្អាត​ប្រើប្រាស់ ដោយ​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា «​បុណ្យ​ទន្លេ​ក៏​ជាការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រជាជន និង​ប្រជាជន​»។

*​លោក​មន្ត្រី​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​សិប្បកម្ម​ក្នុង​ខេត្ត រៀបចំ​ការ​តាំងពិព័រណ៍​ក្នុង​ពិធីបុណ្យ​ទន្លេ​ឲ្យ​បាន​ច្រើន ដើម្បី​លើកស្ទួយ​វិស័យ​សិប្បកម្ម​ក្នុង​ខេត្ត​ឲ្យ​បាន​ផុលផុស​ឡើង ពិសេស​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​សហគមន៍​ក្អមឆ្នាំង យក​ផលិតផល​របស់​ខ្លួន​មក​តាំងពិព័រណ៍​ឲ្យ​បាន​ច្រើន ហើយ​លោក​បាន​ណែនាំ​ទៅកាន់​អនុគណៈកម្មការ ត្រូវ​ផ្ដល់​ស្ដង់​ពិព័រណ៍​ដល់​ពួកគេ​ចំនួន ៣​ស្ដង់ ដើម្បី​ឲ្យ​ការ​តាំង​បង្ហាញ​ធំ​ទូលាយ​។ លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា លោក​នឹង​គោរព​អញ្ជើញសម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូល​ទៅ​ទស្សនា​ស្ដង់​ពិព័រណ៍​ក្អមឆ្នាំង​នេះ​ផងដែរ​។

*​ចំពោះ​សកម្មភាព​សិល្បៈ និង​ទស្សនីយភាព​ត្រូវបាន​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អនុគណៈកម្មការ​រៀបចំ​ទស្សនីយភាព​សិល្បៈ រាយការណ៍​ឲ្យដឹងថា ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង ខាងមុខនេះ មានការ​សម្ដែង​សិល្បៈ​បុរាណសម័យ​ច្រើន​សម្បូរបែប និង​ប្លែកៗ ដោយមាន​ការចូលរួម​សម្ដែង​ពី​ក្រុម​សិល្បៈ​មកពី​ខេត្ត​ជិតខាង ពិសេស​សិល្បៈ​ធំ​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ គឺ​ល្ខោន​រឿង «​ពុទ្ធិ​សែន​នាង​ក​ង្រី​»៕