ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ជប៉ុន​ចាប់ផ្តើម​ទទួល​ពលករ​បរទេស​មាន​ជំនាញ​ខ្ពស់​ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ដោយ​ស្របច្បាប់

ភ្នំពេញ​ ៖​ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​ ចាប់ពី​ខែមេសា​ឆ្នាំ​២០ ១៩​ខាងមុខនេះ​តទៅ​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ទទួលយក​ពលករ​បរទេស​រាប់​ម៉ឺន​នាក់ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ដោយ​ស្របច្បាប់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វះខាត​កម្លាំង​ពលកម្ម ​ពិសេស​លើ​ជំនាញ​ថែទាំ​មនុស្ស​ចាស់។

ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អូ​ឈិ ឯកអគ្គ​រាជ​ទួត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួង លោក បណ្ឌិត អ៊ិត​សំហេង​ បាន​បន្ត​ថា ​ការ​បើក​ទូលាយ​ទីផ្សារពលកម្ម​របស់​ជ​ប៉ុន​នេះ​នឹង​ជួយ​ឲ្យ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ជប៉ុន​កាន់​តែ​ច្រើន​ថែមទៀត​ ខណៈ​បច្ចុប្បន្ន​មាន​ត្រឹមតែ​កម្មសិក្សាការី​ជាង​៩​ពាន់​នាក់​ប៉ុណ្ណោះ​សិក្សា​និង​ធ្វើការ​នៅ​ជប៉ុន​លើ​វិស័យ​សំណង់ កសិកម្ម សេវ​កម្ម​និង​ថែទាំ​មនុស្ស​ចាស់​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន​មិន​ត្រឹមតែ​ទទួល​បាន​នូវ​ប្រាក់ចំណូល​ខ្ពស់​ដល់​១៥០០​ដុល្លារ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ទាក់ទិន​នឹង​ភាសា​និង​ជំនាញ​សម្រាប់​យក​មក​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ក្រុមការងារ​របស់​ក្រសួង​បាន​នឹង​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ជប៉ុន​យ៉ាងសកម្ម ​ដើម្បី​ពិនិត្យ​និង​រៀបចំ​ឯកសារ​ផ្សេងៗ​ហើយ​ដែល​រំពឹង​ថា ​គ្រោង​នឹង​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ​នៅ​សប្តាហ៍​ទី​៣​នៃ​ខែមីនា​ឆ្នាំ​២០១៩ ខាងមុខនេះ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

ចំណែក​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អូ​ឈិ ឯកអគ្គ​រាជ​ទួត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​ ប្រព័ន្ធ​ច្បាប់​ជប៉ុន​ថ្មី​នេះ​បាន​បង្កើត​ជា​ទិដ្ឋាការ​ថ្មី​ចំនួន​ពីរ​ប្រភេទ​សម្រាប់​ពលករ​បរទេស​គឺ​ទីមួយ​ផ្តល់​សុពលភាព​៥​ឆ្នាំ​ សម្រាប់​ពលករ​បរទេស​ដែល​អាច​និយាយ​ភាសា​ជប៉ុន​បាន​ល្អ​និង​ទី​ពីរ​ពលករ​មាន​ជំនាញ​ខ្ពស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ដោយមាន​សិទ្ធិ​រស់​នៅ​ក្នុង​ប្រទេស​ជ​ប៉ុន​ជា​រៀង​រហូត​ថែម​ទៀតផង​ខណៈ​កាលពីមុន​ពលករ​បរ​ទេស​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​មាន​សិទ្ធ​ត្រឹមតែ​កម្មសិក្សាការី​ទេ​គឺ​រៀន​ផង​និង​ធ្វើការ​ផង។

លោកស្រី​អ៊ឹង ស៊ា​ង​រិទ្ធី ប្រធាន​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​ធ្លាប់បាន​ស្វាគមន៍​ចំពោះ​ច្បាប់​ថ្មី​របស់​ជប៉ុន​នេះ​ ព្រោះ​នឹង​ផ្តល់​ឱកាស​ដល់​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​កាន់តែច្រើន​ថែមទៀត​ខណៈ​បច្ចុប្បន្ននេះ​មាន​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន​តិចតួច​នៅឡើយ​។

លោកស្រី​បាន​ប្តេជ្ញា​ថា ​នឹង​ខិតខំ​បណ្តុះបណ្តាល​ដល់​ពលករ​ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ជប៉ុន​ទៅលើ​ជំនាញ​ភាសា​ជប៉ុន ច្បាប់​និង​លក្ខខណ្ឌ​ការងារ​ព្រមទាំង​វប្បធម៌​ប្រពៃណី​របស់​ជប៉ុន​ដើម្បី​ឲ្យ​ពលករ​អាច​សម្រប​ខ្លួន​រស់នៅ​និង​ធ្វើការ​ជាមួយ​ជនជាតិ​ជប៉ុន​បាន​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោកស្រី​បាន​ណែនាំ​ដល់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ត្រូវ​គោរព​ច្បាប់ វិន័យ​និង​លក្ខខណ្ឌ​ការងារ​របស់​ជប៉ុន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ឲ្យ​ថៅកែ​ពេញចិត្ត​និង​បង្កើន​ការជ្រើសរើស​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ឲ្យ​បាន​ច្រើន​ថែមទៀត​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ព្រោះ​ពលករ​ធ្វើកា រ​នៅ​ជប៉ុន​ទទួល​បាន​ប្រាក់ខែ​ទាប​បំផុត​ជិត​១​ពាន់​ដុល្លារ​អាមេរិក​និង​ខ្ពស់បំផុត​ជិត​២​ពាន់​ដុល្លារ​អាមេរិក​។

ច្បាប់​ថ្មី​នេះ​ ត្រូវ​បាន​ព្រឹទ្ធសភា​ជប៉ុន​អនុ​សម័យ​កាលពី​ថ្ងៃទី​៨ ​ខែធ្នូ ​ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ដោយ​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​ជប៉ុន​ទទួលយក​ពលករ​បរ​ទេស​ច្រើនជាង​មុន​រហូតដល់​៣៤​ម៉ឺន​៥ពាន់​នាក់​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ខាងមុខនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ដែល​បណ្តាល​មក​ពី​ការ​ថយចុះ​នៃ​កំណើត​ប្រជាជន​និង​ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់ជរា​។

យោង​តាម​ក្រសួង​ការងារ​របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ចុងខែ​តុលា​ឆ្នាំ​២០១៨​ មាន​ពលករ​បរទេស​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន​ចំនួន​១​លាន​២​សែន​៨​ម៉ឺន​នាក់​ ក្នុង​នោះ​ជនជាតិ​ចិន​មាន​ច្រើន​ជាង​គេ​រហូតដល់​៣៧​ម៉ឺន​នាក់​ បន្ទាប់មក​ជនជាតិ​វៀតណាម​និង​ហ្វីលីពីន​៕