ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​អនុសាសន៍ ១១ ចំណុច​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០១៩ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​(​ក​.​ជ​.​ក​.​ស​)​ដែល​បាន​ប្រារព្ធ​ពិធី​បើក​នា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ នេះ​នៅ​វិមាន​សន្តិភាព​។

ជា​ទម្លាប់​នៃ​ការប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី សម្តេច​តេ​ជោ តែងតែ​ធ្វើ​ព្រះ​រាជ​តំណាង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះប្រធាន​កិត្តិយស ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​ស្ត្រី​យ៉ាង​ទៀងទាត់​ជា​រៀងរាល់​ឆ្នាំ ដើម្បី​តាមដាន​ពី​កាលានុវត្តភាព​របស់​ក្រុមប្រឹក្សា​និង​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​អនុវត្ត​បន្ត​នៅពេល​ខាងមុខ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ ភាព​ខ្ពស់​ថែមទៀត​។

នៅក្នុង​ឱកាស​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បានផ្តល់​អនុសាសន៍​សំខាន់ៗ​ចំនួន​១១ ចំណុច ក្នុងការ​ចូលរួម​អភិ វឌ្ឍន៍​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​រួមមាន​៖
​ ​ទី​១-​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី​និង​សង្គម​ស៊ីវិល​បន្ត​ផ្សព្វ ផ្សាយ​អនុសញ្ញា​ស្តីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​និង​ឯកសារ​ពាក់ព័ន្ធ តាម​ព្រះរាជានុសាសន៍ ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​បន្ត​ចុះ​តាមដាន​ការអនុវត្ត​ច្បាប់​និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា ដើម្បី​លើក​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​។ គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

ទី​២-​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ត្រូវ​បន្ត​ចុះ​សិក្សា​ស្វែងយល់​អំពី​ឧបសគ្គ​រារាំង​ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ស្ត្រី ដែល​មាន​តួនាទី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បន្ត​សិក្សា​ស្វែងយល់​អំពី​គោលការណ៍​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​ការពង្រឹង​សមត្ថភាពរ​បស់​ស្ត្រី​។

​ទី​៣-​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ របស់​ក្រសួងមហាផ្ទៃ ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួង​កិច្ចការ​នារី និង​ក្រសួង​មុខងារសាធារណៈ ត្រូវ​បង្កើន​កិច្ចសហការ​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​ដ​ល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ​ទាក់ទង​នឹង​ផ្នែក​មគ្គុទ្ទេសក៍​ភាព ច្បាប់ និង​បទប្បញ្ញត្តិ​នានា និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​សម្រាប់​ថ្នាក់ដឹកនាំ​នារី ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​រៀបចំ​វគ្គ​ពិសេស​សម្រាប់​ស្ត្រី និង​ស្ត្រី​វ័យក្មេង ហើយ​វាយតម្លៃ​លទ្ធផល​ឲ្យ​បាន​ជាក់លាក់​។

ទី​៤-​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ត្រូវ​បន្ត​ស្វែងយល់​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​ផលិតកម្ម​របស់​ស្ត្រី​នៅ​ជនបទ​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​គ្រួសារ​ដោយ​ត្រូវយក​មាត្រា​ទី​១៤ នៃ​អនុសញ្ញា​ស្តីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ (CEDAW)​មក​ធ្វើជា​គោល​ដើម្បី​ពិនិត្យ​និង​តាមដាន​។

ទី​៥-​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​កិច្ចសហការ​ល្អ រវាង​មន្ត្រី​នគរបាល និង​តុលាការ​ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​សមត្ថកិច្ច​និង​តួនាទី​ដែល​បាន​កំណត់​ក្នុង​នីតិវិធី​ច្បាប់​ជា​ធរមាន ដើម្បី​ធានាបាន​ការស្វែងរក​យុត្តិធម៌ ជូន​ភាគី​ពាក់ព័ន្ធ​ហើយ​ត្រូវ​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ការជួញដូរ​មនុស្ស​និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​ព្រមទាំង​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​របស់​ស្ត្រី​និង​កុមារ​ដល់​ចៅក្រម​ព្រះរាជអាជ្ញា​និង​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​ធានា​នូវ​ភាពយុត្តិធម៌ និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​ឲ្យ​បាន​ឆាប់រហ័ស​ជាពិសេស​សំណុំរឿង​ក្តី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ស្ត្រី ។ ដោយឡែក​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ត្រូវ​បន្ត​ខិតខំ​ជួយ​សម្របសម្រួល​ក្នុង​ការ​ស្វែងរក​សេវា​ផ្លូវច្បាប់ និង សេវា​ផ្សេងទៀត សម្រាប់​ផ្ដល់ជូន​ដល់​ស្ត្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាំង​ក្នុងករណី​មាន​បណ្ដឹង និង ក្នុងករណី​មិនមាន​បណ្ដឹង​។

ទី​៦-​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​បន្ត​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ក្រុមហ៊ុន​ដែល​បញ្ជូន​ពលករ​ពល​ការិនី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅប្រទេស ដោយ​ត្រូវ​សហការ​ឲ្យ​បាន​ល្អជា​មួយ​ក្រសួង​ពាក់ព័ន្ធ​ក្នុង​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អ្នកតំណាង​ពី​ក្រៅប្រទេស ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​និង​អាជ្ញាធរ ដែនដី ក្នុង​ការ​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ពល​ករ ពល​ការិនី​ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់​និង វិធានការ​នានា​ក្នុង​គោលដៅ​បង្កើន​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​។

ទី​៧-​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិសម្បទា ត្រូវ​បន្ត​រៀបចំ​និង​បង្កើន​គម្រោង​កម្មវិធី​ដើម្បី​ជួយ​អភិវឌ្ឍន៍​ជន​ពិការ​ជាពិសេស​ស្ត្រី​និង​កុមារ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​និង​យកចិត្តទុកដាក់​លើ​ការថែទាំ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​និង​អំពើ​ជួញដូរ​មនុស្ស ជាពិសេស កុមារា កុមារី ក្នុង​មណ្ឌល​និង​សហគមន៍​ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​មនុស្សធម៌​ដែលមាន​ឆន្ទៈ និង​លទ្ធភាព ព្រមទាំង​តាមដាន​ជាប្រចាំ​។

ទី​៨- ដើម្បី​រក្សា​នូវ​វប្បធម៌ ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ ក្រសួងពត៌មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​បន្ត​ត្រួតពិនិត្យ​តាមដាន​ជាប្រចាំ​នូវ​ខ្លឹមសារ​រូបភាព និង​ការសំដែង​នូវ​កម្មវិធី​នីមួយៗ ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​ទូរទស្សន៍ និង​វេទិកា​ផ្សេងៗ​ទៀត។ ទន្ទឹម​នេះ ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ខ្លឹមសារ និង​រូបភាព​ដែល​បាននឹងកំពុង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ហើយ​មាន​លក្ខណៈ​រើសអើង​ចំពោះ​ស្ត្រី​បន្ទាបបន្ថោក​ប្រពៃណី​វប្បធម៌​និង​តម្លៃ​ស្ត្រី​ខ្មែរ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ត្រូវ​រៀបចំ​គណៈកម្មាធិការ​ចម្រុះ​អន្តរក្រសួង​ដោយ​ចាត់វិធានការ​ក្នុងការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស​តាមរយៈ​បច្ចេកវិទ្យា​។ ក្រសួង​ធម្មការ និង​សាសនា ត្រូវ​បន្តសកម្មភាព​អប់រំ​ឲ្យ​បាន​ទូលំទូលាយ​ទូទាំង​ប្រទេស តាមរយៈ​នាទី​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹង​សង្គម​។

ទី​៩-​ក​,​គ្រប់​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​ដែនដី​ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើន​ចំនួន​មន្ត្រីរាជការ​ជា​ស្ត្រី​បន្ថែម​ទៀត និង​ការតែងតាំង​មុខតំណែង​ឲ្យ​មាន​តំណាង​ស្ត្រី​នៅ​គ្រប់​រចនាសម្ព័ន្ធ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី មធ្យោបាយ ថវិកា​និង​ផ្តល់ឱកាស​ឲ្យ​មាន​សំឡេង​ស្ត្រី​ចូលរួម​ផ្ដល់​យោបល់​ក្នុង​ការ​សម្រេច​តែងតាំង​។ ពិនិត្យ​ការតែងតាំង​មន្ត្រីរាជការ​ជា​ស្ត្រី​ដែលមាន​សមត្ថភាព​ជំនួស​មន្ត្រី​ជា​ស្ត្រី​ចូលនិវត្តន៍​ដែល​រួមចំណែក​រក្សា​បាន​នូវ​កំណើន​ចំនួន​ស្ត្រី​ក្នុង​តួនាទី​មាន​សិទ្ធិ​សម្រេច​។ បង្កើន​សមត្ថភាព​មន្ត្រី​រាជការ​ស៊ីវិល​ជា​ស្ត្រី​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ យកចិត្តទុកដាក់​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​ជា​ស្ត្រី​សម្រាប់​បន្តវេន​លើ​គ្រប់​វិស័យ​ជាពិសេស​នៅ​ថ្នាក់ក្រោម​ជាតិ​។ យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​មន្ត្រីរាជការ​ស៊ីវិល​ជា​ស្ត្រី​មុន​ចូលនិវត្តន៍​ដោយ​ដំឡើង​ឋានន្តរស័ក្ដិ និង​ថ្នាក់​ក្នុង​ប្រភេទ​ក្របខណ្ឌ​របស់ខ្លួន​តាម​អតីតភាព​ការងារ​ឲ្យ​ស្របតាម​គោលការណ៍​។

​ខ​,​ស្ថាប័ន​តុលាការ និង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ គួរ​បន្ត​ខិតខំ​បង្កើន​ចំនួន​ក្រឡាបញ្ជី​មេធាវី​ចៅក្រម និង​និស្សិត​ជា​ស្ត្រី​ដើម្បី​រួមចំណែក​ផ្ដល់​សេវា​យុត្តិធម៌ ប្រកបដោយ​សមធម៌​និង​ប្រសិទ្ធភាព​ចំពោះ​ករណី​មាន​អំពើហិង្សា​លើ​ស្ត្រី​និង​កុមារ​។

​ទី​១០-​ក្រសួង​អប់រំ យុវជន​និង​កីឡា ត្រូវ​បន្ត​ពិនិត្យ​ស្រាវជ្រាវ​ស្ថានភាព​និស្សិត​ជា​នារី​ទាំង​ការលំបាក​និង ការ​ងាយស្រួល​ទាំង​ក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅក្នុង​គ្រឹះស្ថាន​របស់​រដ្ឋ​និង​គ្រឹះស្ថាន​ឯកជន​ដោយ​ត្រូវធ្វើ​របាយការណ៍​ដោយឡែក ដើម្បី​មាន​វិធានការ​ដោះស្រាយ។

ទី​១១-​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ ក្រសួង​ស្ថាប័ន​ទាំងអស់​គប្បី​យកចិត្តទុកដាក់​ជំរុញ និង​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​កំរិត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ថា ​ស្ត្រី​ត្រូវ​ទទួលបាន​ផលប្រយោជន៍​ពី​ការផ្ដល់សេវា​សង្គម សេដ្ឋកិច្ច សេវា​រដ្ឋបាល​និង​សាធារណៈ​ប្រកបដោយ​សមធម៌​ព្រមទាំង​ជំរុញ និង​លើកកម្ពស់​តួនាទី​ក្នុងការ​ចូលរួម និង​ការ​ទទួលបាន​នូវ​សុវត្ថិភាព​ពី​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ដែលមាន​ក្រសួងមហាផ្ទៃ​ជា​ស្នូល​ក្នុងការ​ដឹកនាំ​និង​សម្របសម្រួល​៕