ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ពិចារណា​បង្កើត «​ក្រុម​មេធាវី​ការពារ​ក្តី​» សម្រាប់​ជនក្រីក្រ​និង​ស្ត្រី​ងាយ​រងគ្រោះ

ភ្នំពេញ ៖​ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១៨ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ បាន​បញ្ជាក់​អំពី​បំណង​របស់​សម្តេច​ដោយ​កំពុង ពិចារណា​ក្នុងការ​បង្កើត​«​ក្រុម​មេធាវី​ការពារ​ក្តី ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​សម្តេច​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ជា​ស្ត្រី​ក្រីក្រ​។​នេះ​បើ​យោង តាម​ព័​ត៌មាន​បង្ហោះ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​នៅ​ថ្ងៃទី ១៨ កុម្ភៈ នេះ ។

​បើ​យោង​តាម​ផេក​ហ្វេ​ស​បុក​របស់​សម្តេច ​ការ​បញ្ជាក់​នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

​ផេ​ក​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​ទន់ខ្សោយ​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ពិចារណា​ក្នុង​ការ​បង្កើត “​ក្រុម​មេធាវី​ការពា​ក្តី​” ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​សម្តេច​តេ​ជោ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែល​ជា​ស្ត្រី​ក្រីក្រ​»​។

បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ស្ថាប័ន​អនុវត្ត​ច្បាប់​និង​អង្គភាព​ពាក់ព័ន្ធ​បន្ត​ចាត់វិធានការ​បង្ក្រាប​ប​ទ​លើ​រួមមាន​ការ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ អំពើ​ហិង្សា​ក្នុង​គ្រួសារ ករណី​រំលោភ​សេពសន្ថវៈ​និង​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែលជា​បញ្ហា​ប្រឈម​បច្ចុប្បន្ន។ លទ្ធផល​នៃ​ការ​ផ្តល់សេវា​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្តី និង ក្មេងស្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​បាន​បង្ហាញ​ថា ករណី​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ត្រូវ​បាន​កត់សំគាល់​ក្នុង​ចំនួន​ខ្ពស់​។ ស្ថិតិ​របស់​គណៈ​មេធា​វ​កម្ពុជា​ឆ្នាំ ២០១៨ បានផ្តល់​សេវា​ផ្នែក​ច្បាប់​ក្នុងការ​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ពលរដ្ឋ ក្រីក្រ ស្ត្រី​ក្រីក្រ និង កុមារ​ជា​អនីតិជន​ចំនួន​សរុប ២ ៦៥៥ ករណី​នៃ​ចំនួន​ពលរដ្ឋ​សរុប​៣.៩០៨ នាក់​ក្នុងនោះ​ស្ត្រី​មាន​២៥៨​ករណី​,​អនីតិជន​ចំនួន ១០៤៨ ករណី​និង​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​សរុប ៤៩៦ ករណី​។

លទ្ធផល​នៃ​ការ​ចុះ​អភិបាល និង តាមដាន​វាយតម្លៃ​លើ​ការ​ចេញ​កោសល្យវិច័យ​របស់​គណៈ​ក​ម្មា​ការ​រាជធានី ខេត្ត បង្ហាញថា​មាន​ករណី​រំលោភ​សេព សន្ថវៈ​សរុប ១៨២ ករណី ទទួល​បាន​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យ​និង​២៤ ករណី ទទួល​បាន​សេវា​នៅ​មណ្ឌល​សុខភាព​(​ក្នុង​រយៈពេល​៧២​ម៉ោង ដំបូង​)​ ក្នុង​នោះ​មន្ទីរពេទ្យ​បានចេញ​កោសល្យវិច័យ​វេជ្ជសាស្ត្រ​លើ​ករណី​រំលោភ​សេពសន្ថវៈ​សរុប​១៦៦ ករណី និង ករណី​លើកលែង​ការបង់ថ្លៃ​ចំនួន ១៦១ ករណី​។

ក្នុង​ការ​ផ្តល់សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា ក្រសួងសុខាភិបាល និង ក្រសួង​កិច្ចការនារី បាន​សហ​ការ​ផ្តល់សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា តាមរយៈ​មណ្ឌល​សុខភាព​ចំនួន ៤៨ ក្នុង​ខេត្ត​ចំនួន០៨ ដែល​កំពុង​ផ្តល់​សេវា​ឆ្លើយតប​អំពើហិង្សា។ ក្រសួង​កិច្ចការនារី​កំពុង​សិក្សា​ពង្រីក​មណ្ឌល​សេវា ចំរុះ ដែល​ឆ្លើយតប​ទៅនឹង​អំពើហិង្សា​លើ​ស្ត្រី ដើម្បី​ផ្តល់​កិច្ច​អន្តរាគមន៍ និង​សេវា​ជួយ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ទាន់ពេលវេលា​និង​ប្រសើរ​ជាង​មុន​។

គួរ​រំលឹក​ជូន​ថា​កាលពី​ឆ្នាំ ២០១៨ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្រេច​បង្កើន​ថវិកា​ពី ២០០ លាន​រៀល ទៅ ៥០០​លាន​រៀល​សំរាប់​ជួយ​ដោះស្រាយ សេវា​ផ្លូវច្បាប់​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការរំលោភបំពាន​ផ្សេងៗ​។

​នៅក្នុង​អនុសាសន៍​១១​ចំណុច​ដែល​ផ្តល់ជូន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ក្នុង​ឆ្នាំ ២០១៩ នេះ​នៅ​អនុសាសន៍​ទី​៥ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក ឡើង​ថា​៖​ក្រសួងមហាផ្ទៃ​និង​ក្រសួងយុត្តិធម៌​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​រវាង​មន្ត្រីនគរបាល និង តុលាការ​ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម សមត្ថកិច្ច​និង​តួនាទី​ដែល​បាន​កំណត់​ក្នុង​នីតិវិធី​ច្បាប់​ជា​ធរមាន​ដើម្បី​ធានា​បាន​ការស្វែងរក​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ​ហើយ​ត្រូវ​បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ការជួញដូរ​មនុស្ស​និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​ព្រមទាំង​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​របស់​ស្ត្រី​និង​កុមារ​ដល់​ចៅ ក្រម ព្រះរាជអាជ្ញា​និង​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​ធានា​នូវ​ភាព​យុត្តិធម៌​និង​ពន្លឿន​ការ​ដោះស្រាយ​រឿងក្តី​ឲ្យ​បាន​ឆាប់រហ័ស​ជាពិសេស​សំណុំ​រឿងក្តី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ស្ត្រី។

ដោយឡែក​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ត្រូវ​បន្ត​ខិតខំ​ជួយ​សម្របសម្រួល​ក្នុង​ការ​ស្វែងរក​សេវា​ផ្លូវច្បាប់ និង សេវា​ផ្សេងទៀត​សម្រាប់​ផ្ដល់​ជូន ដល់​ស្ត្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទាំង​ក្នុងករណី​មាន​បណ្ដឹង និង ក្នុងករណី​មិន​មាន​បណ្ដឹង៕