ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ជា​វីរជន ដែល​លះបង់ ​សាច់​ស្រស់ ឈាម​ស្រស់​ ព្រម​ទាំង​ពុះពារ​គ្រប់​ឧបសគ្គ នាំ​នូវ​សន្តិភាព ជូន​សង្គមជាតិ​យើង

ប៉ៃលិន ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​រំលឹក​អំពី​វីរភាព របស់​វីរជន​កម្ពុជា ដែល​បាន​ធ្វើ​ការ​លះបង់ សាច់​ស្រស់ ឈាម​ស្រស់ និង​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ប្តូរ​យក​សន្តិភាព ជូន​ជាតិ​មាតុភូមិ​កម្ពុជា។

ការ​រំលឹក​អំពី​វីរភាព នៃ​វីរជន​កម្ពុជា ដែល​ហ៊ាន​លះបង់ អ្វីៗ​គ្រប់​បែប​យ៉ាង​ ដើម្បី​ជាតិ​មាតុភូមិ ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្នុង​ខេត្ត​ប៉ៃលិន​នា​ពី​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នា​សាល​ប្រជុំ​សាលាខេត្ត​ប៉ៃលិន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​ប៉ៃលិន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ,​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ទាំងបី​ស្ថាប័ន យ៉ាងច្រើន​កុះករ។

ថ្លែង​ក្នុង​ពិធី​សំ​ណោះ​សំ​ណា​ល​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹងថា ​៖ នៅក្នុង​ចន្លោះ ឆ្នាំ​១៩៧៥-១៩៧៩ ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូលក្នុង របប​វាលពិឃាដ ដែល​បាន​ឆក់យក​ជីវិត​ជនស្លូតត្រង់ ជាង ៣​លាន​នាក់ និង​បានធ្វើឱ្យ​ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​រាប់លាន​នាក់​ផ្សេងទៀត ជួបតែ​ភាពឈឺចាប់​ខ្លោចផ្សា រស់នៅ​ដោយ​គ្មាន​ក្តីសង្ឃឹម និង​ប្រឈមមុខ ចំពោះ​សេចក្តី​ស្លាប់​គ្រប់ពេលវេលា។ រហូតមកដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ក្រោម​ការលះបង់ សាច់​ស្រស់ ឈាម​ស្រស់ របស់​វីរជន​យើង កម្ពុជា​ត្រូវ​បាន​សង្គ្រោះ ឱ្យ​រួច​ផុតពី​ក្រញាំ នៃ​របប​អាវ​ខ្មៅ នាំមក​នូវ​ក្តី​សង្ឃឹម​ថ្មី ជូន​ដល់​បងប្អូន​ជនរួមជាតិ​របស់​យើង។ លោក​បាន​បន្តថា​៖ បើ​គ្មាន​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ នោះទេ ប្រជាពលរដ្ឋ​រាប់លាន​នាក់​ផ្សេងទៀត អាច​នឹងត្រូវ​បានសម្លាប់ ប្រទេសជាតិ​អាច​នឹង​ត្រូវបាន​បំផ្លាញ​ខ្ទេច​គ្មាន​សល់ ដូច្នេះ យើង​ទាំង​អស់គ្នា គួរ​ចូលរួម​ថែរក្សា និង​លើកកម្ពស់​សន្តិភាព ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក តាមរយៈ ការ​ស្វែងយល់​អំពី​តម្លៃ​នៃ​សន្តិភាព ការ​កសាង​ខ្លួន ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​គំរូ ការ​គោរព​ច្បាប់ និង​ការផ្សះផ្សា​ជាតិ។

លោក​បាន​បន្ត​ទៀត​ថា​ ៖​ សុខ​សន្តិភាព និង​ភាព​សុខដុម របស់​កម្ពុជា នាពេល​បច្ចុប្បន្ន គឺ​បានកើត​ចេញពី​កម្ពុជា ដោយ​ខ្លួនឯង និង​ការ​លះបង់ សាច់​ស្រស់ ឈាម​ស្រស់ របស់​អតីតយុទ្ធជន​កម្ពុជា មិនមាន​ទេវតា មក​ប្រទាន​ឱ្យ​ឬ ប្រទេស​ណាមួយ ជា​អ្នក​ផ្តល់ឱ្យ​នោះទេ​។ ជាមួយនឹង​សុខសន្តិភាព និង​ភាព​សុខដុម របស់​កម្ពុជា នាពេល​បច្ចុប្បន្ននេះ គឺ​ក្រោម​ការដឹកនាំ និង​គោលនយោបាយ​ឈ្នះឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច បាន​ខិតខំ ក្នុង​ការកសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ រហូតដល់​ប្រទេស​មានការ​អភិវឌ្ឍ​​រីកចម្រើន ដូច្នេះ​សរុបមក សន្តិភាព មានតម្លៃ​ឥត​គណនា ព្រោះ​វីរជន​របស់​យើង ហើយ​ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការ​លះបង់ សាច់​ស្រស់ ឈាម​ស្រស់ និង​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​នាំមក​នូវ​សន្តិភាព​ជូន​ប្រទេសជាតិ​យើង​ផងដែរ៕

​