ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉េអឹម​បង្ក្រាប​ម៉ាស៊ីន​រ៉ៃ​អារ​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​ខណៈ​នាយក​ដែន​ជម្រក​សត្វ​សំងំ​ប្រមូល​លុយ​ពី​បទ​ល្មើស​ព្រៃឈើ

កំពង់ស្ពឺ​ ៖​ រណា​យន្ត​ធុន​ធំ (​ម៉ាស៊ីន​រ៉ៃ​) ០២​គ្រឿង និង​គំនរ​ឈើ​មូល​ចម្រុះ​ប្រមាណ​ជាង​១០០​កំណាត់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​បង្ក្រាប​ជាមួយ​អាវុធហត្ថ​ស្រុក​ឱរ៉ាល់ ចុះ​បង្ក្រាប​ក្នុង​ដែន​សមត្ថកិច្ច​បរិស្ថាន ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ខណៈ​នាយក​ដែន​ជម្រក​សត្វ​មិន​បង្ក្រាប​ដោយ​សង្ស័យ​ថា ​យក​លុយ​ប្រចាំខែ។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់ បាន​រាយការណ៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ ២០១៩​​ កម្លាំង​ចម្រុះ​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់ ចុះ​បង្ក្រាប​រោង​ម៉ាស៊ីន​អារ​​ឈើ​មួយ​កន្លែង ខណៈ​ម្ចាស់​រត់​បាត់ស្រមោល។

ប្រភព​បន្ត​ថា ទីតាំង​រោង​ម៉ាស៊ីន​អារ​ឈើ​ល្មើសច្បាប់​ខាងលើ ស្ថិតនៅ​ក្នុង​ព្រៃ ក្នុងភូមិ​សាស្ត្រ ភូមិ​តា​ជន់ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ។

ក្នុង​នោះ​កម្លាំង​បាន ដកហូត​បាន ម៉ាស៊ីន ​រ៉ៃ ០២​គ្រឿង​,​ម៉ាស៊ីន​ថាស​ច្រៀក ០១​គ្រឿង​,​​ឈើ​អារ​ក្តារ​ជញ្ជាំង ០៣​ម៉ែត្រ​គូប ,​ឈើ​ដុល​ចម្រុះ​ជាង ១០០​កំណាត់។

ប្រភព​ព័ត៌មាន បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ដឹកជញ្ជូន​ឈើ​ធម្មតា និង​ឈើ​ប្រណីត​នៅតែ​កើតមាន​ខណៈ​ដែល​នាយក​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ បិទ​ភ្នែក​សំងំ​ប្រមូល​លុយ​ដាក់​ហោប៉ៅ តាមរយៈ​ការ​រត់ការ​ជាមួយ​លោក ខន ដុ​ខុន នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​កំពង់ស្ពឺ។

ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ឈើ​ប្រណីត ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់ ត្រូវ​បាន​ក្រុម​ឈ្មួញ​ចូល​ទៅ​កាប់ អារ​ច្រៀក និង​ដឹកជញ្ជូន​ធ្វើ អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក។ បញ្ហា​នេះ កើតឡើង​ដោយសារតែ លោក ខន សុខុន នាយក​ដែន ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់ គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ ដែល​ជា ជនល្មើស​ចូល​ទៅ​កាប់​ឈើ និង​ដឹកជញ្ជូន​ចេញ​យ៉ាង​រលូន។

សូម​រម្លឹក​ថា លោក ខន សុខុន នាយក​ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ត្រូវ​បាន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញ​លិខិត​ព្រមាន​ម្ដង​រួចហើយ​ កាលពី​ឆ្នាំ​២០១២ កន្លងមក ដើម្បី​ឱ្យ​ការ​ប្រែ​កំហុស​ឆ្គង និង​ភាព​អសកម្ម​ផ្សេងៗ​របស់​ខ្លួន ប៉ុន្តែ​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ គឺ​នៅ​ដដែល។ ក្រៅពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ព្រមាន​ក៏​មាន​ពាក់ព័ន្ធ​សំណុំរឿង​ដីធ្លី​ក្នុង​តំបន់​ការពារ​នោះ​ផង​ដែរ។

បច្ចុប្បន្ន ម៉ាស៊ីន​រ៉ៃ និង​កំណាត់ឈើ ​ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ត្រី​បរិស្ថាន​ដែន​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ​ធ្វើ​ការវាស់វែង​ដើម្បី​យកទៅ​រក្សាទុក ដើម្បី​បន្ត​នីតិវិធី ​និង​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114