ព័ត៍មានទាន់​ហេតុការណ៏
Search

មូលនិធិ​ជប៉ុន​ សម្រាប់​កាត់បន្ថយ​ភាព​ក្រីក្រ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB ​កំពុង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ចម្រុះ​ក្នុង​ទីក្រុង​ភ្នំពេញ

ភ្នំពេញ ​៖​ មូលនិធិ​ជប៉ុន សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​កំពុង​សហការគ្នា គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ចម្រុះ​ក្នុង​ទីក្រុង​ភ្នំពេញ។

នៅក្នុង​សិក្ខាសាលា​ចាប់ផ្តើម​គម្រោង ស្តីពី​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ចម្រុះ​ក្នុង​ទីក្រុង​ប្រកបដោយ​និរន្តរភាព ក្រោម​ការរៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធនាគារអភិវឌ្ឍន៍អាស៊ី នាព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ​នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា សិក្ខាសាលា​នេះ​ជា​ផ្នែក​មួយ​ដើម្បី​បំពេញបន្ថែម​ទៅនឹង​អ្វីដែល​សាលាក្រុង​ភ្នំពេញ​កំពុង​ធ្វើ ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​សម្រាប់​ដោះស្រាយ​បញ្ហា​ការដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុងមាន​ការកកស្ទះ​ជា​រៀងរាល់ថ្ងៃ ដែល​ទាមទារ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ធ្វើការ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​រួម គឺ​បញ្ហា​ចរាចរ បញ្ហា​ដឹកជញ្ជូន នៅ​រាជធានី​ភ្នំពេញ ឱ្យមាន​និរន្តរភាព។

លោក​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ចូលរួម​សហការ គោរព​ច្បាប់ ហើយ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា និង​ចូលរួម​គាំទ្រ​នូវ​សេវា​ដឹកជញ្ជូន​សាធារណៈ តាម​ឡានក្រុង និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក ដែល​យើង​បាន​ដាក់​ឱ្យ​ដំណើរការ​សព្វថ្ងៃនេះ។

លោក ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​នៅ​ក្នុង​ឱកាស​បិទ​សិក្ខាសាលា​ព្រឹក​នេះ​ដែរ​ថា សិក្ខាសាលា​នេះ ​មានការ​ចូលរួម​ពី​សាលា​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន អគ្គនាយកដ្ឋាន​សាធារណការ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង ក្នុង​បំណង​បង្កើន​ការយល់ដឹង​ដល់​សាធារណជន​ទូទៅ សំដៅ​ជំរុញឱ្​យមាន​ការប្រើប្រាស់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ។ គម្រោង​ជំនួយ​បច្ចេកទេស​នេះ នឹង​ទទួលបាន​ហិរញ្ញប្បទាន​ឥត​សំណង​ពី​មូលនិធិ​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជា​អ្នកចាត់ចែង ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នកប្រតិបត្តិ​អនុវត្ត​គម្រោង​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ឱ្យមាន​ភាពល្អប្រសើរ​។ លោក​បាន​សរសើរ​ដល់​សាលា​រាជធានី​ភ្នំពេញ​ដែល​កន្លងមក​បានធ្វើកា​រ​យ៉ាង​សស្រាក់សស្រាំ លើ​ការងារ​ដឹក​​ជញ្ជូន​សាធារណៈ ហើយ​ទៅមុខទៀត​ក្រសួង​នឹងដាក់​ឱ្យ​បណ្តា​ខេត្ត​សំខាន់​មួយចំនួន ដូចជា​ខេត្ត​សៀមរាប បាត់ដំបង ព្រះសីហនុ ប៉ោយប៉ែត សាកល្បង​ដូច​ក្រុងភ្នំពេញ​ផងដែរ​។ ជំនួសមុខ​ឱ្យ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​លោក ស៊ុន ចាន់ថុល លោក​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ដល់​មូលនិធិ​ជប៉ុន សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​បាន​ជួយ​រៀបចំ​នូវ​គម្រោង​នេះ៕