ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​សំពីងសំពោង​នៅតែ​មាន​បើកបរ​ទៅមក​នៅ​លើ​ដង​ផ្លូវ​ជា​ហែហូរ

ភ្នំពេញ ​៖​ បើ​ទោះបី​ច្បាប់​ចរាចរណ៍​ បាន​កំណត់ និង​ហាមឃាត់ មិន​ឲ្យ​មានការ​ដឹកជញ្ជូន​ទំនិញ សំពីងសំពោង លើស​ទម្ងន់​កំណត់​បើកបរ​នៅ​លើ​ដង​ផ្លូវ ផ្ទុយទៅវិញ ករណីនេះ នៅតែ​ឃើញ​មាន​រថយន្ត​ទាំង​អស់​នោះ បើកបរ​ទៅមក​នៅ​លើ​ដង​ផ្លូវ​ជា​ហែហូរ។

ការ​ដឹក​ទំនិញ​សំពីងសំពោង​បែបនេះ នាំ​ឲ្យ​បាត់បង់ របៀបរាបរយ សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ជាង​នេះ​ទៅ​ទៀត វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ដល់​ប្រជាពលរដ្ឋ ឬ អ្នកដំណើរ​នៅ​លើ​ដង​ផ្លូវ​ជាយថាហេតុ​ផង​ដែរ។

ជាក់ស្តែង​រថយន្ត​កូរ៉េ ១​គ្រឿង ដឹកទំនិញ​សំពីងសំពោង​ខ្ពស់​ហួស​ទ្រុង​រថយន្ត​ប្រហែល ២​ម៉ែត្រ និង​លយ​មក​ខាងក្រោយ​រថយន្ត​ប្រហែល​ជាង ២​ម៉ែត្រ បើកបរ​តាម​បណ្តោយ​ផ្លូវ​ចោមចៅ ( អតីត ផ្លូវ វេ​ង​ស្រេង ) ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ត្រូវបាន​ភ្នាក់ងារ​កាសែត​កម្ពុ​ជាថ្មី​យើង​ថត​បាន កាលពី​រសៀល​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

មតិ​មហាជន​បាន​លើក​ជា​សំនួរ​សួរ​ថា ចាត់​ពី​ស្ពានដែក​ស្ទឹងមានជ័យ រហូត​ទៅដល់​ដល់​រង្វង់​មូល​ចោមចៅ គឺ​មាន​គោលដៅ​ប៉ូលិស​ចរាចរ​ឈរជើង ចំនួន ២​ទីតាំង​ដែរ ចុះ​ហេតុអ្វី ??? បាន​ជាមាន​រថយន្ត កូរ៉េ ដឹកទំនិញ​សំពីងសំពោង​ខ្ពស់​ហួស​ទ្រង់ បើកបរ​នៅ​លើ​ដងផ្លូវ​បាន​យ៉ាង​រ​លូន​បែបនេះ ??? តើ​ប៉ូ​លិស​ចរាចរណ៍​មិនបាន​ត្រួតពិនិត្យ​ទេ​ឬ ?។

ដោយសារ​ខ្លាច​មាន​ហេតុ​ការណ៍​អាក្រក់​កើតឡើង ពលរដ្ឋ សូម​សំណូមពរ​ទៅដល់​អាជ្ញាធរ មាន​សមត្ថកិច្ច ជាពិសេស​ប៉ូលិស​ចរាចរណ៍​ផ្ទាល់​តែម្តង គួរ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មាន​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​ខ្ពស់​ហួស​ទ្រង់​បែបនេះ បើកបរ​នៅ​លើ​ដង​ផ្លូវ​បន្ត​ទៀត ចៀស វាង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ដល់​ប្រជាពលរដ្ឋ ឬ អ្នកដំណើរ​នៅ​លើ​ដង​ផ្លូវ​ជាយថាហេតុ​ណាមួយ៕