ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​អះអាង​ថា ​គ្រូបង្រៀន​ល្អ​គឺជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​អប់រំ

ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាងថា ​គ្រូបង្រៀន​ល្អ​គឺជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​អប់រំ​និង​ឆ្លើយតប​ទៅនឹង​សម័យថ្មី​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០(​បួន​ចុច​សូន្យ​)​ដែល​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​អ៊ិន​ធើ​ណេ​ត។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សន្និសីទ CamTESOL ប្រចាំឆ្នាំ លើក​ទី ១៥ កាលពី​ថ្ងៃទី​១៨ ​ខែកុម្ភៈ ​ដែល​រៀបចំ​ដោយ ស្ថាប័ន​អប់រំ អាយ ឌី ភី លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្តថា “​គ្រូបង្រៀន និង​ការអប់រំ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សម័យថ្មី​នៃ​បដិវត្តន៍​ឧស្សាហកម្ម ហើយ​យើង​ត្រូវតែ​គិត​អំពី​វិធីសាស្ដ្រ​បង្រៀន​ភាសា​អង់គ្លេស​។ នៅក្នុង​សារ​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ទាំងអស់គ្នា​ម្តងទៀត​ដែល​បាន​ចែករំលែក​គំនិត និង​ចែករំលែក​ជាមួយ​គ្រូបង្រៀន​កម្ពុជា​អំពី​របៀប​បង្រៀន​ភាសា​អង់គ្លេស​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​សន្និសីទ CamTESOL។ ខ្ញុំ​ចង់​អរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់​នៅក្នុង​បន្ទប់​នេះ ហើយ​អរគុណ​ចំពោះ​ការរួមចំណែក​របស់​ពួកគាត់​”។

ចំណែក​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស អាយ ឌី ភី និង អេ​ស៊ី​អ៊ី បាន​លើកឡើងថា​ សន្និសីទ CamTESOL បាន​ពង្រឹង​ទំនាក់ទំនង​រវាង​សហគមន៍ ELT នៅ​អាស៊ីអាគ្នេយ៍​និង​អន្តរជាតិ ហើយ​ទទួលបាន​ការគាំទ្រ​ពី​ស្ថាប័ន​អប់រំ ដែល​ល្បីល្បាញ​ជា​សកល​ ហើយ​សម្រាប់​សន្និសីទ CamTESOL ប្រចាំឆ្នាំ​លើក​ទី ១៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៧-៩ ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដែល​លោក​បាន​លើកទឹកចិត្ត​ដល់​អ្នកឯកទេស ELT ឱ្យ​ដាក់​ឯកសារ​សង្ខេប​ក្រោម​ប្រធានបទ ELT សតវត្ស​ទី ២១: វិធីសាស្ត្រ​សម្រាប់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព។

លោក​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការគាំទ្រ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ស្ថានទូត ស្ថាប័ន​និង​អ្នកជំនាញ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​(ELT) នៅក្នុង​ប្រទេស​កម្ពុជា តំបន់​អាស៊ីអាគ្នេយ៍​និង​អន្តរជាតិ​ក៏ដូចជា​វាគ្មិន និង​អ្នក​ឧបត្ថម្ភ​សម្រាប់​ការចូលរួម និង​សូម​អរគុណ​ដល់​អ្នកស្ម័គ្រចិត្ត​ជាង ៣00 នាក់​នៅ​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ការលះបង់​ពេលវេលា និង​ការខិតខំ ដែល​ធ្វើឱ្យ​សន្និសីទ​នេះ​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​។

នៅក្នុង​ឱកាស​បើក​សន្និសីទ​ជា​ផ្លូវការ​នេះដែរ លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់​គ្លេ ស ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​ ៖ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​មនុស្ស​ជាច្រើន​ចង់​ចូលរួម​នៅក្នុង​ព្រឹត្តិការ ណ៍​មួយ​នេះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ បង្កើន​ទំនាក់ទំនង​និង​ឱកាស​អភិវឌ្ឍ​វិជ្ជាជីវៈ​ផ្សេងទៀត​ដែល​អាច​រកបាន​នៅ​សន្និសីទ នៅ​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ​។ វា​ក៏​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ការសិក្សា​វប្បធម៌​ចម្រុះ​ជាមួយ​គ្រូបង្រៀន​កម្ពុជា ១,000 នាក់ មកពី​គ្រប់ទិសទី​ទូទាំងប្រទេស​និង​មានឱកាស​ជួប និង​ចែករំលែក​បទពិសោធន៍​។​

លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា​« ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដោយមាន​វត្ត​មាននៅ​ទីនេះ​ចុង​សប្តាហ៍​នេះ​និង​ស្វាគមន៍​ប្រតិភូ ១៧០០ នាក់​មកពី ៣៤ ប្រទេស​។ កម្រិត​នៃ​ការចូលរួម​និង​ការរីកចម្រើន​របស់ CamTESOL ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុង​ក្រោយនេះ​គឺជា​ការបង្ហាញ​ពី​តម្លៃ​នៃ​គ្រូបង្រៀន​ក្នុង​វិស័យ​អប់រំ​ដែល​ចង់បាន​ឱកាស​បន្ត​ការសិក្សា​។ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើនឡើងៗ កំពុងតែ​ជ្រើស​រើសយក​ការវិនិយោគ​លើ​ជំនាញ ELT សម្រាប់​កូនៗ​របស់​ពួកគេ ហើយ​វា​មិន​ពិបាក​ក្នុងការ​យល់ថា​មកពី​ហេតុអ្វី​នោះទេ​។ មាន​រដ្ឋ​អធិបតេយ្យ​ចំនួន ៥៥ និង​រដ្ឋ​មិន​អធិបតេយ្យ​ចំនួន ២៧ ដែលមាន​ភាសា​អង់គ្លេស​ជា​ភាសាផ្លូវការ ដោយសារ​ភាសា​អង់គ្លេស​ជា​ភាសា​ពិភពលោក​»​។​

នៅក្នុង​ឱកាស​សន្និសីទ​នេះដែរ មាន​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ពេញអង្គ​រួមមាន លោក Anne Burns ជា​សាស្ត្រាចារ្យ​ផ្នែក​បង្រៀន​ភាសា​នៅ​សាកលវិទ្យាល័យ New South Wales ប្រទេស​អូស្ត្រាលី លោក Joe McVeigh ទីប្រឹក្សា​អប់រំ​និង​ជា​គ្រូ​បណ្ដុះបណ្ដាល នៅ Middlebury, Vermont, សហរដ្ឋអាមេរិក និង វាគ្មិន​ជាច្រើន​ទៀត​។​

ជាមួយគ្នានេះដែរ​ក៏មាន​ការតាំង​បង្ហាញ​សំភារៈ សេវាកម្ម​ទាក់ទង​នឹង​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) ពី​ស្ថាប័ន សមាគមន៍​ផ្សេងៗ ដែលមាន​ស្តង់​ចំនួន​៣៣ ហើយ​សន្និសីទ​ដ៏​ធំ​នេះ​បានរួម​បញ្ចូល​នូវ​ការធ្វើ​បទ​បង្ហា ញ​ចំនួន​ជាង ៤០០ ដោយ​អ្នកជំនាញ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) ដែលមាន​ប្រធានបទ ២៩ ផ្សេងៗ​គ្នា​។​

រយៈពេល ១៥ ឆ្នាំ​បន្ទាប់ពី​ការបង្កើត​សន្និសីទ CamTESOL​នេះ​ស្ថាប័ន​អប់រំ អាយ ឌី ភី (IDP Education) បន្ត​ទទួលស្គាល់ និង​សម្តែង​ការ​សាទរ​ចំពោះ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់ ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថានទូត​អូស្ត្រាលី ស្ថានទូត​អាមេរិក ស្ថានទូត​អង់គ្លេស និង​ស្ថាប័ន​នានា​ជាច្រើន ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​នៅក្នុង​ប្រទេស​កម្ពុជា តំបន់​អាស៊ីអាគ្នេយ៍ និង​អន្តរជាតិ​ទាំងមូល​។ ការគាំទ្រ​ជា​បន្តបន្ទាប់​នេះ​បានរួម​ចំណែក​យ៉ាង​ធំធេង​នៅក្នុង​ការរីកចម្រើន​លូតលាស់​ជា​បន្ត និង​ភាពល្បីល្បាញ​របស់​សន្និសីទ​នេះ ក៏ដូចជា​បានរួម​ចំណែក​ទៅក្នុង​ការបង្រៀន​និង​ការរៀន​ភាសា​អង់គ្លេស​ផងដែរ​។​

សន្និសីទ CamTESOL ប្រចាំឆ្នាំ លើក​ទី ១៥​ផ្ដោតលើ​ប្រធានបទ “​គ្រូបង្រៀន​ជា​អ្នកសិក្សា​”​បានរៀបចំ​ដោយ ស្ថាប័ន​អប់រំ អាយ ឌី ភី ដែលជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក​ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស និង​សេវាកម្ម​អប់រំ​អន្តរជាតិ បានទទួល​ស្វាគមន៍​អ្នកចូលរួម​ប្រមាណ ១៧០០ នាក់ មកពី​ជាង ៣០ ប្រទេស​ជុំវិញ​ពិភពលោក ដែល​ច្រើនជាង ៧០% នៃ​អ្នកចូលរួម​មកពី​តំបន់​អាស៊ីអាគ្នេយ៍​។

ជា​រៀងរាល់ឆ្នាំ សន្និសីទ CamTESOL បាន​ប្រមូលផ្ដុំ​គ្រួ​បង្រៀន​ភាសា​អង់គ្លេស និង​គ្រូឧទ្ទេស អ្នកស្រាវជ្រាវ​ក្នុង​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) និង​ភាសាវិទ្យា បុគ្គលិក​រដ្ឋបាល​រប​ស់​សាលារៀន សាកលវិទ្យាល័យ​ដែល​បណ្តុះបណ្តាល​ផ្នែក​ភាសា​អង់គ្លេស អ្នកតំណាង​មកពី​ក្រសួង​អប់រំ យុវជន​និង​កី​ទ្បា និង​អ្នក​អប់រំ​ភាសា​អង់គ្លេស​កម្រិត​អន្តរជាតិ ដែលមាន​បំណង​បង្កើត​និង​ពង្រឹង​នូវ​ទំនាក់ទំនង​ក្នុង​វិស័យ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស (ELT) នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114