ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ផ្តល់​អាហារូបត្ថម្ភ​ក្នុងអំឡុងពេល​១០០០​ថ្ងៃ​ដំបូង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​ពេញ​មួយ​ជីវិត​របស់​ទារក​និង​កុមារ

ភ្នំពេញ ​៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​ការផ្តល់​អាហារូបត្ថម្ភ ក្នុងអំឡុងពេល​១០០០​ថ្ងៃ​ដំបូង មាន​សារៈសំខាន់​ណាស់​ដែល​ជួយ​ឲ្យ​ទារក​និង​កុមារ​មាន​សុខភាព​ល្អប្រសើរ​និង​លូតលាស់​ពេញ​មួយជីវិត។

ថ្លែង​នៅក្នុង​ទិវា​ជាតិ​លើក​ទី​៨ ស្ដីពី​សុខភាព​មាតា ទារក និង​កុមារ​ក្រោម​ប្រធានបទ «​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ ក្នុងអំឡុងពេល ១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត​»​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ លោកស្រី​សាស្ដ្រាចារ្យ ទុង រដ្ឋា​វី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​បាន​ឲ្យ​ដឹង​ថា​ ការ​ជ្រើសរើស​យក​ប្រធានបទ​«​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ ក្នុងអំឡុងពេល​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត​»​គឺ​ដោយសារតែ​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ផ្ដោត​សំខាន់​ទៅលើ​ការថែទាំ​សុខភាព ស្ដ្រី មាតា និង​ទារក​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ស្ត្រី​ដែល មាតា ទារក និង​កុមារ​ទទួលបាន​សេវា​ថែទាំ​សុខភាព​និង​ព្យាបាល ស្មើៗ​គ្នា ប្រកបដោយ​សមធម៌ និង​គុណភាព​ទាំង​អស់គ្នា ទាំង​អ្នកមាន​លទ្ធភាព និង​អត់​លទ្ធភាព​ឬ ក្រីក្រ​នោះ​ទេ​ពិសេស​ស្ដ្រី​ក្រីក្រ​មិន​ត្រឹមតែ​ទទួលបាន​យក​ចិ​ត្ដ​ទុកដាក់​បំផុត​ពី រាជរដ្ឋាភិបាល​ក្នុងការ​ពិនិត្យ​ព្យាបាល ដោយ​ឥតគិតថ្លៃ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ទទួលបាន​ថវិកា​ទៀតផង​ទាំង​ពេល​កំពុង​ពពោះ និង​សម្រាលកូន​រួច តាមរយៈ​ការប្រើប្រាស់​នូវ​មូលនិធិ​សមធម៌ របស់​រាជរដ្ឋាភិបាល។

លោកស្រី​សាស្ដ្រាចារ្យ ទុង រដ្ឋា​វី បាន​ពន្យល់​ឲ្យ​ដឹង​ទៀត​ថា ​ពាក្យ​ថា​១០០០​ថ្ងៃ​ដំបូង​នេះ គឺជា​កំឡុង​ពេល​ស្ត្រី​ចាប់ផ្ដើម​មាន​ផ្ទៃពោះ រហូត​ទៅដល់​ពេល​កុមារ​មាន​អាយុ​ពីរ​ឆ្នាំ។ រយៈពេល​នេះ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការរស់រាន​របស់​កុមារ និង​លើស​ពីនេះ​ទៀត សម្រាប់​ការលូតលាស់​ពេញ​មួយ​ជីវិត​របស់​ពួកគេ​តែម្ដង។

លោកស្រី​សាស្ដ្រាចារ្យ​បាន​បន្ដថា «​នៅពេល​កុមារ មិន​បានទទួល​អាហារូបត្ថម្ភ​គ្រប់គ្រាន់ នៅក្នុង​អំឡុងពេល ១០០០​ថ្ងៃនេះ វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន និង​ពិបាក​កែប្រែ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​បាន ដែល​ក្នុងនោះ​អាច​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​ញឹកញាប់ ក្រិស​ក្រិន ពន្យារ​ការលូតលាស់ និង​អាច​បាត់​បង់ជីវិត​ទៀតផង​។ ដូច្នេះ​យើង​ត្រូវ​ពិនិត្យ និង​ថែទាំ​សុខភាព មុន អំឡុងពេល​មាន និង​ក្រោយ​សម្រាលកូន រហូតដល់​ពេល​កូន មាន​អាយុ​២​ឆ្នាំ ជាការ​ចាំបាច់​បំផុត​» ។​
​លោកស្រី​សាស្ដ្រាចារ្យ បានបញ្ជាក់​ទៀតថា តាម​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ព​ន្លឿ​ន ការកែលម្អ​អាហារូបត្ថម្ភ (២០១៤-២០២០) អនុវត្ដ​វិធីសាស្ដ្រ​ដោយ​ផ្ដោតទៅលើ​អន្ដរាគមន៍​ពេញ​មួយជីវិត​គឺ​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល យូរអង្វែង ក្នុងឱកាស​មាស ១០០០​ថ្ងៃ​ដោយ​ផ្ដោតទៅលើ លទ្ធផល មាតា និង​ទារក ទើបនឹង​កើត និង​អាហារូបត្ថម្ភ​សម្រាប់​ទារក និង​កុមារ ដោយ​ក្នុងនោះ​មាន​ចំណុច​ដូចជា ការ​ទ្រទ្រង់ និង​ការលើកកម្ពស់ ការផ្ដល់​មីក្រូ​សារជាតិ​បន្ថែម និង​ការផ្ដល់​គ្រាប់​ថ្នាំ​ទម្លាក់​ព្រូន​។ ការលើកកម្ពស់ អាហារូបត្ថម្ភ ក្នុងការ​ពិនិត្យ ផ្ទៃពោះ​មុនពេល​សម្រាល និង​ការផ្ដល់​ប្រឹក្សា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

ពង្រីក​ការគ្រប់គ្រង និង​សេវា​ថែទាំ​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ស្រួចស្រាវ នៅ​ទូទាំងប្រទេស​បង្កើន​ការចែក​ចាយ​ម្សៅ​មីក្រូ​សារជាតិ​ចម្រុះ ថ្នាំ​ជីវជាតិ​អា និង​ការផ្ដល់​ជាតិ​ស័ង្កសី​បន្ថែម ចំពោះ​កុមារ ធ្វើ​ឲ្យ​ប្រសើរ ឡើង និង​ព​ន្លឿ​ន​យុទ្ធនាការ​ជាតិ ស្ដីពី​ការ​បំបៅកូន​ដោយ ទឹកដោះ​ម្ដាយ និង​យុទ្ធនា​ការផ្ដល់​អាហារ​ចម្រុះ​បំប៉នបន្ថែម ។​

លោក​សាស្ដ្រាចារ្យ អេង ហួត ក៏បាន​អាន​សារលិខិត របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដែល​បាន​ផ្ញើជូន​ដល់​បងប្អូន​ជនរួមជាតិ ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ដែល​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​ផងដែរ​។​

នៅក្នុង​សារលិខិត​នោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល​អ្នកផ្តល់​សេវា​ទាំងអស់​ចូលរួម​គាំទ្រ​អនុវត្ត​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​កាត់បន្ថយ​អត្រា​ការស្លាប់​របស់​មាតា ការស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ ការស្លាប់​របស់​ទារក​ទើបនឹង​កើត និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​តាម​ការកំណត់​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​ខាងមុខនេះ​៕
​