ព័ត៍មានទាន់​ហេតុការណ៏
Search

វិធី​ការពារ និង​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ដែល​បណ្តាលមកពី​ឆ្កែ​ខាំ

ភ្នំពេញ ​៖ ​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ គឺជា​ជំងឺ​រលាក​ខួរក្បាល​និង​ខួរឆ្អឹងខ្នង ដែល​បណ្តាលមកពី​វីរុស​ឈ្មោះ Lyssavirus (​នៅក្នុង​ក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ ហើយ​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​១០០% នៅ​ពេលចេញ​រោគសញ្ញា​។

​លោក​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បង្ហាញ​ថា ​ដោយ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ឆ្នាំ​២០១៧ នៅ​លើ​ពិភពលោក​ជំងឺ​ឆ្កែឆ្កួត ដែល​បណ្តាល​មក​ពី​ឆ្កែ​ខាំ ស្លាប់​ប្រហែល ៥៩០០០​នាក់​ក្នុង​មួយឆ្នាំ ជាពិសេស​នៅក្នុង​តំបន់​អាស៊ី​និង​អាហ្វ្រិក​។

មូលហេតុ​និង​ការចម្លងៈ​


– ការចម្លង​វីរុស​ជំងឺ​ឆ្កែឆ្កួត​ពី​សត្វ​មក​មនុស្ស ដោយសារ​ការ​ខាំ​ ឬ​ ខ្វាច​ ឬ​ លិឌ​លើ​របួស​ដែល​៩៩%​តាមរយៈ​សត្វ​ឆ្កែ​ដែល​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត
-ការ​ចម្លង​វីរុស​ជំងឺ​ឆ្កែឆ្កួត​ពី​មនុស្ស​មក​មនុស្ស​ គឺ​ជា​ករណី​មួយ​កម្រ​មាន តែ​អាច​ឆ្លង​ពី​ម្តា​យមក​កូន​នៅ ពេល​មាន​ផ្ទៃពោះ​។

រោគសញ្ញា​និង​ការ​បង្ក​រោគ ចាប់ពី​ពេល​ឆ្កែ​ខាំ​រហូតដល់​ពេល​ចេញ​រោគសញ្ញា មានការ​ប្រែប្រួល​ពី​៧​ថ្ងៃ​រហូតដល់​លើស​ពី​១​ឆ្នាំ​។ ​តែ​ជា​មធ្យម​ប្រហែល​ពី​១៥​ថ្ងៃ​ដល់​៦០​ថ្ងៃ​។ ​ចំពោះ​រោគសញ្ញា

– រោគសញ្ញា​ដំបូង មាន​រយៈពេល​ពី​២​ថ្ងៃ​ទៅ​១០​ថ្ងៃ​នឹង​មាន​ការ​ឈឺ​ចុកចាប់​នៅ​កន្លែង​ខាំ​បែប​រមាស់ ក្តៅ ឬ​ស្ពឹក ជួន​មាន​ក្តៅ​ខ្លួន ជួន​អត់​មាន​ក្តៅ​ខ្លួន អត់ឃ្លាន​ចំណីអាហារ ចង្អោរ ក្អួត រាគ ឈឺក្បាល វិលមុខ តប់​ប្រមល់​ក្នុង​ខ្លួន ដេក​មិន​លក់ យល់សប្តិ វង្វេងៗ​ច្រើន។

– រោគសញ្ញា​ដំណាក់កាល​បន្ទាប់មកទៀត គឺជា​ដំណាក់​កាលដែល​រលាក​ខួរក្បាល​និង​ខួរឆ្អឹងខ្នង​ដែល​មាន​រោគសញ្ញា​ដូចជា អ្នកជំងឺ​គ្រប់គ្រង​ខ្លួនឯង​លែង​បាន អ្នកជំងឺ​នៅ​មិន​ស្ងៀម​មាន​ចលនា​រហូត រោគសញ្ញា​ពិសេស​របស់​ជំងឺ​ឆ្កែឆ្កួត​គឺ ខ្លាច​ទឹក​និង​ខ្លាច​ខ្យល់​ចេញ​ទឹកមាត់​ច្រើន​ចេញ​ញើស​ច្រើន ចេញ​នោម​អត់​ដឹងខ្លួន​ពិបាក​លេប​ចំណីអាហារ មាន​ប្រកាច់​រហូតដល់​សន្លប់​។​និង​ការ​ស្លាប់​ជា​មធ្យម​៥ ថ្ងៃ​ក្រោយពី​ចេញ​រោគសញ្ញា​ណាមួយ​ខាង​លើ​នេះ​

ចំពោះ​ការ​ព្យាបាល​ក្រោយពី​ឆ្កែ​ខាំ​
-​ក្រោយពី​ឆ្កែ​ខាំ​ភ្លាម​ត្រូវ​លាង​សំអាត​មុខរបួស​ដោយ​ទឹក​និង​សាប៊ូ​យ៉ាងតិច​បំផុត​ក៏​១៥​នាទី​ដែរ បន្ទាប់មក​លាង​សំអាត​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដូចជា អាល់កុល ឬ​អ៊ីយ៉ូត មិន​ត្រូវ​ដេរ​របួស​ដែល​ឆ្កែ​ខាំ ឬ​ចាក់​វាក់​សាំង​ការពារ​តេតាណូស ព្យាបាល​ដោយ​ថ្នាំ​ផ្សះ (​បើ​ចាំបាច់​)​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​ឆ្កែឆ្កួត (​យក​ល្អ​ត្រូវធ្វើ​ក្នុង​២៤​ម៉ោង​ក្រោយពី ឆ្កែ​ខាំ​ឬ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​យើង​សង្ស័យថា​មាន​ផ្ទុកមេរោគ​ឆ្កែឆ្កួត​)​ឬ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​វេ​ជ្ជេ​បណ្ឌិត​ដែល​នៅ​ជិត​អ្នក​។

​វិធានការ​ការពារ​
-​ការការពារ​ជំងឺ​ឆ្កែឆ្កួត​គឺ​ផ្អែកលើ​ការចាក់​ថ្នាំ​បង្ការ ​ឬ ​ចាក់​វ៉ាក់សាំង​ការពារ​ប្រឆាំង​វីរុស​ឆ្កែ​ឆ្កូត ចំពោះ​សត្វ​ដែល​យើង​ចិញ្ចឹម​(​ឆ្កែ ឆ្មា ជាដើម​)​ឲ្យ​បាន​ទៀងទាត់ ចាក់​វ៉ាក់សាំង​ការពារ​មុន ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​ឆ្កែឆ្កួត​ដូចជា ពេទ្យសត្វ បុគ្គលិក មន្ទីរ​ពិសោធ​ន៍​ឯកទេស អ្នក​រស់​ជាមួយ​សត្វ​ជៀសវាង​កុំ​ឲ្យ ឆ្កែ ឬ ឆ្មា​ខាំ ឬ​លិឌ​លើ​របួស​ឬ​ដំបៅ។

​ចាក់​វ៉ាក់សាំង​ការពារ​ក្រោយពី​ឆ្កែ​ខាំ​
ប្រសិនបើ​លោកអ្នក​មាន​ឆ្កែ​ខាំ ឬ សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើយ​ស៊ីសាច់​ជា​អាហារ​ខាំ សូម​មក​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ឲ្យ​ទាន់ពេល​ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕