ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មភាព​ដំណើរការ​អនុវត្ត​គម្រោង​សាកល្បង​អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ដោយ​ប្រើ​បេតុង​ជ្រាប​ទឹក

សៀមរាប ៖ ជប៉ុន ​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​សាកល្បង អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ដោយ​ប្រើ បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់ Pub Street ហើយ​គម្រោង​នេះ ​នឹង​បញ្ចប់​ទាំងស្រុង​ក្នុង​ខែមិថុនា ឆ្នាំ​២០១៩។

បន្ទាប់ពី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​កន្លងមក ហើយ​ត្រូវ​បាន​បើក​ការដ្ឋាន ​កាលពី​ថ្ងៃទី​១៣​ ខែ​កុម្ភៈ, ក្រុមហ៊ុន​Omura Ceratec Co.,Ltd របស់​ជប៉ុន បាន​ចាប់​ផ្តើម​អនុវត្ត​គម្រោង​សាកល្បង អំពី​បច្ចេកវិទ្យា​ថ្មី សាងសង់​កម្រាល និង ចិញ្ចើម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹក តាម​បណ្ដោយ​ផ្លូវ ២​ធ្នូ ប្រវែង៩៣​ម៉ែត្រ ពី​ចំណុច​ផ្លូវ​ប្រសព្វ Pub Street ដល់​មុខ​ខ្លោងទ្វារ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។​



លោក Hiroya Kon អ្នកគ្រប់គ្រង​ទីផ្សារ ​នៃ​ក្រុមហ៊ុន Omura Ceratec Co.,Ltd បាន​បញ្ជាក់ថា គម្រោង​សាកល្បង​នេះ​មាន គោលបំណង​រួមចំណែក​ការពារ​ទឹកជំនន់ ដក់​លើ​ផ្លូវ និង ចិញ្ចើម​ផ្លូវ​ក្នុង​ទីក្រុង ដោយ​ប្រើ​កម្រាល​ដុំ​បេតុង​ជម្រាប​ទឹក (Permeable Interlocking Block Pavement)​ ជា​បច្ចេកវិទ្យា និង​ស្តង់ដារ​ជប៉ុន។​

តាម​ការបញ្ជាក់​របស់ ​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា នេះ​គឺជា គម្រោង​មួយ​ថ្មី ដែល​យើង​នឹង​សិក្សា​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ការបែងចែក​ទ្រូង​ផ្លូវ ផ្លូវ​ថ្មើរជើង និង ចំណត​យានយន្ត ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ជួយ​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ក្នុង​ទីប្រជុំជន​ទៀត​ផង​។

លោក​បន្ត​ថា ​យើង​បាន​លើក​គម្រោង​នេះ ​កាលពី​ចុង​ឆ្នាំ​២០១៦ ហើយ​នៅ​ខែ​មករា ​ឆ្នាំ​២០១៧ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​JICA បានមក​ទំនាក់ទំនង និង សិក្សា​ពី​ទីតាំង ក្រោម​ការសហការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក្រុង​សៀមរាប និង បានការ​គាំទ្រ​ជំរុញ​បន្ថែម​ពី​ក្រសួង​សាធារណការ ​និង​ដឹក​ដឹកជញ្ជូន ដោយ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ក្នុង​ក្រុង​ដែល​មាន​ទេសចរ​ធ្វើ​ដំណើរ​ថ្មើរជើង​ច្រើន។

គម្រោង​សាកល្បង​នេះ ​ចាប់ផ្ដើម​អនុវត្ត​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩​នេះ។​

មកដល់​ថ្ងៃទី​២០​កុម្ភៈ​នេះ​ គម្រោង​សាកល្បង អំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ដោយ​ប្រើ​បេតុង​ជ្រាប​ទឹក ត្រូវ​បាន​ដំណើរ​ធ្វើ​ការ​ដាក់​ប្រព័ន្ធ​លូ បាន​មក​ដល់​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅតែ​ធ្វើ​ការរៀបចំ​រៀប​ក្រាល​បេតុង​ជ្រាប​ទឹក​នៅ​លើ​ដី​ចិញ្ចើម​ផ្លូវ ដោយ​ក្រុម​អ្នក​បច្ចេកទេស​បាន​យកចិត្តទុកដាក់​ខ្ពស់ ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង​ដែរ៕