ព័ត៍មានទាន់​ហេតុការណ៏
Search

វី​ជេ អា​ឡា​ស្កូ នាំ​យក​អំណោយ​សម្ភារៈ​សិក្សា​សប្បុរសជន​ ចែក​ជូន​ក្មេងៗ​ជិត​២០០​នាក់​ នៅ​សាលា​បឋមសិក្សា​វត្ត​ប​ង្គ័​ជា​ ខេត្ត​ស្វាយរៀង​

​ភ្នំពេញ ​៖ ​តារា​ប្រុស​រូប​សង្ហារ​ វី​ជេ អា​ឡា​ស្កូ កាលពី​ថ្ងៃទី​១៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ បាន​នាំ​យក​សម្ភារៈ​សិក្សា​ចែករំលែក​ក្ដី​ស្រលាញ់​ដល់​សិស្ស​ជិត​២០០​នាក់ ​នៅ​សាលាបឋមសិក្សា​វត្ត​ប​ង្គ័​ជា​ ស្ថិតនៅ​សាលា​បឋមសិក្សា​វត្ត​ប​ង្គ័​ជា ​ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​។​

ការចុះទៅ​ចែក​នេះ​បានបង្ហាញ​ពី​ក្ដី​ស្រលាញ់ ​និង​លើកទឹកចិត្ត​ចំពោះ​សិស្ស​ដែល​នៅ​ជនបទ​ដាច់​ស្រយាល​។​

ចំពោះ​សម្ភារៈ​ដែល​នាំទៅ​ចែកជូន​សិស្ស​រួម​មាន ​៖ សៀវភៅ ប៊ិច ខ្មៅ​ដៃ តុ​ក្ដារ ថ្នាំ​ដុសធ្មេញ​ និង​ថវិកា​មួយ​ចំនួន​ ខណៈ​ដែល​សិស្ស​បានបង្ហាញ​ការសប្បាយ​រីករាយ ​ក្រោយពេល​ទទួល​បាន​អំណោយ​ជា​សម្ភារៈ​សិក្សា ​និង​ក្ដី​ស្រលាញ់​ពី​ តារា​ប្រុស វី​ជេ អា​ឡា​ស្កូ​។ មិនតែប៉ុណ្ណោះ​ សិស្ស​ក៏​ទទួល​បាន​នូវ​ការលើកទឹកចិត្ត​ដ៏​ល្អៗ​ ពី​តារា​ប្រុស​វី​ជេ អា​ឡា​ស្កូ ផងដែរ​។​

វី​ជេ អា​ឡា​ស្កូ នៅក្នុង​ឱកាស​នោះដែរ​ ក្រៅតែពី​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក៏បាន​លើកទឹកចិត្ត​ និង​មានការ​សំណេះសំណាល​ដោយ​លើកឡើងថា នេះ​គឺជា​ទឹកចិត្ត​របស់ខ្ញុំ​ក្នុងការ​អំពាវនាវ​ប្រកា​ស​ស្វែងរក​នូវ​សម្ភារៈ​សិក្សា ​និង​ថវិកា​មួយចំនួន​ ដើម្បី​ចូលរួម​ចែករំលែក​ក្ដី​ស្រលាញ់​ ដល់​សិស្ស ជិត​២០០​នាក់​ នៅ​តំបន់​ដាច់ស្រយាល​។​

តារា​ប្រុស​វី​ជេ អា​ឡា​ស្កូ បាន​បន្តថា ​ក្នុងនាម​ជា​អ្នកសិល្បៈ ត្រូវតែ​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ ​ដើម្បី​ជួយ​ក្មេង​នៅក្នុង​សហគមន៍ នេះ​មិនមែនជា​លើក​ទី​មួយ​ទេ​សម្រាប់​ខ្ញុំ​ដែល​បាន​ជួយ​ដល់​ក្មេងៗ​សិស្សសាលា ​ឬ​ចាស់ជរា​ជាដើម​។​

ជាមួយគ្នានេះដែរ ​នាយក​សាលាបឋមសិក្សា​វត្ត​ប​ង្គ័​ជា​ ក៏បាន​បង្ហាញ​ពី​ទឹកចិត្ត​រំភើប​ និង​អរគុណ​ដែល​បានទទួល​នូវ​ការស្រលាញ់​ចូលរួម​រំលែក​សម្ភារៈ​សិក្សា​ដល់​ប្អូនៗ​ជា​សិស្ស​ជិត​២០០​នាក់​ នៅ​សាលា​បឋមសិក្សា​វត្ត​ប​ង្គ័​ជា​។

សូមបញ្ជាក់ថា ​តារា​ប្រុស​វី​ជេ អា​ឡា​ស្កូ កន្លងមក​ ធ្លាប់​បង្ហាញ​ការងារ​មនុស្សធម៌​តាមរយៈ​សកម្មភាព​ដូចជា​ ៖ ជួយ​ដល់​ក្មេងៗ​សិស្សសាលា​នៅតាម​សហគមន៍ ចាស់ជរា និង ប្រជាពលរដ្ឋ​ខ្វះខាត​ជាដើម​។ ម្យ៉ាង​ទៀត​ លោក​បាន​សន្យាថា​ នឹង​បន្ត​សកម្មភាព​នេះ​ជា​បន្ត​ទៀត​នៅពេល​ខាងមុខ​៕