ព័ត៍មានទាន់​ហេតុការណ៏
Search

ផឹក​ស៊ី​ស្រវឹង ​រួច​ដើរ​ទៅ​រក​ត្រី ​សង្ស័យ​ខ្យល់គរ ដួល​ឈ្លក់​ទឹក​ស្លាប់

ភ្នំពេញ ​៖ ​សាក​សព​បុរស​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​ផ្កាប់មុខ​ក្នុង​ទឹក​ត្រពាំង សង្ស័យ​ផឹក​ស្រា​ស្រវឹង​ហើយ​ខ្យល់គរ ដួល​ផ្កាប់មុខ​ឈ្លក់​ទឹក​ស្លាប់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​គោ​ទៅ​ចង​ប្រទះឃើញ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​មាត់​ត្រពាំង​ទឹក ក្នុង​ភូមិ​តា​ជេ​ត​ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ ឈ្មោះ យ៉ែម រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ ដើរ​រក​ត្រី ជា​បុរស​ពោះម៉ាយ ប្រពន្ធ​២​លែងលះ​គ្នា​អស់ហើយ ប្រពន្ធ​ទី​១ មានកូន​២​នាក់ ប្រុស​១​នាក់ ស្រី​១​នាក់ ប្រពន្ធ​ទី​២ មាន​កូន​ស្រី​ម្នាក់ ហើយ​បាន​លែង​គ្នា​ជិត​២​ឆ្នាំ​មក​ហើយ ស្នាក់នៅ​ផ្ទះ​ជួល ក្នុងភូមិ​បឹង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​រមាស​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ស្ត្រី​ ឈ្មោះ ម៉ូ​វ កំសត់ អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​ត្មាត​ពង ជាប់​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ប្រទះឃើញ​សាកសព គាត់​ដឹក​គោ​មក​ចង​នៅ​មាត់​ត្រពាំង ចំណុច​ខាងលើ ស្រាប់​តែ​ប្រទះឃើញ​សាកសព​តែម្ដង ទើប​រត់​ទៅ​ប្រាប់​អ្នកភូមិ ផ្អើលឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះមក​ពិនិត្យមើល​តែម្តង។​

តាម​សាច់ញាតិ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដើរ​រក​ត្រី​រាល់ថ្ងៃ យប់ ដើម្បី​ចិញ្ចឹមជីវិត ក្រោយពី​លែង​លះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​មុន​កើតហេតុ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​កុម្ភៈ ជនរងគ្រោះ​ជុំគ្នា​ជាមួយ​អ្នកភូមិ ផឹកស៊ី ហើយ​ចែកផ្លូវ​គ្នា​រៀងៗ​ខ្លួន ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​២០​កុម្ភៈ​នេះ ​បែរជា​ស្លាប់​ដោយសារ​ដួល​ឈ្លក់​ទឹក​ទៅវិញ។

សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​កោសល្យវិច័យ​រួច​ឃើញ​ថា ក្រោយពី​ស្រវឹង​ស្រា ដើរ​រក​ត្រី មាន​កាន់​ដាវ​មួយ​ដើម ពាក់​ភ្លើង​ពិល នៅ​លើ​ក្បាល លុះ​ពេល​ដួល​ផ្កាប់មុខ​ចូល​ទឹក ងើប​មិន​រួច ទើប​បណ្តាល​ឲ្យ​ឈ្លក់​ស្លាប់​តែម្តង ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ហើយ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់​ចែង​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕