ព័ត៍មានទាន់​ហេតុការណ៏
Search

ជនរងគ្រោះ​៤​នាក់​ ត្រូវ​ក្រុម​ស្ទាវ​ជាង​១០​នាក់​ ស្ទាក់​វាយ​ប្លន់​ តែ​ចាប់​បាន​២​នាក់ ​ដកហូត​បាន​ម៉ូតូ​វិញ​

ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់ ​ក្នុងចំណោម​បក្ខពួក​ជាង​១០​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣​សហការ​ជាមួយ​ជនរងគ្រោះ​ដេញចាប់បាន​ភ្លាម បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​៤​នាក់​ ដែល​ជិះ​ម៉ូតូឌុប​គ្នា​ទៅលេង​ផ្ទះ​នៅ​ឯ​ខេត្ត​កំពត តែ​ក្រោយពី​ធ្វើ​សកម្មភាព ​រួច​ជនរងគ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​ភ្លាមៗ ​ទើប​តាម​ចាប់ខ្លួន​បាន​ពីរ​នាក់​យក​ម៉ូតូ​ បានមក​វិញ កាលពី​វេលា​ម៉ោង​២និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ ​សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

បើ​យោងតាម​សម្ដី​ជនរងគ្រោះ​បាន​ប្រាប់ថា មុនពេល​កើតហេតុ ពួកគេ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បានធ្វើ​ដំណើរ​តាំងពី​ស្ពាន​ព្រែកតាមាក់​ ឆ្ពោះ​ទៅលេង​ស្រុកកំណើត​ នៅ​ខេត្ត​កំពក ខណៈ​កំពុង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​មកដល់​ត្រង់​ចំណុច​រង្វង់​មូល​ចោមចៅ ​ជា​ចំណុច​កើត​ហេតុ ក៏មាន​ក្មេងស្ទាវ​មួយក្រុម​ជាង​១០​នាក់ បាន​ជិះ​ម៉ូតូ​៤​គ្រឿង តាម​មកពី​ក្រោយ ហើយ​បាន​ធ្វើ​សកម្មភាព​វាយ​យុវជន​២​នាក់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ​និង​ស្រាល និង​បម្រុង​ប្លន់​យក​ម៉ូតូ​ តែ​ត្រូវ​ជន​រង​គ្រោះ​បាន​ដក​សោ​ម៉ូតូ​ចេញ​ និង​គេចខ្លួនបាត់ ចំណែក​ឯ​នារី​២​នាក់ ​ត្រូវជា​បងស្រី​ជនរងគ្រោះ​ឃើញ​ដូចនេះ ​ក៏បាន​ទាក់ទង​ទៅខាង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣ និង​បាន​ធ្វើការ​ឡោមព័ទ្ធ​ស្ទាក់​ចាប់​បាន​២​នាក់ រួមទាំង​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ស៊ុ​គី​ឡេ​ត​១​គ្រឿង ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព។​

ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួចហើយ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ និង​ជនរង​គ្រោះ​មកកាន់​ប៉ុស្ដិ៍​នគរបាល​ចោមចៅ​៣ ដើម្បី​ធ្វើការ​សាកសួរ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​​ចាត់ការ​តាម​នីតិវិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114